(ភ្នំពេញ)៖ លោក Lee Tae Hoon ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជានាពេលបច្ចុប្បន្ន បានធ្វើការស្នើសុំដល់បណ្តាញ សារព័ត៌មានទាំងអស់ កុំផ្សព្វផ្សាយពីការប្រកួតរបស់កម្ពុជាទាំងស្រុង ទៅកាន់ពិភពលោកខ្លាំងក្លាពេក ព្រោះវាជាបច្ច័យអាក្រក់សម្រាប់ គូប្រជែង សិក្សាពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួន។

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងបានថ្លែងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ មុនជួបក្រុមស្រីលង្កាល្ងាច ថ្ងៃអាទិត្យ ទី០៩ ក្នុងមិត្តភាពអន្តរជាតិថា «ប្រការគួរជៀសវាង យើងមិនចាំបាច់ឲ្យមានការផ្សព្វផ្សាយទូលំទូលាយពេកទេពីគ្រប់ការប្រកួត របស់កម្ពុជាទៅកាន់ពិភពលោក ដោយលើកតែចំណុច សំខាន់ៗមួយចំនួនចាប់ពី៤ ទៅ៥នាទីបានហើយ»

លោក Lee ដែលបានចូលដឹកនាំជម្រើសជាតិកម្ពុជាជាលើកទី២នេះ បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយពីការលេងពេញម៉ោងនិងគ្រប់ការ ប្រកួតរបស់កម្ពុជា វាហាក់ដូចជា បង្ហាញស្នៀត និងទិចនិចឲ្យគូប្រជែងឯទៀតបានដឹង និងងាយស្រួលទប់ទល់ទៅវិញទេ។

តែយ៉ាងណាក៏ដោយ នេះជាទស្សនៈយល់ឃើញរបស់គ្រូបង្វឹក និងជាយុទ្ធសាស្រ្ត ដើម្បីយកឈ្នះគូប្រកួតផងដែរ គ្រាដែលទម្រង់លេង និងកីឡាករតែងតែផ្លាស់ប្តូររហូត។

ផ្ទុយពីនេះវិញ រាល់ការប្រកួតរបស់ក្រុមខ្លាំងៗតែងតែមានតាមកញ្ចក់ទូរទស្សន៍ និងគេហទំព័រជានិច្ច និងចាក់ផ្សាយឡើងវិញផងដែរនៅលើ ទូរទស្សន៍កីឡាមួយចំនួននៅលើពិភពលោក ហើយក៏មាន HighLight និងការប្រកួតពេញម៉ោងបង្ហោះនៅលើគេហទំព័រ Youtube ទៀតផង ដោយពុំមានលាក់បាំងអ្វីឡើយ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្រុមជម្រើសជាតិ កម្ពុជា ចាញ់ ហុងកុង ២-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ ។ គួររំលឹកផងដែរថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តជាតិ ក្រុមជម្រើសជាតិ គោព្រៃកម្ពុជា បានទទួលបរាជ័យសាជាថ្មី ក្រោមថ្វីជើង ក្រុមជម្រើសជាតិហុងកុង ក្នុងលទ្ធផល ២-០ ។

ការប្រកួតប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់មឺុននាក់ ហើយអ្វីដែលពិសេសនោះអ្នកគាំទ្រទាំងអស់ បានចូលរួមទស្សនាទាំងមេឃភ្លៀងទៀតផង ដែលនេះសបញ្ជាក់ឲ្យឃើញថា កម្លាំងនៃការគាំទ្រពិតជាមានសន្ទុះខ្លាំងពីគ្រប់មជ្ឈដ្ឋានទាំងអស់។ តែទោះជាយ៉ាងក៏ដោយលទ្ធផលចុងក្រោយ កម្ពុជាធ្វើមិនបានល្អក្នុងការប្រកួត ដែលបណ្តោយឲ្យក្រុមជម្រើសជាតិហុងកុងស៊ុតបញ្ចូលទីបាន២គ្រាប់ ថ្វីត្បិតកម្ពុជាខំប្រឹងវាយសម្រុកយ៉ាងណាក៏ដោយ។

២គ្រាប់របស់ហុងកុង សុទ្ធតែធ្វើឡើងនៅក្នុងតង់ទី១ទាំងអស់ ដែលគ្រាប់ទីមួយធ្វើឡើងនៅនាទី ទី៧ ដោយកីឡាករពាក់អាវលេខ១១ Godfred និងមួយគ្រាប់ទៀតនៅនាទី៣៣ ដោយកីឡាករពាក់អាវលេខ៧ Oluwatayo។ ចំនែកឯកម្ពុជាវិញ បានត្រឹមគ្រប់គ្រងសាច់បាល់តែប៉ុណ្ណោះ ហើយក៏មានឱកាសស៊ុតផងដែរ ប៉ុន្តែគ្មានសំណាងស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទី។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]