ត្រូវទទួលទានផ្លែឈើនេះ! កុំចេញក្រៅនៅពេលនេះឲ្យសោះ! ញ៉ាំភេសជ្ជៈនេះ! ចាំបន្តិច អ្នកមិនអាចធ្វើដូច្នេះបានទេ!

ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ ពាក្យទាំងនេះអ្នកគួរតែធ្លាប់ ឮញឹកញាប់ហើយ។ មនុស្សស្ទើរគ្រប់គ្នាមានដំបូន្មាន ឬ គំនិតណែនាំពីវិធី ដែលល្អបំផុតក្នុងការថែរក្សាគភ៌ និងសុខភាពអ្នកឲ្យបានល្អ។ ប៉ុន្តែថ្វីបើពួកគេមានបំណងល្អ ឬនិយាយត្រូវច្រើនយ៉ាងណាក្ដី តើអ្នកដឹងទេថាមានប៉ុន្មាន ដែលចាស់ៗគ្រាន់តែប្រឌិតឡើងឬនិយាយតគ្នា?

អ្នកពិតជាត្រូវការការផ្ដល់ដំបូន្មានដ៏ល្អបំផុត ដើម្បីកូនក្នុងផ្ទៃរបស់អ្នក មានការលូតលាស់បានល្អ និងសុខភាពរឹងមាំ។ ការយល់ដឹងពីអ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវចៀសវាង អាចជួយអ្នកមានជម្រើស សម្រាប់សុខភាពកាន់តែល្អប្រសើរ និងសម្រាប់កូនរបស់អ្នក ព្រមទាំងសុខភាពអ្នក ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ខាងក្រោមនេះជា បញ្ជីបង្ហាញអំពីអ្វីត្រូវធ្វើ និងមិនត្រូវធ្វើ ដែលអាចជួយបំភ្លឺនូវអ្វីដែលអ្នកអាចធ្វើបាន និងគួរតែធ្វើ ព្រមទាំងអ្វីដែល អ្នកមិនគួរធ្វើដើម្បីរក្សាគភ៌ និងសុខភាពអ្នកឲ្យមានសុវត្ថិភាព។

អ្វីដែលស្ត្រីមានផ្ទៃពោះត្រូវធ្វើ៖

1/ទៅជួបគ្រូពេទ្យឲ្យបានទៀងទាត់តាមការណាត់៖ ការពិនិត្យផ្ទៃពោះ អាចជួយអ្នក និងកូនក្នុងផ្ទៃបានល្អក្នុងករណីខ្លះ ដែលអាចរកឃើញពីជំងឺផ្សេងៗ។

2/ ទទួលទានអាហារសុខភាពសម្បូរជីវជាតិបំប៉ន៖ សូមបន្ថែមប្រភេទអាហារសុខភាពចម្រុះឲ្យ បានច្រើនក្នុងរបបអាហាររបស់អ្នក។ ប្រភេទអាហារទាំងនោះ រួមមានបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ អាហារមានជាតិ កាល់ស្យូមខ្ពស់ សាច់សុទ្ធ និងអាហារសមុទ្រជាដើម។

3/ទទួលទានជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់៖ បរិមាណកាល់ស្យូម 1300មិលី្លក្រាម ពីផលិតផលធ្វើពីទឹកដោះគោ បន្លែបៃតងចាស់ និងសារធាតុរ៉ែខនិកល្អៗ ដទៃទៀត មានតួនាទីសំខាន់ក្នុង ការជួយឲ្យធ្មេញ និងឆ្អឹងទារកក្នុងផ្ទៃលូតលាស់រឹងមាំល្អ។ សូមចងចាំថាទារកក្នុងផ្ទៃអាច ស្រូបយកជាតិកាល់ស្យូមពីរាងកាយអ្នក ដូច្នេះសូមទទួលទានកាល់ស្យូម និងសារធាតុរ៉ែខនិកឲ្យបានគ្រប់គ្រាន់ ដើម្បីការពារឆ្អឹងរបស់ អ្នកផងដែរ។

កាល់ស្យូមក៏អាចជួយបង្ការ៖
- ជំងឺពុកឆ្អឹង៖ ដែលបណ្ដាលមកពីឆ្អឹងចុះទន់ខ្សោយ ដោយសារកំហាប់ឆ្អឹងមានកម្រិតទាប
- ជំងឺក្រិស៖ ដែលជាមូលហេតុធ្វើឲ្យឆ្អឹងទារកទន់
-ជំងឺឆ្អឹងទន់
-ទីភ្នាក់ងារផ្សេងៗដូចជាអង្គការសុខភាពពិភពលោក (WHO) បានណែនាំឲ្យទទួលទានជាតិកាល់ស្យូមឲ្យបាន1500-2000មិល្លីក្រាម ក្នុងមួយថ្ងៃ ដើម្បីបង្ការជំងឺបម្រុងក្រឡាភ្លើង ជាពិសេសសម្រាប់ស្ត្រី ដែលទទួលទានកាល់ស្យួមមិនគ្រប់គ្រាន់។

ប្រសិនបើអ្នកមិនអាចទទួលទានកាល់ស្យូមឲ្យ បានគ្រប់គ្រាន់តាមតម្រូវការ ប្រចាំថ្ងៃពីរបបអាហាររបស់អ្នកទេ សូមព្យាយាមទទួលទាន ផលិតផលជំនួយជាតិកាល់ស្យូមបន្ថែម ។ យោងតាម WHO ការបន្ថែមជាតិកាល់ស្យូម អាចកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗតាមរយៈការបន្ថយហានិភ័យ នៃជំងឺលើសសម្ពាធឈាម ក្នុងអំឡុងពេលមានផ្ទៃពោះ។ ភាពមិនប្រក្រតីនេះ ជាកត្តាទាក់ទងនឹង អត្រាមរណភាពមាតាមានផ្ទៃពោះ និងហានិភ័យខ្ពស់ ទាក់ទងនឹងទារកកើត មិនគ្រប់ខែផងដែរ។

ទទួលទានអាហារូបត្ថម្ភសំខាន់ៗ៖ របបអាហារសុខភាព ជួនកាលប្រហែល ជាមិនទាន់គ្រប់គ្រាន់ទេ។ វីតាមីនផ្សេងៗសម្រាប់ពេលមានផ្ទៃពោះ ផ្ទុកនូវអាហារូបត្ថម្ភកម្រិតខ្ពស់ដូចជា កាល់ស្យូម អាស៊ីតហ្វូឡិក និងជាតិដែក។ វីតាមីនទាំងនេះជួយដល់ការលូតលាស់ទារកក្នុងផ្ទៃ និងបង្ការពិការភាពពីកំណើត។

គេងឲ្យបានគ្រប់គ្រាន់៖ ព្យាយាមគេងឲ្យបានពី 7 ទៅ 9ម៉ោង។ ស្ត្រីមានផ្ទៃពោះដូចជាអ្នក ចាំបាច់ត្រូវការគេង ឲ្យបានគ្រប់គ្រាន់ និងគេងឲ្យបានត្រឹមត្រូវ ដើម្បីធានាថាសុខភាពអ្នកល្អ។ ការសម្រាកដោយគេងផ្អៀងមក ខាងឆ្វេងជួយឲ្យឈាមរត់បានស្រួលទៅកាន់ទារកក្នុងផ្ទៃ និងបង្ការជំងឺហើម បានផងដែរ។

ពិនិត្យការប្រើប្រាស់ឱសថ៖ ឱសថគ្មានវេជ្ជបញ្ជា ឬឱសថបុរាណមួយចំនួន អាចបណ្ដាលឲ្យប៉ះពាល់ ដល់ទារកក្នុងផ្ទៃ។ យកល្អគប្បីពិគ្រោះជាមួយគ្រូពេទ្យជាមុននៅពេលចាប់ផ្ដើម ឬឈប់ប្រើប្រាស់ឱសថ។

ហាត់ប្រាណ៖ ការហាត់ប្រាណ ផ្ដល់ផលល្អដល់ម្ដាយ និងទារក! ការហាត់ប្រាណទៀងទាត់ អាចជួយបង្ការបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងក្នុងអំឡុងពេលមានផ្ទៃពោះ។ បញ្ហាទាំងនេះរួមមាន រោគគេងមិនលក់ ឈឺសាច់ដុំ ឡើងទម្ងន់ជ្រុល និង អារម្មណ៍ឆេវឆាវ។

ទទួលទានទឹកយ៉ាងតិច 12កែវក្នុងមួយថ្ងៃ៖ ជាតិទឹកមានសារៈសំខាន់សម្រាប់ទប់ស្កាត់ បញ្ហាទារកកើតមិនគ្រប់ខែ។ វាក៏ជួយទប់ស្កាត់ជំងឺឈឺក្បាល ក្រួសក្នុងតម្រងនោម វិលមុខ ជំងឺទល់លាមក និងជំងឺឫសដូងបាតផងដែរ។

អ្វីដែលស្ត្រីមានផ្ទៃពោះមិនត្រូវធ្វើ មិនត្រូវទទួលទានជាតិកាហ្វេអ៊ីនហួសកម្រិត ៖ គ្រឿងទទួលទានប្រភេទនេះ អាចប៉ះពាល់ដល់បេះដូងទារកក្នុងផ្ទៃ។ ការសិក្សាមួយចំនួនក៏បានណែនាំដែរថា បរិមាណជាតិកាហ្វេអ៊ីនច្រើនជ្រុល អាចប្រឈមហានិភ័យខ្ពស់ដែលបណ្ដាលឲ្យរលូតទារកក្នុងផ្ទៃ។

ចៀសវាងគ្រឿងស្រវឹង៖ ប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹង សូមបញ្ឈប់ជាបន្ទាន់។ ការទទួលទានគ្រឿងស្រវឹងតែម្ដងនោះ អាចមិនបង្កបញ្ហាដល់ កូនក្នុងផ្ទៃអ្នកទេ ប៉ុន្តែយកល្អត្រូវចៀសវាងគ្រឿង ស្រវឹងជាដាច់ខាត។ ការទទួលទានគ្រឿងស្រវឹងក្នុងអំឡុងពេលមានផ្ទៃពោះ ប្រឈមនឹងហានិភ័យខ្ពស់ ដែលបណ្ដាលឲ្យរលូតទារកក្នុងផ្ទៃ និងស្លាប់ទារកក្នុងផ្ទៃទៀតផង។

មិនត្រូវជក់បារីទេ៖ ចំណុចនេះគឺពុំចាំបាច់រំឭកច្រើនទេ បើទោះជាអ្នកគ្មានផ្ទៃពោះនោះក៏ដោយ។ ប៉ុន្តែការជក់បារីក្នុង អំឡុងពេលមានផ្ទៃពោះ វាបានបញ្ជូនជាតិនីកូទីន និងសារជាតិពុលទៅកាន់កូនក្នុងផ្ទៃរបស់អ្នក។ ការជក់បារីក៏ប៉ះពាល់ ដល់ការលូតលាស់ធំធាត់របស់ទារក និងប្រឈមហានិភ័យខ្ពស់ ដែលបណ្ដាលឲ្យរលូត ទារកកើតមិនគ្រប់ខែ និងអត្រាមរណភាពទារកផងដែរ។

ត្រូវចៀសឲ្យឆ្ងាយពីការទទួលទានប្រភេទត្រីទាំងនេះ៖ មិនត្រូវទទួលទានត្រីចំពុះដាវ ត្រីម៉ាកេរ៉ែល ឆ្លាម និងត្រីអណ្ដាតឆ្កែឡើយ ព្រោះត្រីទាំងនេះមានសារធាតុគីមីបារ៉តខ្ពស់។ ជាតិបារ៉តខ្ពស់អាចបណ្ដាលឲ្យប៉ះពាល់ដល់ការលូតលាស់ប្រព័ន្ធប្រសាទទារកក្នុងផ្ទៃអ្នក។

ពិនិត្យសីតុណ្ហភាពទឹក៖ មិនត្រូវងូតទឹកក្ដៅ ឬ ត្រាំទឹកក្ដៅឡើយ។ សីតុណ្ហភាពខ្ពស់ អាចប៉ះពាល់ដល់ ទារកក្នុងផ្ទៃ និងបណ្ដាលឲ្យអ្នកសន្លប់បាន។

តមអាហារសម្បូរជាតិកាបូនអ៊ីដ្រាត៖ អាហារទាំងនេះមានដូចជានំប៉័ង បាយស បង្អែម និងសូដា តែងបង្កឲ្យកម្រិតជាតិស្ករ ក្នុងឈាមកើនឡើងខ្ពស់។ កត្តាទាំងនេះបណ្ដាលឲ្យទារកឡើងទម្ងន់ និងប្រឈមហានិភ័យខ្ពស់ ក្នុងការធ្វើឲ្យកូនរបស់អ្នក មានជំងឺធាត់ជ្រុលនៅពេលគេធំធាត់ដឹងក្ដី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]