ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង បរិស្ថានលោក សាយ សំអាល់ នៅក្នុងវេទិកានិពន្ធនាយក ស្ដីពីការរួមចំណែករបស់វិស័យសារព័ត៌មាន ដើម្បីការការពារបរិស្ថាននៅកម្ពុជា និងតំបន់ទន្លេមេគង្គ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះបានមាន ប្រសាសន៍ថា ក្រសួងកំពុងពិភាក្សា និងពិចារណាបិទការនាំចូលផលិតផល ថង់ប្លាស្ទិកមួយចំនួនដែលបង្កផលប៉ះពាល់ ប្រយោជន៍គាំពារបរិស្ថាន នៅកម្ពុជា ។

ថ្លែងប្រាប់ក្រុមអ្នកសារ ព័ត៌មានលោក សាយ សំអាល់ បានឲ្យដឹងថា "ឥឡូវហ្នឹងយើងកំពុងតែពិនិត្យមើល បើយើងទៅរកដំណោះស្រាយក្រោយបញ្ហាដែលកើតឡើង ថង់ប្លាស្ទិកហ្នឹងវាមានស្រួល មានតម្លៃថោកអាច ប្រើប្រាស់ បាន ចឹងអាស្រ័យលើការយល់ដឹករបស់ប្រជាពលរដ្ឋ បើយើងឈប់ប្រើថង់ប្លាស្ទិកទាំងអស់គ្នាយើងអាចកាត់បន្ថយបាន ប៉ុន្ដែជម្រើសទីពីរ ថាតើប្រភេទថង់ប្លាស្ទិក ប្រភេទណាដែលយើងគួរអាចបិទមិនឲ្យនាំចូលតែម្ដង កាលណានាំចូលបង្ក ឲ្យមានសំណល់​ប្លាស្ទិក ចឹងយើងកំពុងតែពិនិត្យ មើលឲ្យបានហ្មត់ចត់ ពីព្រោះអាចប៉ះពាល់ ដល់ជីវភាព របស់ប្រជាពលរដ្ឋ" ។

លោកបានបន្ថែមទៀតថា យើងត្រូវតែពិនិត្យឲ្យបានច្បាស់មែនទែន ពីព្រោះថា នៅពេលដែលដាក់វិធានការទៅហើយ ធ្វើឲ្យប៉ះពាល់ដល់ជីវភាព របស់ប្រជាពលរដ្ឋនោះក៏មិនមានប្រសិទ្ធភាពដែរ ហើយគម្រោងបិទផលិតផល ប្លាស្ទិកនោះ គឺជាប្រភេទប្លាស្ទិក ដែលកប់នៅក្នុងដីបានយូរ មិនងាយរលាយ ដែលបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ លោក សាយ សំអាល់ បានបញ្ជាក់បន្ថែមទៀតថា ប្លាស្ទិកជាសំណល់មិនងាយរលាយ ហើយបើធ្លាក់ចូលទៅដល់ក្នុង ទន្លេ ឫសមុទ្រវិញ នឹងបណ្ដាលឲ្យកើតជាពពុះទឹក ដែលធ្វើឲ្យប៉ះពាល់ដល់ សោភ័ណភាព​បរិស្ថាន ។

ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននេះដដែល លោកបានជំរុញឲ្យសាលារាជធានី ប្រគល់ភារកិច្ច និងថវិកា ដើម្បីគាំពារបរិស្ថានទៅតាមខណ្ឌ ពីព្រោះខណ្ឌស្ថិតនៅជាប់នឹង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែម្ដង ។ លោកសង្ឃឹមថា សាលារាជធានីនឹងធ្វើការងារនេះ ឲ្យបានលឿន ដើម្បីធ្វើយ៉ាងណាឲ្យបរិស្ថានកម្ពុជា មានសោភ័ណភាពល្អប្រសើរ៕​

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកព័ត៌មានមួយផ្សេងទៀត កាលពីលើកមុន គួរឲ្យដឹងដែរថា នៅថ្ងៃទី២០ ឧសភា នេះ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលស្រាវ ជាវសិក្សាថ្មីៗបន្ថែមទៀតថា ពពួកប្លង់តុងធ្វើឲ្យមានបាតុភូតទឹកសមុទ្រ ខេត្តកែបប្រែពណ៌ មិនមានសារធាតុគីមីពុល ប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថានបានឲ្យដឹងថា លទ្ធផលសិក្សាថ្មីៗបន្ថែមទៀត លើករណីទឹកសមុទ្រប្រែពណ៌ ទៅជាបៃតងមួយរយៈពេលកន្លងមក នៅឆ្នេរសមុទ្រខេត្តកែប បន្ទាប់ពីក្រសួងបានបញ្ជូនមន្រ្តីជំនាញ ធ្វើសហការជាមួយអ្នកជំនាញ អង្គការភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីប៉ូព៌ា ( PEMSEA) ដោយមានជំនួយផ្នែកបច្ចេកទេសពី Western Pacific (WESTPAC) បានចុះពិនិត្យ និងអង្កេតតាមដានស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ នៅតាមបណ្តាទីតាំងកើតហេតុ ព្រមទាំងយកទឹកសំណាកសមុទ្រ មកធ្វើការវិភាគរកអត្តសញ្ញាណពួកប្លង់តុង និងសារធាតុគីមីពុលផ្សេងៗ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

លទ្ធផលនៃការសិក្សានេះ បានបង្ហាញដូចលទ្ធផល ដែលមន្រ្តីជំនាញ នៃក្រសួងបរិស្ថានរកឃើញ នាពេលកន្លងទៅផងដែរគឺ ពពួកប្លង់តុងដែលពិនិត្យឃើញ នៅក្នុងទឹកសមុទ្រជាប្រភេទធម្មតា និងពុំមានវត្តមានប្រភេទប្លង់តុង ដែលបង្កឲ្យមានផលប៉ះពាល់ ដល់សុខភាពមនុស្សនិងសត្វឡើយ។ និងមិនមានសារធាតុគីមីពុលនៅក្នុងទឹកសមុទ្រទេ។

យោងទៅលើលទ្ធផល នៃការស្រាវជ្រាវខាងលើនេះ ក្រសួងបរិស្ថានសន្និដ្ឋានបានថា ការលេចឡើងបាតុភូតទឹកសមុទ្រ ប្រែពណ៌នេះ (Red tide ) ជាបាតុភូតធម្មជាតិដែលកើតឡើង ដោយសារការប្រែប្រួលអកាសធាតុ នៃការកើនឡើងកម្តៅ ទូទាំងប្រទេសកម្ពុជា និងនៅក្នុងតំបន់ ដែលជាហេតុធញធ្វើឲ្យកើតឡើង ពពួកប្លង់តុង ( Plankton ) ហើយដែលវាបានវិវត្តបំបែកខ្លួន និងផ្តុំគ្នាទៅជា សារាយពណ៌បៃតងពាសពេញទឹកសមុទ្រ។

ប៉ុន្តែការងាប់វារីសមុទ្រមួយចំនួនតូចកន្លងមក បណ្តាលមកពីទឹកឡើងកម្តៅ ការបាត់បង់ អុកស៊ីសែនក្នុងទឹកបង្កឡើង ដោយមានកើនឡើងនៃពពួកប្លង់តុងទាំងនោះ ដែលជាមូលហេតុធ្វើឲ្យវារីសមុទ្រមួយចំនួនតូច នៅក្នុងទឹករាក់ងាយនឹងងាប់។

អាស្រ័យដូចនេះ ក្រសួងបរិស្ថាន សូមឲ្យសាធារណជនឈប់បារម្ភ ពីបញ្ហាគុណភាពទឹកសមុទ្រ សម្រាប់ការងូតទឹកកម្សាន្ត និងការបរិភោគគ្រឿងសមុទ្រនៅខេត្តកែប ចាប់ពីពេលនេះតទៅ។ ចំណែកបងប្អូនប្រជានេសាទ ក៏អាចបន្តមុខរបរ តាមតំបន់គោលដៅនេសាទ តាមធម្មជាតិវិញផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]