ភ្នំពេញ៖ ក្នុងនាមជាអ្នកម្តាយ គ្មានអ្វីដែលសប្បាយចិត្តបំផុត នៅពេលបានឃើញមុខកូនរបស់ខ្លួននោះទេ។ ជាក់ស្តែង ក៏មានតារាស្រីខ្មែរមួយចំនួន ក៏កំពុងតែរង់ចាំអ៊ុតមើលមុខកូនយ៉ាងអន្ទះសារ ដែលនឹងត្រូវបង្ហាញមុខក្នុងពេលឆាប់ៗនេះ ហើយពួកគេ ក៏បានត្រៀមសម្ភារៈគ្រប់យ៉ាង រួចរាល់ជាស្រេចផងដែរ។ ចុះដឹងអត់ថា តើតារាស្រីខ្មែរណាខ្លះ ដែលទន្ទឹងរង់ចាំមើលមុខកូននោះ តោះតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

១) គឹម លីហ្សា៖ អតីតតារាសម្តែងស្រី គឹម លីហ្សា បានបញ្ចប់ភាពជាតារាល្បី មកផ្លាស់ប្តូរជីវិតជាស្រ្តីមេផ្ទះ និងសម្ងំពរពោះកូនដំបូងរបស់នាង យ៉ាងមានសុភមង្គលជាមួយស្វាមី នៅប្រទេសអូស្រ្តាលី ។ បើក្រឡេកមើលរូបថតជាច្រើនរបស់លីហ្សា បានឃើញរូបនាង រៀបចំនូវសម្ភារៈជាច្រើន ត្រៀមស្វាគមន៍កូនប្រុសឈ្មោះ "Nicolas"។ ចំពោះពេលវេលាសម្រាលកូន របស់អតីតតារាសម្តែងរូបនេះ ត្រូវបានគេដឹងថា នឹងសម្រាលកូននៅខែតុលានេះផងដែរ។

២) អឿន ល័ក្ខលីតា៖ ចំពោះពិធីការិនី លីតា កំពុងរង់ចាំសម្រាលកូនទី២ ដែលជាកូនស្រី នៅប្រទេសថៃ ដោយរូបនាងមិនទាន់ទម្លាយទេថា តើកូនក្រោយរបស់នាងនឹងដាក់ឈ្មោះអ្វីនោះ។ ជាមួយគ្នានោះដែរ បើនិយាយពីអាជីពសិល្បៈវិញ រូបនាងក៏ផ្អាកផងដែរ ព្រោះចង់មានពេលវេលាច្រើន នៅមើលថែកូនប្រុស និងកូនក្នុងផ្ទៃរបស់នាងមួយទៀត។

៣) អ្នកនាង គង់ សុជាតិ៖ ទោះបី អ្នកនាង គង់ សុជាតិ ជិតនឹងសម្រាលកូនហើយក្តី តែរូបនាង ហាក់ដូចជាមមាញឹក មិនដកឃ្លាពីអាជីពជាពិធីការិនី ប្រហែលជារវល់ជាប់កើបលុយ មុនពេលសម្រាលកូនហើយ។ ក្នុងនោះដែរ គេសង្កេតឃើញថា អ្នកនាង គង់ សុជាតិ ពិតជាអន្ទះសារចិត្ត ចង់ជួបមុខកូនយ៉ាងខ្លាំង ដែលភាគច្រើនតែងតែឃើញរូបនាង បង្ហោះសារក្នុងហ្វេសប៊ុក ទាក់ទងនឹងកូនក្នុងផ្ទៃ។ 

៤) ភរិយា លោក កែវ វាសនា៖ ចំពោះភរិយា តារាចម្រៀងប្រុស ក្នុងផលិតកម្ម សាន់ដេ លោក កែវ វាសនា ក៏នឹងអ៊ុតរង់ចាំមើលកូនដំបូងផងដែរ ដែលបច្ចុប្បន្ន រូបនាង កំពុងសម្ងំពរពោះកូនយ៉ាងមានក្តីសុខ។ ជាមួយគ្នានោះដែរ បើតាមសារព័ត៌មានក្នុងស្រុក ធ្លាប់បានចុះផ្សាយថា ភរិយាលោកកែវ វាសនា ស្រលាញ់កូនស្រីជាងកូនប្រុស ប៉ុន្តែគួរឲ្យសោកស្តាយ កូនដំបូងរបស់នាង ជាមួយនឹងលោក កែវ វាសនា គឺជាកូនប្រុសទៅវិញ។ ទោះជាយ៉ាងណា រូបនាងក៏មិនអាក់អន់ស្រពន់ចិត្តអ្វីនោះដែរ ព្រោះថាកូនប្រុស ឬកូនស្រី ក៏ជាកូនរបស់នាងដូចគ្នា។ ចំពោះពេលវេលាសម្រាលកូនរបស់ ភរិយាតារាប្រុសរូបនេះ មិនមានអ្នកណាដឹងទេថា នឹងសម្រាលក្នុងថ្ងៃណានោះ គ្រាន់តែដឹងថា ប្រហែលក្នុងពេលឆាប់ៗនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]