ហៃទី៖ បន្ទាប់ពីចិន កូរ៉េខាងត្បូង និងជប៉ុន ជួបគ្រោះមហន្តរាយ ដោយសារតែខ្យល់ព្យុះ ភ្លៀង និងទឹកជំនន់នោះ បើក្រឡេកទៅមើលប្រទេសហៃទី នាពេលថ្មីៗនេះវិញ ក៏កំពុងតែជួបគ្រោះមហន្តរាយបែបនេះដូចគ្នា ដែលជាលទ្ធផលបានបំផ្លិចបំផ្លាញ ផ្ទះសំបែងប្រជាពលរដ្ឋ សំណង់អគារក្នុងទីក្រុង និងថែមទាំងឆក់យកជីវិតមនុស្ស អស់ជាច្រើនរយនាក់ថែមទៀតផង។

បើតាមប្រភពបានឲ្យដឹងថា រយៈពេលជិត១ទសវត្សរ៍ចុងក្រោយ ព្យុះ Matthew នេះ គឺកាន់តែមានឥទ្ធិពល  កម្លាំងខ្លាំងក្លាជាងមុនទ្វេដង អាចចាត់ចូលជាប្រភេទព្យុះ​ដែលមានកម្លាំងខ្លាំងលំដាប់ទី២ ក្នុងចំណោមព្យុះទាំងអស់។ ខណៈប៉ុន្មានថ្ងៃមកនេះ ព្យុះប្រភេទនេះ ក៏បានធ្វើការវាយប្រហារមកលើតំបន់ឆ្នេរ Caribbean ដោយបានបំផ្លិចបំផ្លាញប្រទេស បាណាម៉ា (Bahamas) ក្រោយមក ក៏បន្តការវាយប្រហារមកលើប្រទេសហៃទី និងគុយបា។

សេចក្តីរាយការណ៍ពីខាងមន្រ្តីរដ្ឋាភិបាលហៃទី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ឲ្យដឹងថា ចំនួនអ្នកស្លាប់ រហូតដល់ទៅ ២៨៣នាក់ហើយ និងមានការកើនឡើងជាលំដាប់។ ក្នុងនោះ មានមនុស្សចំនួន៥០នាក់ផ្សេងទៀត ក៏ត្រូវបានរាយការណ៍ថា បានស្លាប់ដោយបាតុភូតខ្យល់ព្យុះមួយនេះ ក្នុងតំបន់ Roche-a-Bateau នៃប្រទេសហៃទីផងដែរ។

ដោយឡែក តាមសេចក្តីរាយការណ៍ ក្នុងប្រទេស Bahamas ក៏បានឲ្យដឹងថាដែរថាព្យុះ Matthew នេះ បានធ្វើឲ្យដើមឈើជាច្រើនដើម រួមទាំងបង្គោលភ្លើងអគ្គីសនីជាច្រើនកន្លែងទៀត គឺសុទ្ធសឹងតែត្រូវបានដួលរលំ ខ្ទេចគ្មានសល់។ ប៉ុន្តែមិនមានតួលេខអ្នកស្លាប់ ត្រូវបានរាយការណ៍នោះទេ។

សម្រាប់នៅក្នុងប្រទេសហៃទីវិញ ភាគច្រើនអ្នកស្លាប់ គឺជាប្រជាជនរស់នៅតាមទីប្រជុំជន និងជាអ្នកនេសាទជាដើម ដែលពួកគេទាំងអស់នោះ រស់នៅក្បែរភាគខាងត្បូងនៃតំបន់ឆ្នេរ។ ប្រជាជនជាច្រើន ត្រូវបានស្លាប់ដោយសារតែបាក់ដើមឈើ ដួលសង្កត់ពីលើ និងកាកសំណល់កម្ទេចកម្ទី (អំបែង) ផ្សេងៗជាច្រើនទៀត ហោះប៉ះត្រូវ រួមទាំងស្លាប់ដោយសារលង់ទឹកជាដើម។

លើសពីនេះ ទីក្រុងសំខាន់ៗនៅ Peninsula ត្រូវបានគេមើលឃើញថា អគារប្រមាណ ៨០ភាគរយទៅហើយ ត្រូវបានរងការលេចលង់។ ខណៈផ្ទះសំបែងរបស់ប្រជាពលរដ្ឋជាច្រើនប្រមាណ ៣០,០០០ខ្នងទៀត ក្នុងខេត្ត Sud ក៏ត្រូវបានរងការបំផ្លិចបំផ្លាញ យ៉ាងដំណំផងដែរ។

អ្នកនាំពាក្យខាងកាកបាទក្រហមអាមេរិក (American Red Cross) អ្នកស្រី Suzy DeFrancis មានប្រសាសន៍ឲ្យដឹងថា អ្នកស្រីនឹងគិតគូរលើបញ្ហាបច្ចេកវិទ្យា ដើម្បីជួយដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យបណ្តាញទំនាក់ទំនងទូរស័ព្ទ ដំណើរការឡើងវិញ ក្នុងតំបន់រងគ្រោះផងដែរ។

អ្នកស្រីបន្តទៀតថា «ពួកយើងនឹងផ្តល់ជំនួយ ជាស្បៀងអាហារ និងផ្តល់ការផ្គត់ផ្គង់ទៅលើសម្ភារៈប្រើប្រាស់។ ព្រោះថាគ្រួសារមួយចំនួនត្រូវការនូវ ឧបករណ៍ផ្ទះបាយជាច្រើន ដើម្បីធ្វើការចំអិនអាហារ ដែលប្រកបដោយអនាម័យ ព្រោះថាពួកយើងយកចិត្តទុកដាក់ និងព្រួយបារម្ភយ៉ាងខ្លាំង អំពីជំងឺអាសន្នរោគ។ ដូច្នេះពួកយើងនឹងផ្តល់ជំនួយបន្ថែម ជាធុងទឹកសម្រាប់ធ្វើការចម្រុះឲ្យបានស្អាត មុនពេលទទួលទានផងដែរ»

គួរឲ្យដឹងថា ព្យុះ Matthew នេះ នឹងវិលត្រលប់មកជាថ្មីម្តងទៀត ជាមួយនឹងល្បឿនខ្លាំងជាងមុនទ្វេដង ហើយវានឹងបន្តវាយប្រហារបោកបក់ ទៅកាន់រដ្ឋផ្លរីដា ទឹកដីសហរដ្ឋអាមេរិកផងដែរ៕

ទស្សនាវីដេអូ៖

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]