ភ្នំពេញ៖ ស្រីស្អាត ឌុច លីដា តារាសម្តែងដ៏មានប្រជាប្រិយភាពមួយដួង ក្នុងព្រះរាជណាចក្រកម្ពុជា រយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា រូបនាងហាក់បីដូចជាមានយីអ៊ុនខ្ពស់ ខណៈលេចមុខច្រើន ក្នុងវិស័យខ្សែភាពយន្ត មិនថាតែក្នុងស្រុក ឬក្រៅស្រុកឡើយ។

ជាក់ស្តែងខ្សែភាពយន្តថ្មីមួយទៀតហើយ ដែលកញ្ញាបានចូលរួមសម្តែង មានចំណងជើងថា «នារីវេទមន្ត» ដែលជាស្នាដៃដឹកនាំដោយផលិតកម្មរ៉ក់ ហើយគ្រាន់តែចេញ Trailer មកភ្លាម ធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីស្រីស្អាតរូបនេះ ហ៊ានថតព្រលែងខ្លួនទាំងល្វែង បញ្ចេញសាច់សខ្ចី ស្ទើរតែគ្រប់ឈុតឆាក ជាហេតុបង្កឲ្យកើតរឿងចម្រូងចម្រាស និយាយពីមាត់មួយមាត់ពីរ ទាំងសរសើរនិងរិះគន់លើរូបនាង ទាក់ទងនឹងខ្សែភាពយន្តនេះផងដែរ។

ជុំវិញរឿងរ៉ាវនេះដែរ ថ្មីៗនេះក្នុងជំនួបកិច្ចសម្ភាសន៍មួយ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ CNC ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក យឹម សុសត្យា ជាប្រធានគ្រប់គ្រងផលិតកម្មរ៉ក់ (Rock Production) និងលោក ជីមី ហេនដឺសាន់ ជាអ្នកដឹកនាំសម្តែងរបស់ផលិតកម្មរ៉ក់ រួមជាមួយនឹងកញ្ញា ឌុច លីដា ដែលជាតារាសម្តែងល្បីលេចធ្លោ ក្នុងព្រះជាណាចក្រកម្ពុជា ដើម្បីចូលខ្លួនមកជជែកពិភាក្សាផងដែរ។

គួរឲ្យដឹងថា ជំនួបកិច្ចសម្ភាសន៍នេះ ធ្វើឡើងដើម្បីធ្វើការពិភាក្សា វែកញែកទាក់ទងនិងឈុតឆាកសម្តែង និងអត្តន័យនៃសាច់រឿងខ្លះៗ ជាពិសេសទៅទៀតនោះ ដើម្បីស្រាយចម្ងល់ជូនដល់ សាធារណៈជនទាក់ទងនឹងឈុត កញ្ញា ឌុច លីដា សម្តែងក្នុងខ្សែភាពយន្តនេះផងដែរ បន្ទាប់ពីមានពាក្យចចាមអារ៉ាម ជាហូរហែរថា ការថតឈុតឆាករបស់កញ្ញា ឌុច លីដា នេះ គឺជាការអាក្រាតកាយពិតៗ ខណៈអ្នកខ្លះទៀតលើកឡើងថា វាគ្រាន់តែជាជំនួយ ក្នុងបច្ចេកទេសថតតែប៉ុណ្ណោះ។

ទន្ទឹមនឹងនោះផងដែរ បើតាមការរៀបរាប់ ពីសំណាក់តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាពរូបនេះ រួមជាមួយនឹងលោក យឹម សុសត្យា ប្រធានគ្រប់គ្រងផលិតកម្មរ៉ក់ ក្នុងជំនួបកិច្ចសម្ភាសន៍នេះ បានឲ្យដឹងថា ទាក់ទងនឹងខ្សែភាពយន្តខ្មែររឿង «នារីវេទមន្ត» នេះដែរ សម្រាប់កញ្ញា ឌុច លីដា ផ្ទាល់ រូបនាងជឿជាក់ថាទស្សនិកជនបងប្អូនខ្មែរយើង ច្បាស់ជាមិនពេញចិត្ត ត្រង់ចំណុចឈុតឆាកមិនមានស្លៀកសម្លៀកបំពាក់ជាច្រើនប្លង់ ដែលកញ្ញាបានសម្តែងឡើងក្នុងខ្សែភាពយន្តនេះ ជាក់ជាមិនខាន។

ទោះបីជាយ៉ាងក្តី ទន្ទឹមនឹងពាក្យកោតសរសើរ ពីសំណាក់មហាជនមួយចំនួន បូករួមជាមួយនឹងពាក្យរិះគន់ដែរនោះ កញ្ញា ឌុច លីដា រួមជាមួយនឹងលោកប្រធានគ្រប់គ្រងផលិត ក៏បានធ្វើការបកស្រាយ ដោយអះអាងលើកឡើងថា នេះគ្រាន់តែជាវិធីសាស្រ្ត ឬបច្ចេកទេស ក្នុងការថតតែប៉ុណ្ណោះ។

លើសពីនេះ កញ្ញា ឌុច លីដា ក៏សង្ឃឹមយ៉ាងមុតមាំថា អ្នកគាំទ្រ និងទស្សនិកជនមួយចំនួនទៀត និងអាចរៀនបើកចិត្តឲ្យទូលាយ យល់ដឹងឲ្យកាន់តែច្បាស់ ពីវិស័យខ្សែភាពយន្ត វិស័យសិល្បៈ ព្រោះថាការសម្តែងក្នុងខ្សែភាពយន្តមួយនេះ គឺសម្តែងទៅតាមបែបសិល្បៈ និងសមស្របទៅតាមសាច់រឿងតែប៉ុណ្ណោះ គួបផ្សំជាមួយនឹងបច្ចេកថត (កាត់ត) ដ៏ល្អឥតខ្ចោះផងដែរ។ ហើយសម្រាប់រឿងនេះដែរ មិនមែនគោលបំណងចង់បង្ហាញពីការអាក្រាតកាយ ដើម្បីជាការទាក់ទាញអ្វីមួយ ឬផលប្រយោជន៍របស់ខ្លួនឡើយ។

ព្រោះការដែលខ្មែរយើង ខិតខំនិងព្យាយាមផលិត នូវខ្សែភាពយន្តនេះ ឬខ្សែភាពយន្តណាមួយឡើងនោះ គឺដើម្បីជាការលើកស្ទួយ នូវខ្សែភាពយន្តខ្មែរយើង ឲ្យកាន់តែរីកចម្រើនដើរទៅមុខ ចូលក្នុងចំណោមវិស័យខ្សែភាពយន្តផ្សេងៗ ឬឲ្យកាន់តែមានភាព ល្បីល្បាញលើឆាកអន្តរជាតិតែប៉ុណ្ណោះ។

ជាចុងក្រោយ លោក យឹម សុសត្យា ដែលជាប្រធានគ្រប់គ្រងផលិតកម្មរ៉ក់រូបនេះ ក៏បានបញ្ជាក់ដែរថា ប្រសិនណាបើទស្សនិកជន ចង់ជ្រាបកាន់តែច្បាស់នោះ គឺអាចអញ្ជើញទៅទស្សនាបាន នោះប្រិយមិត្តនឹងអាចជ្រាបកាន់តែច្បាស់ ពីការពិតជាក់ជាពុំខាន ៕ 

ទស្សនាវីដេអូ៖

ស្តាប់កញ្ញា ឌុច លីដា នៅនាទី 12:40 ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា