ឥណ្ឌូនេស៊ី៖ កាលពីពេលថ្មីៗនេះ មានរឿងដ៏ហួសចិត្តនឹកស្មានមិនដល់មួយ បានកើតឡើងនៅក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយទិដ្ឋភាពនៃផ្ទាំងផ្សាយពាណិជ្ជកម្មដ៏ធំមួយ បានលេចចេញទៅជាទស្សនីយភាពវីដេអូអាសអាភាស ចាក់ផ្សាយតាមផ្លូវ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរគ្រប់រូបមានការងឿយឆ្ងល់។

បើតាមប្រភពបានឲ្យដឹងថា វីដេអូអាសអាភាសនេះ ត្រូវបាន Hack ដោយយុវជន អាយុ២៤ឆ្នាំម្នាក់ ដែលធ្វើការជាអ្នកជំនាញព័ត៌មានវិទ្យា (IT) ហើយក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ ក្រោយពីបានប្រព្រឹត្តនូវសកម្មភាពអសីលធម៌នេះរួចមក។

គួរបញ្ជាក់ពីទិដ្ឋភាពនេះផងដែរថា នៅក្នុងទីប្រជុំជនដែលកំពុងមមាញឹក និងកកស្ទះចរាចរណ៍នៅតាមដងផ្លួវ ស្រាប់តែសុខៗផ្ទាំងផ្សាយពាណិជ្ជកម្មដ៏ធំជាងគេនៅក្នុងក្រុង បានប្រែទៅជាវីដេអូអាសអាភាសរបស់ជប៉ុន រយៈពេលប្រមាណ១០នាទី ធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវមានការងឿយឆ្ងល់ និងភ្ញាក់ផ្អើលគ្រប់ៗគ្នា។

បន្ទាប់ពីមានការភ្ញាក់ផ្អើលអស់រយៈពេលជាច្រើននាទីរួចមក ផ្ទាំងផ្សាយពាណិជ្ជកម្មដែលកំពុងចាក់វីដេអូអាសអាភាសនោះក៏បានរលត់វិញផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រូបភាពជាច្រើនសន្លឹកដែលស្តីពីផ្ទាំងនោះ ត្រូវបានបង្ហោះចូលក្នុងបណ្តាញអិុនធើណេត រឹតតែធ្វើឲ្យមានការចាប់អារម្មណ៍ ពីមនុស្សជាច្រើននាក់ថែមទៀតផង។

ចំនែកឯយុវជនដែល Hack ចូលក្នុងផ្ទាំងផ្សាយពាណិជ្ជកម្មនោះវិញ ត្រូវបានប៉ូលិសរាយការណ៍ថា អាចនឹងជាប់ពន្ធធនាគាររយៈពេល៦ឆ្នាំ ពីបទល្មើសឧក្រិដ្ឋកម្ម ដែលបច្ចុប្បន្នកំពុងតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយទេ។

គួរបន្ថែមទៀតផងដែរថា យុវជនរូបនេះ បានប្រព្រឹត្តនូវកំហុសដ៏ធ្ងន់ ពីព្រោះ ភាគច្រើននៃប្រជាជនរបស់ឥណ្ឌូនេស៊ី ជាមូស្លីម ដូច្នេះហើយវីដេអូបែបនេះ ត្រូវបានហាមប្រាមដាច់ខាតនៅក្នុងប្រទេស សូម្បីតែឈុតឆាកនៃរឿងស្នេហាផ្អែមល្ហែម ពេលខ្លះក៏ត្រូវបានកាត់ចោលផងដែរ ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]