បញ្ហាប្រតិកម្មស្បែក ឬអាឡែហ្ស៊ីស្បែក ភាគច្រើនកើតឡើងទៅលើ អ្នកដែលមានស្បែកស្តើង និងធ្វើឲ្យស្បែកប្រែជារមាស់ និងឡើងក្រហម (ជួនកាលមានឡើងជាកន្ទួលទៀតផង)។ ជាពិសេស អ្នកមិនត្រូវបន្ត អេះស្បែករមាស់របស់អ្នកទេ ពីព្រោះតែវាអាចធ្វើឲ្យ ស្បែកនឹងដាច់រហែក និងបង្កផលប៉ះពាល់ ដល់ស្បែករបស់អ្នក ដោយសារការឆ្លងមេរោគទៀតផង។

# មូលហេតុ ដែលបណ្តាលឲ្យស្បែកអាឡែហ្ស៊ី

• ប្រតិកម្មពីអាហារ

• ធូលីដី និងផ្សែងកខ្វក់

• ផលិតផលសាប៊ូមួយចំនួន

• ថ្នាំ

• លំអងផ្កា

• ការផ្លាស់ប្តូរសីតុណ្ហភាព។

# រោគសញ្ញាដែលបញ្ជាក់ថា អ្នកមានបញ្ហាប្រតិកម្មស្បែក ៖

• បន្ទាលត្រអាក

• កន្ទួលលើស្បែក

• រោលដោយសារសត្វល្អិតទិច ឬខាំ។ 

# ខាងក្រោមនេះ គឺជាវិធីសាមញ្ញៗ និងមានភាពងាយស្រួលបំផុត សម្រាប់បំបាត់បញ្ហាស្បែកមានប្រតិកម្ម ៖

១. ក្រូចឆ្មា និងទឹកឃ្មុំ

ក្រូចឆ្មា មានលក្ខណៈពិសេស ដូចទៅនឹងថ្នាំសម្លាប់មេរោគ និងសម្លាប់បាក់តេរីពីធម្មជាតិ។ ក្រូចឆ្មា អាចជួយលាងសម្អាត ជាតិពុលចេញមកក្រៅ បានទៀតផង ជាពិសេស គឺវាមានលក្ខណៈសម្បត្តិប្រឆាំង នឹងអាឡែហ្ស៊ី។

អ្នកគ្រាន់តែកាត់ក្រូចឆ្មា ពាក់កណ្តាល មកច្របាច់យកទឹក រួចយកវាទៅលាយជាមួយនឹង ទឹកក្តៅឧណ្ណៗមួយកែវ។ បន្ទាប់មក បន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេចូល។ កូរឲ្យសព្វ រួចទទួលទានភេសជ្ជៈនេះ នៅពេលព្រឹក (ពោះទទេរ)។ វាអាចជួយការពារស្បែករបស់អ្នក ពីប្រតិកម្មបានយ៉ាងមានប្រសិទ្ធភាព។

២. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក បន្ទន់ស្បែក ប្រឆាំងបាក់តេរី និងផ្សិត។ ជាពិសេស វាជាឱសថល្អប្រសើរបំផុត សម្រាប់ការព្យាបាលបញ្ហាស្បែក បានយ៉ាងច្រើនប្រភេទ។ ក្រៅពីការព្យាបាល ប្រទាលកន្ទុយក្រពើ ជួយឲ្យស្បែកទន់ភ្លឺរលោង កាត់បន្ថយអាការៈរមាស់ និងបន្ថយស្នាមក្រហមផងដែរ។

អ្នកគ្រាន់តែ កាត់យកជែល របស់ប្រទាលកន្ទុយក្រពើ រួចយកវាមកលាប នៅត្រង់បរិវេណដែលអាឡែហ្ស៊ី។ បន្ទាប់មកទុកចោល យ៉ាងហោចណាស់ ២០ នាទី រួចលាងទឹកចេញ។ អ្នកអាចអនុវត្តន៍មួយថ្ងៃ ៣ ដង រហូតទាល់តែស្នាមរោល រលុបបាត់អស់។

៣. ម្សៅ Baking soda

ម្សៅ Baking soda អាចជួយបំពាត់ស្នាមកន្ទួលលើស្បែកបាន។ ជាងនេះទៅទៀត ម្សៅ Baking soda អាចជួយបន្ថយអាការៈរមាស់ និងរលាកទៀតផង។

អ្នកគ្រាន់តែលាយ ម្សៅ Baking soda ប្រមាណ ១ ភាគ ៣ នៃទឹក។ បន្ទាប់មក លាបល្បាយនេះ មកលាបត្រង់កន្លែង ដែលប្រតិកម្ម រួចទុកចោល ២ ទៅ ៣ នាទី មុននឹងលាងសម្អាតចេញ (ប្រសិនបើអ្នកទុកយូរជាងនេះ ស្បែករបស់អ្នកនឹងកាន់តែរលាក)។ អនុវត្តន៍វិធីនេះ អាចធ្វើមួយថ្ងៃ មួយដង ឲ្យបាន ២ ទៅ ៣ ថ្ងៃ។ ត្រូវចងចាំថា អ្នកមិនត្រូវប្រើប្រាស់ Baking soda លើស្បែកដែលដាច់រហែក ឬមានរបួសទេ។

៤. ប្រេងអូលីវ

ប្រេងអូលីវឆៅ អាចប្រើប្រាស់បានជាសារធាតុផ្តល់សំណើម ដល់ស្បែកយ៉ាងអស្ចារ្យ ក៏ដូចជាព្យាបាល និងជម្រុះកោសិកាស្បែកចាស់ៗចោល ក៏ព្រោះតែ ប្រេងអូលីវសម្បូរទៅដោយ វីតាមីន E និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ មិនត្រឹមតែប៉ុណ្ណោះ វាធ្វើឲ្យស្បែករបស់អ្នកទន់រលោង និងការពាររមាស់ទៀតផង។

អ្នកគ្រាន់តែយកប្រេងអូលីវឆៅ មកលាបលើស្បែកអាឡែហ្ស៊ី (វានឹងស្ងួតដោយខ្លួនឯង) មួយថ្ងៃ ២ ទៅ ៣ ដង រហូតទាល់តែសះស្បើយ។ ប្រសិនបើអ្នកមិនអាចរក ប្រេងអូលីវឆៅបានទេ នោះអ្នកអាចជំនួសដោយ ប្រេងអូលីវធម្មតា មកលាយជាមួយនឹងទឹកឃ្មុំ ក្នុងបរិមាណស្មើគ្នា ក៏បាន។ 

៥. ប្រេងដូង

ប្រេងដូង អាចជួយដល់ស្បែកប្រតិកម្ម ដែលមានសភាពស្ងួតខ្លាំងបាន។ ប្រេងដូង មានលក្ខណៈសម្បត្តិស្រដៀងទៅនឹង ប្រេងអូលីវដែរ ដោយសម្បូរវីតាមីន E។ ជាពិសេស ជួយឲ្យស្បែកភ្លឺ ដូចធម្មជាតិ។

អ្នកគ្រាន់តែយក ប្រេងដូងមកលាបត្រង់បរិវេណអាឡែហ្ស៊ី (វានឹងស្ងួតដោយខ្លួនឯង) ឬគ្រាន់តែលាយប្រេងដូង ជាមួយទឹកក្តៅឧណ្ណៗមុជ ក៏បានដែរ។

៦. ទឹកកក

ដុំទឹកកក មានអត្ថប្រយោជន៍ ក្នុងការកាត់បន្ថយអាការៈកន្ទួលបាន ជាពិសេស ប្រតិកម្មដោយសារ រលាក ដោយសារសត្វល្អិតទិច ឬខាំ ដោយសារថ្នាំ និងដោយសារជំងឺរើម។ វាជួយកាត់បន្ថយអាការៈ រមាស់ ហើម និងរលាក បានយ៉ាងមានប្រសិទ្ធភាព។

អ្នកគ្រាន់តែដាក់ដុំទឹកកក ទៅក្នុងថង់ប្លាស្ទិចណាមួយ រួចយលទៅស្អំ ត្រង់កន្លែងដែលមានប្រតិកម្ម ២ ទៅ ៣ នាទី។ អនុវត្តន៍ មួយថ្ងៃ ២ ទៅ ៣ ដង ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស។ វិធីមួយផ្សេងទៀតគឺ អ្នកគ្រាន់តែ ជ្រលក់ក្រណាត់ស្អាត ចូលទៅក្នុងទឹកកក រួចដាក់ស្អំលើស្បែក ក៏បានដែរ។

៧. ជីវ៉ាន់ស៊ុយ

ជីវ៉ាន់ស៊ុយ ត្រូវបានគេជឿថាជា ឱសថដែលមានប្រសិទ្ធភាព សម្រាប់ជួយព្យាបាលកន្ទួល និងស្បែករមាស់ ដោយសារតែវាមានសារធាតុប្រឆាំងនឹងអាការៈរមាស់ និងរលាក។

អ្នកគ្រាន់តែ យកស្លឹកជីវ៉ាន់ស៊ុយ មកកិនឲ្យម៉ដ្ឋ (កុំលាយទឹក) បន្ទាប់មក យកវាមកបិទពីលើស្បែក ទុកចោលប្រមាណកន្លះម៉ោង រួចលាងសម្អាតចេញ។ អនុវត្តមួយថ្ងៃ ២ ដង ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃជាប់គ្នា។ វិធីមួយផ្សេងទៀត គឺគ្រាន់តែទទួលទានទឹកជីវ៉ាន់ស៊ុយ រយៈពេល ២ ទៅ ៣ ថ្ងៃក៏បាន។

៨. គ្រាប់ល្ហុង

គ្រាប់ល្ហុង និងទឹកក្រូចឆ្មារ ជាដៃគូ ដ៏ល្អបំផុតសម្រាប់ព្យាបាលស្បែកអាឡែហ្ស៊ី។ អ្នកគ្រាន់តែខ្វេះយកគ្រាប់ល្ហុង ចេញពីផ្លែរបស់វា រួចយកមកកិនឲ្យម៉ដ្ឋ បន្ទាប់មកច្របាច់ ក្រូចឆ្មាមួយផ្លែចូល ជាមួយនឹង ទឹកមួយស្លាបព្រាកាហ្វេផងដែរ។ កូរឲ្យសព្វ រួចលាបវាពីលើបរិវេណស្បែកប្រតិកម្ម។ នេះជាវិធីសាស្រ្ត ដ៏មានប្រសិទ្ធិភាពបំផុត សម្រាប់ស្បែកអាឡែហ្ស៊ី! 

ប្រភព៖ Beauty Tips | Top 10 Home Remedies

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]