លោកអ្នកបានដឹងហើយថា «ខ្ទឹមស» មានលក្ខណៈសម្បត្តិល្អប្រសើរណាស់ សម្រាប់សុខភាព ប៉ុន្តែទន្ទឹមនឹងនេះវាក៏បានផ្តល់ នូវក្លិនមិនល្អមួយចំនួន នៅជាប់ក្នុងមាត់របស់យើងផងដែរ។ បើចៃដន្យនិយាយគ្នាលេង ជាមួយមិត្តភក្តិ ហើយមានជះក្លិនមាត់ ទៅលើគេ នោះពិតជាមិនល្អឡើយ ព្រោះខ្ទឹមក្លិនស នេះជាប់មាត់បានយូរអង្វែងណាស់ ទោះផឹកទឹកច្រើនយ៉ាងណា ឬទំពារស្ករកៅស៊ូ ឬដុសធ្មេញច្រើនដងក្តីក៏នៅមិនបាត់ដែរ។

សម្រាប់មូលហេតុ ដែលធ្វើឱ្យក្លិនខ្ទឹមសជាប់មាត់យូរ ព្រោះក្លិនខ្ទឹមស អាចជាប់បានរហូតដល់ទៅ ៧២ម៉ោង នេះក៏ដោយសារតែ វាសម្បូរសមាសធាតុស្ពាន់ធ័រ ដែលអាច បញ្ចេញចំហាយចូល ទៅក្នុងចរន្តឈាម រួមបញ្ជូនទៅក្នុងសួត ហើយបន្ទាប់មក វាក៏បានបង្ហើរចេញមកក្រៅវិញ តាមការដកដង្ហើម និងញើសក្រពេញ។ ដូច្នេះទោះបីជា អ្នកខំប្រឹងដុសធ្មេញ ឬទំពារស្ករកៅស៊ូក្តី ក៏នៅតែមានក្លិននៅក្នុងមាត់ដដែល។

ប៉ុន្តែចាប់ពីពេលនេះតទៅ អ្នកនឹងអស់បារម្ភពីបញ្ហានេះ ដោយគ្រាន់តែងាកមក ទទួលទាន៖

១.ទឹកដោះគោស្រស់១កែវ៖ វាជាភេសជ្ជៈសម្បូរសារធាតុអាហារ និងមានជាតិខ្លាញ់ ល្អម្យ៉ាង ដែលអាចជួយបន្សាបសមាសធាតុស្ពាន់ធ័រ បានយ៉ាងមានប្រសិទ្ធភាព។

២.ផ្លែប៉ោម៖ វាមានផ្ទុកអង់ស៊ីមមួយប្រភេទ ដែលមានឈ្មោះថា oxidase អាចជួយកម្ចាត់ប្រតិកម្មគីមីនៃ ក្លិនអាក្រក់របស់ខ្ទឹមស បាន។

៣.ទឹកតែ៖ ជាពិសេសតែបៃតង ព្រោះតែបៃតងមានផ្ទុកទៅដោយ សារធាតុសំខាន់ៗ ដែលអាចជួយសម្លាប់អំណាច នៃសមាសធាតុស្ពាន់ធ័ររបស់ខ្ទឹមស បានយ៉ាងល្អ។

៤.ក្រូចឆ្មារ៖ អាចទទួលទានដោយការហាន់វាជាចំណិតតូចៗ រួចសឹមយកមកទំពារ ក្នុងមាត់ម្តងបន្តិចៗ ឬច្របាច់យកលាយ ជាមួយទឹកក្តៅឧណ្ហៗក៏បាន ព្រោះក្រូចឆ្មារ មានជាតិអាស៊ីតល្អណាស់ ដែលអាចជួយឱ្យក្លិនមាត់មិនល្អដោយសារខ្ទឹមស ឬដោយសារមូលហេតុផ្សេងៗ រលាយបានទៅដោយងាយស្រួល ហួសពីការស្មាន។

ម្យ៉ាងទៀត ប្រសិនបើមានក្លិនខ្ទឹមស ជាប់នៅលើក្រចក ក៏អាចប្រើច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញ ដុសវាចេញនៅលើក្រចក ឬនៅលើម្រាមដៃផងដែរ នោះវានឹងបាត់ក្លិនទៅយ៉ាងឆាប់រហ័ស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]