ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើងរាប់សិបនាក់ បានដេញវាយ គ្នាដូចគោហ្វូងនៅលើសួនច្បារលោក ស ខេង ខាងមុខភូមិគ្រឹះលោកអភិបាលខេត្ត ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីវេលា ម៉ោង១១និង១៥នាទីយប់ថ្ងៃទី៨ កញ្ញា ២០១២ ហើយត្រូវកម្លាំងបង្កាបង្ក្រាបរបស់ស្នងការ ខេត្តស្ទាក់ក្របួចជាប់បានចំនួន២៥នាក់ និងជាច្រើននាក់ទៀតបានរត់រួច តែមាន២នាក់ត្រូវពួកគេអះអាងថា លោតចូលទឹកស្ទឹងសង្កែ ។

លោកអនុសេនីយ៍ឯកគឹម ពន្លក ដែលដឹកនាំកិច្ចប្រតិបត្តិការនេះនិយាយថា ហេតុការណ៍នេះបាន កើតឡើងក្នុងគ្រាដែល ក្រុមសមត្ថកិច្ចកំពុងចេញល្បាតតាមដងផ្លូវនានាក្នុងក្រុង ។ ក្រុមនេះបានដេញ វាយគ្នារត់កាត់ពីមុខរថយន្តរបស់លោកដូចគោហ្វូង ទើបបង្ក្រាបបានភ្លាមៗ ។ លោកប្រាប់ថា ពួកគេមាន២ក្រុមដែលខ្លះប្រើស្នាប់ដៃ និងខ្លះមានប្រើដាវផង តែពេលត្រូវសមត្ថកិច្ចដេញចាប់ពួកគេបានបោះចោលទៅក្នុងព្រៃមាត់ស្ទឹងអស់ ។ លោកបន្តថា មានភាគីអ្នកចាញ់២នាក់បានរត់លោតចូលទឹកស្ទឹង ព្រោះទាល់ច្រកពេលសត្រូវដេញពីក្រោយ ឯមួយចំនួនទៀតរត់រួចត្រូវកម្លាំងរបស់លោកចាប់បានដែល សរុបទាំង២ភាគីមានចំនួន២៥នាក់ភាគច្រើនមានអាយុក្រោម២០ឆ្នាំ ។

ភាគីដែលចាញ់ប្រាប់ថា ពួកគេមានគ្នា១១នាក់ មកពីឃុំអូរដំបង១ ស្រុកសង្កែ ។ ពួកគេថា ភាគីម្ខាងទៀតមានបក្សពួកប្រហែល ៣០នាក់ បានមកឡោមព័ទ្ធវាយពួកខ្លួន ក្នុងគ្រាដែលពួកខ្លួនកំពុងលាតវង់ផឹកស៊ីលើសួនច្បារ ។ ក្រុមនេះបន្តថា គ្រានោះពួកវាបានស្រែកថា «ពួកអ្ហែងព័ទ្ធវាឱ្យជាប់ ហើយវាយវាទៅ?» ដោយឃើញពួកគេមានស្នាប់ដៃ និងដាវសាម៉ូរ៉ៃផងពួកខ្លួនក៏ងើបរត់ចោលដបស្រាតែម្តង ។ ពួកគេអះអាងថា ពួកខ្លួនម្នាក់ត្រូវគប់ចំជើង និង២នាក់ទៀតបានរត់លោតចូលទឹកស្ទឹងបាត់ស្រមោល ព្រោះភ័យពេក ពេលពួកវាដេញពីក្រោយ ព្រមទាំងរត់ចោលកង់មួយគ្រឿងផងដែរ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]