ស្រ្តីមេផ្ទះគ្រប់រូបពិតជា បានស្គាល់រំដេងច្បាស់ណាស់ ពីព្រោះវាគឺគ្រឿងទេសល្អម្យ៉ាង ដែលមិនអាចខ្វះបាន ពិសេសគឺការយកវាទៅស្លជាមួយសម្លម្ជូរគ្រឿង ស្ងោរជ្រក់ត្រី និងឆាគ្រឿងជាដើម ហើយវាក៏ត្រូវបានប្រជាជនយើង និយមដាំនៅក្នុងផ្ទះមិនសូវខ្វះនោះទេ ដោយសារតែវាយ៉ាងងាយស្រួលដាំ ទុកប្រើបានយូរ អាចជីកពីដីយកមកស្ល បានពេញមួយឆ្នាំ។ ក្រៅពីផ្សំជាគ្រឿងទេសដ៏ឆ្ងាញ់ពិសា វាក៏នៅអាចជួយ ព្យាបាលជំងឺនៅក្នុងប្រព័ន្ធរាងកាយរបស់យើង បានជាច្រើនមុខទៀតផងដូចជា៖

១. ជំងឺក្រពះពោះវៀន៖ ជួយបណ្តេញខ្យល់ ជាតិពុល បន្ថយជំងឺរាគរូស ត្អើក ទឹកប្រមាត់ខាប់ ព្យាបាលដំបៅក្រពះពោះវៀន-ល-។ នៅក្នុងករណីមានអាការៈ ក្រហាយទ្រូង ឬឈឺពោះ ក៏អាចយកម្ស៉ៅរំដេងមកឆុងទឹកផឹក ឬត្រាំស្រាផឹក ក៏បានដែរ ដើម្បីព្យាបាលជំងឺទាំងនេះ ឱ្យបានប្រសើរជាងមុន។

២. ប្រព័ន្ធផ្លូវដង្ហើម៖ ក្លិនរបស់រំដេង ជួយកែជំងឺហឺត ក្អក ក្អួត កាត់បន្ថយជំងឺផ្តាសាយដូចជាខ្ញីដែរ ព្រោះដោយសារតែវាមានក្លិនប្រហើរ និងរសជាតិហឹរតិចៗ ល្អបំផុតដើម្បីយកឈ្នះធាតុត្រជាក់នារដូវរងារ។ គេនិយមនាំយកវាទៅ ដាំទឹកផឹកកាត់បន្ថយស្លេស កំហាក ដោយលាយជាមួយទឹកក្រូចឆ្មារ និងអំបិលបន្តិចផង ដែលអាចជួយឱ្យសួតមានដំណើរការល្អ។

៣. ប្រព័ន្ធសរសៃឈាម៖ វាជាថ្នាំក្តៅធ្វើឱ្យឈាមហូរបានប្រសើរ ជួយស្ត្រីឱ្យមករដូវបានស្រួល និងបង្កើនគ្រាប់ឈាម បន្ទាប់ពីសំរាលកូនរួចផងដែរ។

៤. ប្រព័ន្ធប្រសាទ៖ ជួយកាត់បន្ថយអាការឈឺក្បាល ឈឺចាប់តាមរាងកាយ អស់កម្លាំង ឈឺសន្លាក់ ឈឺពោះ ឈឺចាប់ពេលមានរដូវ រួមបញ្ចូលទាំងការ ឈឺចាប់ដោយការហើមផង ប្រសិនបើអ្នកមាន អាការៈជំងឺក្តាមកាច់ជើង ឈឺសាច់ដុំក្តី គួរយកវាមករុំជុំវិញ នោះវានឹងក្លាយជាថ្នាំបំបាត់ការឈឺចាប់ និងកាត់បន្ថយការរលាកបានយ៉ាងល្អ។

៥. ជំនួយស្បែក៖ ជួយព្យាបាលកន្ទួលរមាស់ កន្ទាលត្រអាក ព្យាបាលជំងឺសើរស្បែក សត្វល្អិតទិចឬខាំ ជាពិសេសអាចព្យាបាល ពិសពីងពាងបានទៀតផង ហើយគួរគប្បីប្រើរំដេងចាស់ មកញីត្រង់ស្នាមរបួសទាំងនេះរឹតតែមាន ប្រសិទ្ធភាពទ្វេរដង។

ក្រៅពីនេះ តាមការស្រាវជ្រាវក៏បានរកឃើញថា វាមានលក្ខណៈសម្បត្តិធ្វើជាថ្នាំ ប្រឆាំងនឹងការរលាកបានល្អណាស់ ព្រោះមានសារធាតុប្រឆាំង ប្រតិកម្មអុកស៊ីត ប្រឆាំងនឹងជំងឺមហារីក ប្រឆាំងនឹងដុំសាច់ដុះខុសប្រក្រតី ប្រឆាំងការរលាកទងសួត សម្លាប់បាក់តេរី និងផ្សិតស៊ីជើង រារាំងកំណើនផ្សិត កម្ចាត់ក្លិនមិនល្អ។

លើសពីនេះប្រសិនបើអ្នកមានបញ្ហាទឹកស៊ីជើង ឬចុកស្រពន់ជើង គួរយកម្ស៉ៅរំដេង មកប្រើម៉ាស្សាជើង ដើម្បីបង្កើនចរាចរឈាមរត់ ធ្វើឱ្យស្បែកនៅលើជើងស្រស់ស្អាត ផងដែរ ដោយគ្រាន់តែយកគ្រឿងផ្សំមាន ម្ស៉ៅរំដេង និងប្រេងចម្រាញ់ពីផ្កាចំប៉ី លាយចូលគ្នាហើយលាបនៅលើ ជើងត្រង់កន្លែងមានបញ្ហា និងគួរដើរទៅណា មកណាត្រូវពាក់ស្បែកជើង ឬស្រោមជើងការពារជានិច្ច។ វា ក៏អាចប្រើជាថ្នាំ សម្លាប់សត្វល្អិតលើបន្លែផ្សេងៗបានផង ដោយមានសុវត្ថិភាព ព្រោះតែក្លិនរបស់វាធ្វើឱ្យសត្វល្អិតខ្លាចរអា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]