ការសម្រាលកូន តាមរយៈការវះកាត់ ត្រូវបានមនុស្សជាច្រើនគិតថា មានសុវត្ថិភាពជាង។ ប៉ុន្តែ ទោះជាយ៉ាងណា ការសម្រាលកូនដោយការវះកាត់នេះ អាចនឹងបង្កឲ្យមានហានិភ័យខ្ពស់ ក៏ដូចជាផលវិបាកមួយចំនួនធំ ជាជាងការសម្រាលកូនតាមធម្មជាតិទៅទៀត។ ប្រសិនបើអ្នកសម្រេចចិត្តចង់ ឆ្លងទន្លេដោយការវះកាត់នោះ អ្នកត្រូវតែដឹងថា អ្នកនឹងមិនងាយជាសះស្បើយ ដូចជាការឆ្លងទន្លេតាមបែបធម្មជាតិឡើយ។

# ការសម្រាលកូនដោយការវះកាត់ និងការសម្រាលកូនតាមធម្មជាតិ តើមួយណាមានសុវត្ថិភាពជាង? 

ប្រសិនបើអ្នកមិនមានបញ្ហា ឬផលវិបាកណាមួយ នៅអំឡុងពេលពពោះទេនោះ ការសម្រាលកូនដោយធម្មជាតិ មានសុវត្ថិភាពជាងការសម្រាលកូនដោយការវះកាត់។ វាជាការពិតណាស់ ការឆ្លងទន្លេតាមបែបធម្មជាតិ មានសុវត្ថិភាពសម្រាប់ការមានផ្ទៃពោះទាំងបច្ចុប្បន្ន និងអនាគត ក៏ព្រោះតែផលវិបាកភាគច្រើន កើតឡើងតែលើអ្នក សម្រាលកូនតាមរយៈការវះកាត់ប៉ុណ្ណោះ។ ជាពិសេស អ្នកមិនចាំបាច់បារម្ភពីការមានកូន នៅពេលក្រោយៗឡើយ។

រាល់ការវះកាត់ តែងតែភ្ជាប់មកជាមួយនឹងហានិភ័យជានិច្ច។ ការសម្រាលកូន ដោយការវះកាត់ គឺពាក់ព័ន្ធនឹងតំបន់ពោះ និងតំបន់ត្រង់អាងត្រគាក មួយផ្នែកធំ និងផ្តល់ជាផលវិបាក ឬត្រូវបញ្ជូនមកមន្ទីរពេទ្យវិញជាញឹកញយ ប្រសិនបើមានរឿងអ្វីកើតឡើង។ តែទោះជាយ៉ាងណាក៏ដោយ ផលវិបាកធ្ងន់ធ្ងរ គឺកម្រមានណាស់ សម្រាប់ការសម្រាលដោយវះកាត់ជាលើកដំបូង ជាពិសេស ប្រសិនបើអ្នកមានរាងកាយមាំមួន និងសុខភាពល្អ។

ជួនកាល ការសម្រាលដោយការវះកាត់ ត្រូវតែធ្វើឡើងដោយបង្ខំ ពីព្រោះដើម្បីជួយសង្រ្គោះ ជីវិតម្តាយ និងកូន ដែលវាជាជម្រើស មិនអាចប្រកែកបាន សម្រាប់សុវត្ថិភាពម្តាយកូន។ ប្រសិនបើអ្នកពពោះលើសថ្ងៃសម្រាល និងមិនឈឺពោះនោះ អ្នកក៏នឹងត្រូវទទួលយកការសម្រាល ដោយវះកាត់ដែរ។

ដោយសារតែយើងឃើញថា មានករណីជាច្រើនកើតឡើងខុសៗគ្នា ហេតុនេះ មានតែការសហការជាមួយនឹងគ្រូពេទ្យជំនាញប៉ុណ្ណោះ ដែលអាចថ្លឹងថ្លែងហានិភ័យ និងសម្រេចថាតើការសម្រាលដោយវះកាត់ ឬតាមធម្មជាតិ ជាជម្រើសដ៏ល្អប្រសើរ សម្រាប់ម្តាយ និងកូន។

# តើការសម្រាលកូនដោយការវះកាត់ ផ្តល់ផលប្រយោជន៍អ្វីខ្លះ?

គ្រូពេទ្យជំនាញនឹងណែនាំអ្នក ឲ្យធ្វើការសម្រាលតាមការវះកាត់ ប្រសិនបើការសម្រាលតាមធម្មជាតិ អាចបង្កជាគ្រោះថ្នាក់។ ជាក់ស្តែងការសម្រាលកូន ដោយធម្មជាតិ ក៏អាចជួបប្រទះ ផលវិបាកខ្លះដែរ ប៉ុន្តែប្រសិនបើអ្នកសម្រាលដោយការវះកាត់ អ្នកនឹងមិនជាជួបបញ្ហាដូចខាងក្រោមនេះទេ ៖

• មិនមានការឈឺចាប់ត្រង់ស្នាមថ្នេរ លើទ្វារមាស

• មិនមានឈាមហូរខ្លាំង ក្រោយពីឆ្លងទន្លេបាន ២ ទៅ ៣ ថ្ងៃទេ

• មិនមានបញ្ហាលេចនោម នៅពេលក្អក ឬក៏សើចទេ (តែទៅជាយ៉ាងណា ស្រ្តីម្នាក់ ក្នុងចំណោម ២៥ នាក់ អាចរងបញ្ហានេះ ប្រមាណជា ៣ ខែ ក្រោយការវះកាត់)។

# តើហានិភ័យប្រឈម ដោយសារការសម្រាលតាមការវះកាត់មានអ្វីខ្លះ?

១. ការឈឺចាប់

អ្នកនឹងទទួលរងការឈឹចាប់រយៈពេលខ្លី ជាងការសម្រាលដោយធម្មជាតិ ប៉ុន្តែវានឹងត្រូវទាមទារេពេលវេលាយូរណាស់ ទម្រាំតែមុខរបួស អាចជាសះស្បើយ។ អ្នកនឹងប្រហែលជាមានអារម្មណ៍ថា ឈឺចាប់ត្រង់ស្នាមថ្នេរ ២ ទៅ ៣ ថ្ងៃដំបូង និងមានអារម្មណ៍ថា ទើសៗនៅត្រង់ពោះ យ៉ាងហោចណាស់ក៏មួយអាទិត្យពេញដែរ។

ការវះកាត់ឆ្លងទន្លេ ក៏បង្កជាផលប៉ះពាល់ ដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកដែរ។ យ៉ាងហោចណាស់ក៏មាន ស្រ្តីម្នាក់ ក្នុងចំណោម ១០ នាក់ដែរ ដែលទទួលរងការឈឺចាប់ និងមិនមានផាសុកភាព រយៈពេលរហូតដល់ទៅ ២ - ៣ ខែ បន្ទាប់ពីការវះកាត់។

២. ហូរឈាមច្រើន

ជាធម្មតា ការសម្រាលកូនដោយការវះកាត់ នឹងត្រូវបាត់បង់ឈាមច្រើនជាង ការសម្រាលតាមបែបធម្មជាតិ។ ការហូរឈាមនោះ គឺនៅអំឡុងពេល ដែលកំពុងវះកាត់នោះឯង ហើយវាក៏ជាហានិភ័យដ៏ធំបំផុតផងដែរ ប្រសិនបើមានឈាមហូរច្រើនលើសលុបពេក។ ការហូរឈាមខ្លាំងលើសលុប មិនសូវជាកើតឡើងប៉ុន្មានទេ ប៉ុន្តែប្រសិនបើមានករណីនេះ កើតឡើងពិតមែន នោះគឺមានតែការបញ្ចូលឈាមថែមប៉ុណ្ណោះ ដែលអាចសង្រ្គោះបាន។

៣. ឆ្លងមេរោគ

ស្រ្តីមា្នក់ ក្នុងចំណោមស្រ្តី ១២ នាក់ បានឆ្លងមេរោគ នៅក្រោយពេលដែល ទទួលបានការសម្រាលកូន ដោយការវះកាត់។ ហេតុនេះ អ្នកគួរតែត្រៀមទុកថ្នាំ antibiotics (ជាប្រភេទថ្នាំដែលការពារ និងសម្លាប់មេរោគ) ជាមួយគ្រូពេទ្យ នៅមុនពេល ដែលអ្នកត្រូវចូលទៅ ទទួលការវះកាត់។ ការឆ្លងមេរោគចម្បងៗ មានបី ៖

• ឆ្លងមេរោគ លើស្នាមមុខរបួស ដែលមានរោគសញ្ញាដូចជា ក្រហម ប្រេះ ឈឺចាប់ខ្លាំងត្រង់មុខរបួស និងមានដាច់មុខរបួស។ វានឹងកើតឡើងជាពិសេស លើស្រ្តីណា ដែលមានជំងឺទឹកនោមផ្អែម ឬលើសទម្ងន់ខ្លាំង។

• ឆ្លងមេរោគតាមដៃស្បូន ដែលគេហៅថា Endometritis ។ រោគសញ្ញារបស់វារួមមាន ហូរឈាមខ្លាំង រដូវមកមិនទៀង ឬមានកើតជំងឺគ្រុនក្តៅ បន្ទាប់ពីវះកាត់សម្រាលរួច។

• ការឆ្លងមេរោគ លើបំពង់ទឹកនោម ដោយបំពង់ម្យ៉ាង (នៅពេលដែលអ្នកធ្វើការវះកាត់សម្រាល គ្រូពេទ្យនឹងដាក់បញ្ចូលបំពង់មួយ ទៅក្នុងប្លោកនោម យ៉ាងហោចណាស់ ១២ ម៉ោង ឬទុករហូតទាល់តែអ្នកអាចមានចលនាបាន)។ រោគសញ្ញាមានដូចជា ឈឺចាប់តាំងពីបរិវេណពោះចុះដល់ក្រលៀន សីតុណ្ហភាពរាងកាយខ្ពស់ ញាក់ និងមិនស្រណុកក្នុងខ្លួនតែម្តង។ 

៤. កកឈាម

រាល់ការវះកាត់ គឺសុទ្ធតែបង្កើនឱកាស ក្នុងការវិវត្តដុំឈាម និងអាចមានបញ្ហាធ្ងន់ធ្ងរទៀតផង ដោយអាស្រ័យលើទំហំ នៃកំណកនោះ។ ក្នុងករណីមានឈាមកក ក្នុងសួតរបស់អ្នក នោះអ្នកនឹងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតជាមិនខាន។ រោគសញ្ញាមានដូចជា ក្អក ឬដង្ហក់ដង្ហើមតាមពេល ឬមានការឈឺចាប់ និងហើមកំពួនជើង។ អ្នកត្រូវទាក់ទងទៅគ្រូពេទ្យ ជាបន្ទាន់ប្រសិន បើអ្នកជួបប្រទះរោគសញ្ញាទាំងនេះ។ ទោះជាយ៉ាងណា មុនពេលវះកាត់ គ្រូពេទ្យជំនាញនឹងផ្តល់ថ្នាំបង្ការសម្រាប់អ្នក ដើម្បីការពារហានិភ័យផ្សេងៗ។

៥. Adhesions

ការសម្រាលដោយការវះកាត់ នឹងភ្ជាប់ជាមួយហានិភ័យនៃ adhesions នៅពេលដែលអ្នកជាសះស្បើយពីការវះកាត់។ Adhesions គឺជាជាលិកាស្តើងម៉្យាង ដែលនឹងភ្ជាប់ជញ្ជាំងសាច់ពោះ របស់អ្នកទៅនឹង សាច់ខាងក្នុងពោះ។ វាជាការលំបាក ក្នុងការកំណត់ថាតើមាន ស្រ្តីប៉ុន្មានអ្នកដែលមានបញ្ហានេះ ក្រោយពេលវះកាត់ ព្រោះវាមិនបានបង្កជារោគសញ្ញាអ្វីឡើយ។ ទោះជាយ៉ាងណា adhesions អាចបង្កជាការឈឺចាប់ធ្ងន់ធ្ងរ នៅក្នុងរយៈពេលយូរ ដែលអាចបង្កជាបញ្ហាស្ទះពោះវៀន និងប៉ះពាល់ដល់ការពពោះក្រោយៗ ដោយវាបង្កជាសម្ពាធ និងបិទបាំងសរីរាង្គ របស់រាងកាយ។

៦. ផលប៉ះពាល់ពីការចាក់ថ្នាំស្ពឹក

ការសម្រាល ដោយការវះកាត់ភាគច្រើន ត្រូវចាក់ថ្នាំស្ពឹក ត្រង់បរិវេណពោះរបស់អ្នក ប៉ុន្តែវាបង្កជាផលប៉ះពាល់ បន្តិចបន្តួចដូចជា ៖

• ឈឺក្បាលខ្លាំង។ ផលប៉ះពាល់នេះ កើតឡើងលើស្ត្រីម្នាក់ ក្នុងចំណោម ៥ នាក់។

• ខូចសរសៃប្រសាទ។ បញ្ហានេះ អាចប៉ះពាល់តែ ២ ទៅ ៣ ថ្ងៃ ឬយ៉ាងយូរ ២ ទៅ ៣ សប្តាហ៍។ សម្រាប់ការខូចខាតសរសៃប្រសាទ ជាអចិន្រ្តៃយ៍ គឺកម្រមានណាស់។

# ហានិភ័យរបស់ទារក ដោយសម្រាលតាមការវះកាត់មានដូចជា ៖

• អាចរងរបួស នៅអំឡុងពេលឆ្លងទន្លេ

• ទាមទារការថែទាំ យកចិត្តទុកដាក់ខ្ពស់

• មានបញ្ហាសួត និងបញ្ហាដង្ហើម ប្រសិនបើគិតកាលបរិច្ឆេទសម្រាលខុស ឬវះកាត់មុនថ្ងៃកំណត់។

# ហានិភ័យរយៈពេលវែង ដោយការវះកាត់

ស្រ្តី ដែលធ្វើការវះកាត់សម្រាលកូន ត្រូវប្រឈមជាមួយនឹងហានិភ័យផ្សេងៗ នៅថ្ងៃអនាគត រួមមានដូចជា ៖

• ប្រេះ ឬរហែកស្នាមរបួស (ស្នាមថ្នេរ) នៅពេលមានផ្ទៃពោះក្រោយៗ (ខូចខាតស្បូន)

• សុកបិទបាំងមាត់ស្បូន (សុក ដុះជាប់ស្បូនផ្នែកខាងក្រោម ដែលបិទបាំងមាត់ស្បូន)

• សុកដុះជាប់ទៅនឹងស្បូន (សុក ដុះជាប់ទៅនឹងស្បូន ដែលនាំឲ្យមានការធ្លាក់ឈាមធ្ងន់ធ្ងរ ក្រោយសម្រាល និងក្នុងករណីខ្លះ តម្រូវឲ្យវះកាត់ស្បូនចេញតែម្តង៕ 

ប្រភព៖ baby centre | WebMD

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]