ឥណ្ឌា៖ ក្មេងប្រុសជនជាតិឥណ្ឌា អាយុ១៨ឆ្នាំម្នាក់ មានដុះសាច់ចម្លែកដូចជាកន្ទុយនៅពីក្រោយខ្នងរបស់គេ អស់រយៈពេលជាង៤ឆ្នាំមកហើយ។កន្ទុយនោះបានដុះចេញមកពីក្រោយខ្នង ជាប់នឹងគូទ ចាប់តាំងពីគេមានអាយុ១៤ឆ្នាំមកម្លេះ ដោយពេលនេះវាមានប្រវែងជាង២០ស.មហើយត្រូវបានគេចាត់ទុកថា ជាកន្ទុយដែលដុះវែងជាគេបំផុត។ 

តែទោះជាយ៉ាងណា នៅពេលនេះកន្ទុយដែលបានដុះចេញមកនោះត្រូវបានក្រុមគ្រូពេទ្យវះកាត់យកចេញ ពីរាងកាយក្មេងប្រុសនោះដោយជោគជ័យបាត់ទៅហើយ។ ក្រុមគ្រូពេទ្យបាននិយាយថា កន្ទុយមួយនេះវែងអាចបំបែកកំណត់ត្រាចាស់តាំងពីយូរមកបាន ដោយពីមុនមានប្រវែងត្រឹមតែជាង ១៥ស.ម តែប៉ុណ្ណោះ។

គ្រូពេទ្យរបស់ក្មេងប្រុសចម្លែកនេះ បានឲ្យដឹងថា កន្ទុយដែលដុះចេញមក​នេះ​គឺ​ជា​ផល​​ប៉ះ​ពាល់នៃការខូចខាតទ្រង់ទ្រាយបំពង់សសៃប្រសាទណាមួយ ដោយវាបានបង្ហាញរូបរាងមកខាងក្រៅ នៅពេលដែលក្មេងប្រុសនេះធំឡើង។

ឪពុកម្តាយក្មេងប្រុសរូបនេះ មានការព្រួយបារម្ភពីស្ថានភាពរបស់កូនប្រុស ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីសាធារណៈជន ដូច្នេះចុងក្រោយពួកគេក៏សម្រេចចិត្តឲ្យគ្រូពេទ្យវះកាត់យកកន្ទុយនោះចេញតែម្តងទៅ។

ស្រ្តីជាម្តាយដែលសុំមិនបង្ហាញអត្តសញ្ញាណ បានថ្លែងថា កូនប្រុសខ្ញុំគឺមិនកើតអីនោះទេ តែកន្ទុយដែលដុះចេញមកនោះ បានធ្វើឲ្យរំខានដល់កូនប្រុសខ្ញុំខ្លាំងណាស់ ដោយគេត្រូវលើកកន្ទុយនោះ គ្រប់ពេលដែលគេប្តូរសម្លៀកបំពាក់។ ដូច្នេះខ្ញុំក៏សម្រេចចិត្តនាំកូនទៅមន្ទីរពេទ្យតែម្តងទៅ។

ក្រុមគ្រូពេទ្យវះកាត់នៅឯមន្ទីរពេទ្យឯកទេសជាន់ខ្ពស់របស់រដ្ឋាភិបាល បានធ្វើការវះកាត់យកកន្ទុយមនុស្សនោះចេញ ដោយជោគជ័យ។ ប្រធានគ្រូពេទ្យវះកាត់ លោកវេជ្ជបណ្ឌិត Dr Pramod Giri បានមានប្រសាសន៍ថា “លោកគិតថាក្រុមគ្រួសារក្មេងប្រុស បានដឹងពីសាច់ដែលដុះមិនប្រក្រតីនេះយូរហើយ ប៉ុន្តែពួកគេមិនព្រមមកជួបគ្រូពេទ្យតាំងពីដំបូងនោះទេ ដោយសារតែការមាក់ងាយពីសង្គម និងបានផ្សារភ្ជាប់អបិយជំនឿទៅលើសាច់ដែលដុះនោះ”៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]