បុត្រធីតារបស់អ្នកប្រៀបបាននឹងគ្រាប់ពេជ្រក្នុងកែវភ្នែកអ្នក ហើយអ្នកតែងថែទាំថ្នាក់ថ្នម គេដោយក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងទំនុកបម្រុង នូវអាហារូបត្ថម្ភដ៏ត្រឹមត្រូវ។ ដូច្នេះបុត្រធីតារបស់អ្នក នឹងលូតលាស់ធំពេញវ័យបានយ៉ាងល្អ។ ទោះបីក្ដីស្រឡាញ់ និងការថ្នាក់ថ្នម ជាធម្មជាតិរបស់ម្ដាយ ប៉ុន្តែការចិញ្ចឹមបីបាច់បុត្រធីតា របស់អ្នកឲ្យបានត្រឹមត្រូវ ទាមទារការខិតខំយកចិត្តទុកដាក់ ដើម្បីធានាថាកូនរបស់អ្នកទទួលបាននូវ អាហារូបត្ថម្ភដែលល្អប្រសើរបំផុត។

អាហារូបត្ថម្ភល្អ ជាមូលដ្ឋានមួយដ៏សំខាន់ ដែលរាងកាយកូនរបស់អ្នកត្រូវការនូវ ជីវជាតិអាហារបំប៉នចម្រុះ។ អាហារបំប៉នទាំងនោះរួមមាន កាល់ស្យូម កាបូនអ៊ីដ្រាត ប្រូតេអ៊ីន ជាតិខ្លាញ់ វីតាមីន និងសារធាតុរ៉ែខនិក ដែលបានមកពីប្រភេទអាហារផ្សេងៗគ្នា ដែលនេះជាមូលហេតុ តម្រូវឲ្យអ្នកធានា ផ្ដល់នូវរបបអាហារ ឲ្យបានគ្រប់គ្រាន់សម្រាប់កូនអ្នក។

1000ថ្ងៃដំបូង

អាហារូបត្ថម្ភល្អត្រូវតែ ចាប់ផ្ដើមពីថ្ងៃទីមួយនៃ ការបង្កកំណើតក្នុងផ្ទៃមាតារហូតដល់កុមារអាយុ 2ខួប ព្រោះថាវាជះឥទ្ធិពលយ៉ាងខ្លាំង ចំពោះអនាគតកូនរបស់អ្នកជាងពេលណាៗទាំងអស់ ក្នុងជីវិតរបស់ពួកគេ។ តាមការសិក្សាជាច្រើនបានបង្ហាញថា មូលដ្ឋានដែលធ្វើឲ្យមនុស្សម្នាក់ មានសុខភាពល្អយូរអង្វែង គឺអាស្រ័យលើការរៀបចំក្នុងដំណាក់កាល 1000ថ្ងៃដំបូងនៃជីវិតនេះឯង។

ហេតុនេះហើយទើបស្ត្រី និងកុមារចាំបាច់ត្រូវទទួលទានអាហារូបត្ថម្ភ ឲ្យបានត្រឹមត្រូវក្នុងអំឡុងដំណាក់កាលនេះ។ អាហារូបត្ថម្ភត្រឹមត្រូវ ក្នុងអំឡុងពេលមានផ្ទៃពោះ និង2ឆ្នាំដំបូងនៃជីវិតកុមារ ផ្ដល់នូវមូលដ្ឋានរឹងមាំ ដើម្បីពង្រឹងដល់ការលូតលាស់ខួរក្បាល ការលូតលាស់ប្រកប ដោយសុខភាពល្អ និងប្រព័ន្ធការពាររាងកាយរឹងមាំ។

នេះក៏ជាដំណាក់កាលចាំបាច់ សម្រាប់ការលូតលាស់ឆ្អឹងផងដែរ។ វិទ្យាស្ថានជាតិផ្នែកសុខភាព (NIH) និង មជ្ឈមណ្ឌលជាតិផ្នែកជំងឺពុកឆ្អឹង និងរោគឆ្អឹង(ORBDNRC) នៅសហរដ្ឋអាមេរិកបានថ្លែងថា កង្វះអាហារូបត្ថម្ភក្នុងអំឡុង ដំណាក់កាលនេះ អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពឆ្អឹងរបស់ម្ដាយ និងទារកទាំងពេលបច្ចុប្បន្ន និងអនាគត។

ដំណាក់កាលទាំង3នៃការលូតលាស់ខ្លាំង

បុត្រធីតារបស់អ្នកត្រូវឆ្លងកាត់ដំណាក់កាលដោយឡែកៗ នៅពេលគេលូតលាស់ធំធាត់គឺ វ័យកុមារតូច វ័យកុមារ និងវ័យជំទង់។ វ័យកុមារតូចជាវ័យ ដែលគិតចាប់ពីពេលកើតដល់អាយុប្រាំបីឆ្នាំ ដែលក្នុងវ័យនេះពិតជា ចាំបាច់ណាស់សម្រាប់ការលូតលាស់ផ្នែករូបរាងកាយ សុខភាព និងការលូតលាស់ផ្នែកបញ្ញាស្មារតី និងចិត្តសាស្ត្រសង្គម។ ការលូតលាស់ផ្នែកខួរក្បាលគឺលឿន បំផុតក្នុងដំណាក់កាលដំបូងនៃជីវិត។

វ័យកុមារ គិតចាប់ពីអាយុប្រាំបីឆ្នាំ ដល់ដប់ពីរឆ្នាំ គឺជាពេលដែល ការលូតលាស់ផ្នែករាងកាយ និងផ្នែកបញ្ញាស្មារតីយឺតសន្សឹមៗ ប៉ុន្តែសន្ទុះនៃការលូតលាស់ នៅតែបន្តថេររហូតដល់វ័យគ្រប់ការ។ កុមារក្នុងដំណាក់កាលនេះ កំពុងលូតលាស់ផ្នែកសមត្ថភាពទំនាក់ទំនងអន្តរបុគ្គល និងទំនាក់ទំនងសង្គម។

ចាប់ពីអាយុ12 ដល់18ឆ្នាំ បុត្រធីតារបស់អ្នកត្រូវឆ្លងកាត់វ័យជំទង់ ដែលជាដំណាក់កាលមួយទាមទារឲ្យ មានការយកចិត្តទុកដាក់ខ្ពស់ជាពិសេស។ ពួកគេមានការផ្លាស់ប្ដូរទាំងផ្នែករូបរាងកាយ និងបញ្ញាស្មារតីនៅពេល ពួកគេឈានទៅរកភាពពេញវ័យ។ ខួរក្បាលស្ថិតក្នុងដំណាក់កាលលូតលាស់ យ៉ាងសំខាន់ ដែលជះឥទ្ធិពលដល់សមត្ថភាពជំនាញ ផ្នែកសញ្ចេតនាផ្លូវចិត្ត ក៏ដូចជាសមត្ថភាព ផ្នែកបញ្ញាស្មារតី និងរូបរាងកាយផងដែរ។

អាហារូបត្ថម្ភត្រឹមត្រូវក្នុងបរិមាណដ៏សមស្រប

អាហារូបត្ថម្ភល្អ ដើរតួនាទីសំខាន់គ្រប់ដំណាក់កាល នៃការលូតលាស់។ ទន្ទឹមនឹងពេលដែលកូនអ្នកទាមទារការ ផ្ដល់នូវអាហារបំប៉នច្រើនប្រភេទ ពួកគេក៏ទាមទារនូវបរិមាណដ៏សមស្របផងដែរ ដើម្បីឲ្យការលូតលាស់មានសុខភាពល្អ។ ការផ្ដល់អាហារូបត្ថម្ភច្រើនពេក ឬតិចពេក អាចបណ្ដាលឲ្យ មានបញ្ហាដូចជាធាត់ជ្រុល ឆ្អឹងស្រួយ និងពុកធ្មេញជាដើម។

ក្នុងចំណោមអាហារូបត្ថម្ភទាំងអស់ កាល់ស្យូមជាអាហារូបត្ថម្ភមូលដ្ឋាន ដ៏សំខាន់មួយក្នុងការជួយឲ្យឆ្អឹង និងធ្មេញមានសុខភាពល្អ រឹងមាំ ព្រមទាំងសារធាតុរ៉ែខនិកដ៏សំខាន់ដល់សុខភាព និងសុខុមាលភាពបុត្រធីតារបស់អ្នក។ កាល់ស្យូមក៏ជួយបង្ការកុំឲ្យមានជំងឺពុកឆ្អឹង ដែលឆ្អឹងមានស្ថានភាព ខ្សោយវាបណ្ដាលមកពីការថយចុះកំហាប់ឆ្អឹង ការពារជំងឺក្រិសចំពោះកុមារ ដែលស្ដែងឡើងដោយឆ្អឹងទន់ និងជំងឺឆ្អឹងទន់។

ផ្ដល់របបកាល់ស្យូមទៅតាមវ័យ នៅពេលកូនអ្នកទទួល បានជាតិកាល់ស្យូមគ្រប់គ្រាន់តាំងពីកុមារភាពរហូត ដល់អាយុជាង10ឆ្នាំ ពួកគេចាប់ផ្ដើមធំពេញវ័យដោយមានឆ្អឹងរឹងមាំ។ ប៉ុន្តែវាក៏សំខាន់ណាស់ដែរ ក្នុងការផ្ដល់នូវជាតិកាល់ស្យូមសមស្របតាមវ័យកូនរបស់អ្នក។ ការផ្ដល់សារធាតុកាល់ស្យូមសំខាន់តិចពេក នឹងជះឥទ្ធិពលដល់ការលូតលាស់ នាពេលអនាគត ប៉ុន្តែការផ្ដល់កាល់ស្យូមច្រើន អាចបណ្ដាលឲ្យចុកពោះ ទល់លាមក ឬរាក។ របបកាល់ស្យូមជាទូទៅកម្រ ប៉ះពាល់សុខភាពណាស់ ប៉ុន្តែបើច្រើន ពេកក៏វាមិនល្អដែរ។ កាល់ស្យូមហួសកម្រិតមិនបានផ្ដល់ការការពារឆ្អឹងបន្ថែមទេ។ ប៉ុន្តែការសិក្សាជាច្រើនបាន បង្ហាញថាកាល់ស្យូមទាបជាកត្តាធ្វើឲ្យកំហាប់ឆ្អឹងមានកម្រិតទាប និងអត្រាគ្រោះថ្នាក់ឆ្អឹងបាក់កម្រិតខ្ពស់។

នេះជាកម្រិតរបបអាហារណែនាំប្រចាំថ្ងៃ (RDAs) សម្រាប់ការទទួលទានជាតិកាល់ស្យូមអាស្រ័យ តាមវ័យបុត្រធីតារបស់អ្នក។ កម្រិតរបបអាហារណែនាំ ប្រចាំថ្ងៃ គឺជាកម្រិតប្រចាំថ្ងៃគិតជាមធ្យមនៃ ការទទួលទានជីវជាតិអាហារ ឲ្យគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទ្រទ្រង់ សុខភាពរាងកាយបុគ្គលម្នាក់ៗ(97-98%)។

ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោផ្សេងទៀតសុទ្ធ តែជាប្រភពផ្ដល់កាល់ស្យូមដ៏ល្អបំផុត។ ផលិតផលភាគច្រើនទាំងនេះ ក៏មានវីតាមីនដេផងដែរ ដែលសំខាន់សម្រាប់សុខភាពឆ្អឹង។ យ៉ាងណាក៏ដោយក៏នៅមាន ប្រភពអាហារសុខភាពដែលសម្បូរជាតិកាល់ស្យូមដទៃ ទៀតមានដូចជា ទឹកក្រូចស្រស់ ផលិតផលអាហារធ្វើពីសណ្តែក និងត្រីផងដែរ។

កុមារ គួរទទួលទានបរិមាណកាល់ស្យូមឲ្យបានសមស្របបំផុត ពីរបបអាហាររបស់ខ្លួន។ កាលណាមិនគ្រប់គ្រាន់ ការទទួលទានផលិតផលជំនួយ ជាតិកាល់ស្យូមបំពេញបន្ថែម ក៏អាចជួយផ្ដល់នូវ អត្ថប្រយោជន៍ដល់ពួកគេបានដែរ។ ផលិតផលបំពេញបន្ថែមទាំងនេះ នឹងបន្ថែមជាតិកាល់ស្យូមដល់ កូនរបស់អ្នក ព្រមទាំងជួយឆ្អឹង និងធ្មេញរបស់ពួកគេឲ្យលូតលាស់រឹងមាំ មានសុខភាពល្អដែលជាមូលដ្ឋានសំខាន់សម្រាប់សុខភាពបាន ប្រសើរនាពេលអនាគត។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]