Lucky iron fish ដែលអាចប្រែបានថាជា ត្រីលោហៈ គឺជាដុំលោហៈដែក ដែលមានរូបរាងដូចជាត្រី និងត្រូវបានប្រើប្រាស់ ដើម្បីផ្តល់នូវសារជាតិបំប៉ន (ជាតិដែក) សម្រាប់មនុស្ស ជាពិសេស អ្នករស់នៅក្នុងភាពក្រីក្រ ដែលរងផលប៉ះពាល់ពី ជំងឺខ្វះឈាមដោយកង្វះជាតិដែក។ ត្រីលោហៈនេះ តម្រូវឲ្យដាក់ចូលទៅ ក្នុងទឹកដាំពុះ និងម្ហូបអាហារផ្សេងៗទៀតជាច្រើនមុខ។
Lucky iron fish (ត្រីលោហៈ) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៨ ដោយបុគ្គលិកសុខាភិបាល របស់ជនជាតិកាណាដា (លោក Christopher Charles) ក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំ ២០១២ ក្រុមហ៊ុន The Lucky Iron Fish Project ក៏ត្រូវបានបង្កើតឡើង ជាលក្ខណៈទ្រង់ទ្រាយធំ ដោយធ្វើការផ្សព្វផ្សាយតាមតំបន់ជនបទជាច្រើន និងថែមទាំងបានចាកចាយទៅឲ្យ ដៃគូអង្គការមិនមែនរដ្ឋាភិបាលជាច្រើនទៀតផង។
# តើកង្វះជាតិដែក បង្កផលប៉ះពាល់អ្វីខ្លះដល់រាងកាយ?
ជំងឺខ្វះឈាមដោយង្វះជាតិដែក (Iron deficiency anemia) គឺជាស្ថានភាពជំងឺមួយដែល រាងកាយរបស់អ្នកខ្វះជាតិដែក និងបណ្តាលឲ្យចំនួនកោសិកាឈាមក្រហមធ្លាក់ចុះ។ ជាតិដែក គឺជាអ្នកផលិតកោសិកាឈាមក្រហម។ នៅពេលដែលអ្នកមិនមានកោសិកាឈាមក្រហមគ្រប់គ្រាន់ នោះសរីរាង្គ និងជាលិការបស់អ្នក មិនអាចទទួលបានអុកស៊ីសែនបានប្រក្រតីឡើយ។ នេះមានន័យថា អ្នកនឹងទទួលរងនូវអាការៈអស់កម្លាំង ពិបាកដកដង្ហើម ញ័រដើមទ្រូងត្រង់បេះដូង និងស្បែកស្លេកស្លាំង។
ប្រសិនបើអ្នកមិនបានធ្វើការព្យាបាលបានទាន់ពេលវេលាទេនោះ វានឹងបង្កជាជំងឺដទៃទៀត និងឆ្លងមេរោគផ្សេងៗ ជាពិសេស ធ្វើឲ្យស្រ្តីដែលត្រូវសម្រាលកូន ត្រូវប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។
ស្រ្តីកម្ពុជា ដែលមានផ្ទៃពោះ ប្រមាណ ៦០% សុទ្ធតែបានទទួលរងពី ជំងឺខ្វះឈាមក្រហម ដែលបណ្តាលមកពីកង្វះជាតិដែក។ ជាលទ្ធផល ពួកគេក៏ជួបប្រទះនូវបញ្ហាដូចជា សម្រាលកូនទាំងមិនទាន់គ្រប់ខែ និងហូរឈាមមិនឈប់នៅពេលឆ្លងទន្លេ។ សូម្បីតែទារក ក៏ត្រូវប្រឈមនឹងបញ្ហាខួរក្បាលផងដែរ។ បញ្ហាកង្វះជាតិដែក បានក្លាយទៅជា “ជំងឺផ្នែកអាហាររូបត្ថម្ភរីករាលដាលខ្លាំងបំផុត” ប្រចាំប្រទេសកម្ពុជា ដោយប៉ះពាល់ ៤៤% នៃចំនួនប្រជាជនសរុប និងធ្វើឲ្យបាត់បង់ GDP ប្រមាណ ៧០ ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។
# Lucky iron fish (ត្រីលោហៈ)
ដោយហេតុនេះហើយ ទើបលោក Charles បានបំផុសគំនិត ចង់បង្កើនជាតិដែក ឲ្យមាននៅក្នុងអាហារប្រចាំថ្ងៃរបស់មនុស្ស។ ដំបូងឡើយ Charles បានបង្កើតជាលោហៈ មានរាងដូចជាផ្កាឈូក ប៉ុន្តែមិនត្រូវបានការគាំទ្រពីអ្នកភូមិឡើយ។ លោកក៏បានទៅពិភាក្សាជាមួយនឹងអ្នកភូមិ ហើយ Charles បានរកឃើញថា “ត្រី” គឺជាអត្តសញ្ញាណមួយ ដែលតំណាងឲ្យជនជាតិខ្មែរ តំណាងឲ្យសំណាងល្អ សុខភាពល្អ និងសុភមង្គល។ ដូច្នេះលោក ក៏បានបង្កើតជា “ត្រីលោហៈ” និងទទួលបានការគាំទ្រពីអ្នកភូមិ យ៉ាងក្រាស់ក្រែល ថែមទាំងបានជួយបង្កើតកម្រិតកោសិកាឈាមក្រហម ដល់ស្រ្តី និងកុមារជាច្រើនសន្ធឹកសន្ធាប់។
លោក Charles បាននិយាយថា ត្រីលោហៈនេះ អាចផ្តល់ជាតិដែក បានរហូតដល់ទៅ ៧៥% នៃសម្រូវការជាតិដែកប្រចាំថ្ងៃសរុប សម្រាប់មនុស្សពេញវ័យ (កុមារក៏ដូចគ្នាដែរ)។ ការសិក្សាលើអ្នកភូមិជាច្រើនរយអ្នក នៅក្នុងខេត្តមួយនៃប្រទេសកម្ពុជា បានបង្ហាញថាពាក់កណ្តាលនៃអ្នកចូលរួមប្រើប្រាស់ត្រីលោហៈ មិនបានជួបបញ្ហាខ្វះគ្រាប់ឈាមក្រហមទាល់តែសោះ ក្នុងរយៈពេលមួយឆ្នាំ។
លោកសាស្រ្តាចារ្យ Imelda Bates ដែលជាប្រធាននាយកដ្ឋានសុខភាពសារធារណៈអន្តរជាតិនៅឯ Liverpool School of Tropical Medicine បាននិយាយថា “ត្រីលោហៈនេះ ល្អជាងថ្នាំគ្រាប់ជាតិដែកទៅទៀត ជាពិសេស វាមានតម្លៃសមរម្យ មិនថ្លៃនោះឡើយ”។ អ្នកដឹងទេថា ជាង ២,៥០០ គ្រួសារ ក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ បានធ្វើការប្រើប្រាស់ ត្រីលោហៈ ក្នុងអាហារ ជារៀងរាល់ថ្ងៃ។
មួយវិញទៀត អ្នកដែលមានជំងឺខ្វះឈាមដោយកង្វះជាតិដែក គឺបណ្តាលមកពី របបអាហារដែលមិនគ្រប់គ្រាន់ ហើយនេះជាករណីក្នុង ប្រទេសកម្ពុជានេះហើយ។ លោក Charles បាននិយាយថា “ប្រជាជនកម្ពុជា ទទួលទានរបបអាហារមិនគ្រប់គ្រាន់ឡើយ ដោយពួកគាត់បរិភោគបាយស មួយចានធំ ប៉ុន្តែបរិភោគសាច់ត្រី តែបន្តិចបន្តូចទៅវិញ។ នេះហើយដែលជាបញ្ហា ដែលអាហាររូបត្ថម្ភរបស់ពួកគេ មិនមានតុល្យភាព”។
របបអាហាររបស់ពួកគេគឺបាត់បង់ នូវអាហារមានជាតិដែក។ បន្លែស្លឹកបៃតង ដូចជាផ្ទី មិនសម្បូរជាតិដែក ដូចដែលអ្នករាល់គ្នាគិតនោះទេ។ ហេតុនេះហើយទើប ត្រីលោហៈ ត្រូវបានបង្កើតឡើង ដើម្បីបង្កជាភាពងាយស្រួល ក្នុងការស្រូបយកជាតិដែក សម្រាប់រាងកាយរបស់មនុស្ស ជាពិសេស ស្រ្តី និងកុមារ។ ត្រីលោហៈមិនត្រឹមតែត្រូវបានប្រើប្រាស់ ដោយប្រជាជនខ្មែរប៉ុណ្ណោះទេ សូម្បីតែនៅឯប្រទេស កាណាដា អាមេរិក និងអឺរ៉ុប ក៏មានការពេញនិយមដែរ។
ត្រីលោហៈនេះ មានបណ្តោយប្រវែង ៧.៦ សង់ទីម៉ែត្រ និងមានទម្ងន់ប្រមាណជា ២០០ ក្រាម។ អ្នកគ្រាន់តែដាក់វាចូលទៅក្នុងឆ្នាំង ពេលកំពុងចម្អិន រួចច្របាច់ក្រូចឆ្មារចូល ២ ទៅ ៣ តំណក់ រួចរំងាស់ចោល ១០ នាទី សម្រាប់ទឹក ១ លីត្រ។ ទឹកក្រូចឆ្មារ ដែលច្របាច់ចូលនោះ គឺសម្រាប់ធ្វើឲ្យមានប្រតិកម្ម បញ្ចេញជាតិដែក ក្នុងអាហារបានល្អប្រសើរ។
សូមបញ្ជាក់ផងដែរថា ត្រីលោហៈនេះ មិនផ្លាស់ប្តូររសជាតិអាហារ របស់អ្នកឡើយ!
តោះទៅទស្សនាវីដេអូខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]