ថៃ៖ ជាទិដ្ឋភាពមួយដ៏គួរឲ្យរន្ធត់ និងគួរឲ្យអាណិត សម្រាប់ឆ្កែមួយក្បាល ដែលត្រូវបានពស់ថ្លាន់ដ៏ធំមួយ លេបចូលក្នុងពោះ រហូតដល់ដាច់ដង្ហើមងាប់ ខណៈម្ចាស់វិញ ធ្វើអ្វីពុំបាន បានត្រឹមឈរមើលពស់លេបឆ្កែរបស់ខ្លួន ទាំងសោកស្តោយ។

បើតាមប្រភពបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងខេត្ត Pathum Thani ប្រទេសថៃ ដែលម្ចាស់ឆ្កែមានឈ្មោះ Klomphan Khiewwan មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលប្រទះឃើញឆ្កែរបស់ខ្លួន ត្រូវក្លាយជាចំណីរបស់ពស់ថ្លាន់បែបនេះ ខណៈដែលរូបនាងត្រឹមតែហ៊ានឈរមើលពីចម្ងាយប៉ុណ្ណោះ ដោយពុំអាចជួយអ្វីបាន។ 

ប្រភពបានបន្តទៀតថា នៅពេលដែលឃើញទិដ្ឋភាពបែបនេះ Kheiwwan ដែលជាម្ចាស់ឆ្កែក៏បានផ្តល់ដំណឹង និងរាយការណ៍ទៅក្រុមអ្នកសង្គ្រោះ ដើម្បីមកជួយឆ្កែរបស់នាង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឆ្កែដ៏គួរឲ្យអាណិតមួយក្បាលនេះ ត្រូវបានពស់លេបចូលពាក់កណ្តាលខ្លួនទៅហើយ មុននឹងក្រុមជួយសង្គ្រោះមកដល់។

គួរបញ្ជាក់ផងដែរថា នាង Kheiwwan អាយុ២១ឆ្នាំ បានរៀបរាប់ពីហេតុការណ៍នេះថា ដំបូងឡើយនាងបានលឺសម្លេងឆ្កែព្រូសតាំងពីល្ងាចមកម្ល៉េះ ប៉ុន្តែនាងមិនបានចាប់អារម្មណ៍ដោយសារតែពេលនោះ នាងកំពុងសម្ងំគេងនៅជាន់លើក្នុងបន្ទប់ ប៉ុន្តែលុះដល់វេលាម៉ោងប្រមាណជាង៣ទៀបភ្លឺ នាងក៏ចុះមកក្រោមផ្ទះ រួចក៏ឃើញទិដ្ឋភាពនេះតែម្តងទៅ។

បើយោងតាមសារព័ត៌មានក្នុងស្រុក​ បានឲ្យដឹងថា នៅពេលក្រុមជួយសង្គ្រោះចុះមកដល់ទីតាំងកើតហេតុ ស្រាប់តែពស់ថ្លាន់​ខ្ជាក់ឆ្កែចេញពីក្នុងមាត់មកវិញ ហើយព្យាយាមរកផ្លូវគេចខ្លួនតែម្តង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចុងក្រោយ ពស់ថ្លាន់ដ៏ធំមួយក្បាលនេះ ត្រូវបានក្រុមជួយសង្គ្រោះចាប់បាន  ព្រមទាំងប្រលែងវាចូលក្នុងព្រៃជ្រៅវិញផងដែរ ដើម្បីកុំឲ្យវាព្យាយាមចូលមកក្នុងតំបន់មនុស្សរស់នៅវិញ៕ 

ប្រភព៖ Asian Town

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]