ចិន៖ កាលពីពេលថ្មីៗនេះ មានបុរសវ័យ៤៥ឆ្នាំម្នាក់ រស់នៅក្នុងខេត្តក្វាងទុង ប្រទេសចិន បានភ្លាត់ស្នៀត ត្រូវដែកឆក់ដែលមានកម្លាំងស្រូបដ៏ខ្លាំងចំនួន២ដុំ គាបជាប់អាអូនតូច ពេលកំពុងអនុវត្តការព្យាបាលជំងឺដោយប្រើដែកឆក់។

កាលពីព្រឹកថ្ងៃចន្ទ វេលាម៉ោងជិត៥ សេវាសង្គ្រោះបន្ទាន់ក្នុងទីក្រុង Zhongshan បានទទួលព័ត៌មានពីបុរសម្នាក់ស្រែកយំរកជំនួយ ភ្លាមៗនោះក្រុងពន្លត់អគ្គិភ័យចំនួន១០នាក់បានទៅដល់កន្លែកកើតហេតុ ដោយប្រទះឃើញបុរសម្នាក់កំពុងតែទទួលរងការឈឺចាប់ដោយសារដែកឆក់ ២ដុំគាបជាប់ប្រដាប់ភេទ ដកចេញមិនរួច។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះខាងលើបានរៀបរាប់ថា គាត់បាន អនុវត្ត “ការព្យាបាលដោយម៉ាញេទិច”(ប្រើដែកឆក់) នៅក្នុងផ្ទះរបស់គាត់ នាពេលព្រឹកនោះ ហើយនៅក្នុងកំឡុងពេលអនុវត្ត ក៏ស្រាប់តែមេដែក ដែលមានកម្លាំងខ្លាំង២ដុំ បានគាបជាប់ពងស្វាសរបស់គាត់ដោយមិនដឹងខ្លួន ហើយគាត់មិនអាចទាញវាចេញដោយខ្លួនឯងបាននោះទេ។ 

ក្រុមពន្លត់អគ្គិភ័យដែលបានទៅជួយសង្គ្រោះបានភាំងស្មារតីមិនដឹងថាត្រូវធ្វើបែបណា ទើបមេបញ្ជាការរបស់ពួកគេ បានបញ្ជាឲ្យនាំបុរសកម្សត់នោះទៅកាន់មន្ទីរពេទ្យតែម្តង។ ទាំងគ្រូពេទ្យ និងក្រុមសង្គ្រោះបាននិយាយថា ពួកគេមិនដែលបានជួបនឹងហេតុការណ៍បែបនេះនោះទេ និងបាននាំគ្នាស្វែងរកវិធីដោះស្រាយចំពោះដែកឆក់ដែលជាប់ស្អិតទាញមិនចេញនោះ។

ក្រុមសង្គ្រោះបានប្រើឧបករណ៍គាស់ យកមកគាស់ដែកឆក់នោះចេញ តែដោយសារកម្លាំងទាញរបស់ដែកឆក់ខ្លាំងពេក ពួកគេនៅមិនអាចទាញចេញបាន។

ដោយព្យាយាមអស់ជាច្រើនម៉ោង នៅតែមិនមានលទ្ធផល លោកគ្រូពេទ្យ ក៏បានទូរស័ព្ទទៅកាន់ក្រុមហ៊ុនផលិតមេដែក ដោយក្រុមហ៊ុនបានស្នើឲ្យក្រុមសង្គ្រោះព្យាយាមរុញមេដែកនោះបញ្ច្រាស់គ្នា ជាជាងការទាញវាចេញ ប៉ុន្តែការធ្វើបែបនេះគឺអាចបណ្តាលឲ្យប៉ះពាល់ប្រដាប់ភេទដែលជាប់នៅកណ្តាល។

សំណាងល្អ ក្រុមសង្គ្រោះក៏បាននឹកឃើញថា មេដែកមិនរឹងខ្លាំងនោះទេ ដូច្នេះពួកគេក៏សម្រេចបំបែកវាឲ្យទៅជាដុំតូចៗ ដែលការធ្វើដូចនេះមេដែកនឹងមានកម្លាំងខ្សោយ ហើយបុរសរងគ្រោះក៏ត្រូវបានគេជួយសង្គ្រោះដោយសុវត្តិភាព។ លោកគ្រូពេទ្យក៏បានពិនិត្យថាមិនមានអ្វីប៉ះពាល់ដល់ពងស្វាសនោះទេ៕ 

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]