ព័រទុយហ្គាល់៖ កាលពីពេលថ្មីៗនេះ តារាឆ្នើមរបស់ក្លិប Real Madrid កីឡាករ Cristiano Ronaldo បានធ្វើដំណើរមកកាន់ប្រទេសកំណើតរបស់ខ្លួនវិញហើយ ដើម្បីត្រៀមខ្លួនជួយក្រុមជម្រើសជាតិ ក្នុងការប្រកួតជម្រុះ World Cup ខាងមុខនេះ។ ទន្ទឹមនឹងការវិលត្រលប់មកវិញ Ronaldo ក៏បានឆ្លៀតឱកាស សម្ពោធសណ្ឋាគាររបស់ខ្លួនមួយទៀតផងដែរ ដែលមានទីតាំងស្ថិតក្នុងទីក្រុង Lisbon ដែលសណ្ឋគារមានឈ្មោះថា «Pestana CR7 Lisboa» ។

គួរបញ្ជាក់ផងដែរថា នេះគឺជាសាខាទី២ នៃសណ្ឋគារ Pestana CR7 របស់កីឡាករ Cristiano Ronaldo ដែលទើបតែសម្ពោធនាពេលថ្មីៗនេះ ហើយចំនែកឯសាខាទី១វិញ គឺស្ថិតក្នុងទីកន្លែងកំណើតរបស់លោកផ្ទាល់ម្តង គឺ ស្ថិតក្នុងកោះ Madeira ប្រទេសព័រទុយហ្គាល់ ។ 

នៅក្នុងពិធីសម្ពោធ Ronaldo បានធ្វើការថ្លែងនូវពាក្យពេជន៍ជាច្រើន ជាពិសេសគឺទាក់ទងនឹងអាជីពបាល់ទាត់របស់លោក។ ក្នុងសេចក្តីថ្លែងរបស់ Ronaldo ចំនុចដែលគួរឲ្យកត់សម្គាល់នោះ កីឡាកររូបនេះបាននិយាយថា លោកនឹងមិនឈប់លេងបាល់ទាត់ភ្លាមៗនោះទេ យ៉ាងហោចណាស់ក៏រយៈពេល១០ឆ្នាំទៀតដែរ ។ ដូច្នេះមានន័យថា Ronaldo នឹងបញ្ចប់អាជីពបាល់ទាត់របស់ខ្លួន ក្នុងវ័យ៤០ឆ្នាំ ឬអាចលើសនេះ ។

កីឡាករឆ្នើមរូបនេះ មិនត្រឹមតែជាកីឡាករកំពូលលើទីលាននោះទេ ថែមទាំងដើរតួជាអ្នកជំនួញថែមទៀតផង ជាក់ស្តែងដូចជាសណ្ឋាគាររបស់គេ ដែលទើបតែសម្ពោធពីនាពេលថ្មីៗនេះអ៊ីចឹង។

ទាក់ទងនឹងមុខជំនួញសណ្ឋាគារនេះ Ronaldo ក៏បានថ្លែងបន្ថែមទៀតថា «ជីវិតគឺមិនអាចពឹងផ្អែកលើបាល់ទាត់ទាំងស្រុងនោះទេ គឺចាំបាច់ត្រូវគិតពីថ្ងៃអនាគតខាងមុខ ថ្វីត្បិតតែខ្ញុំស្រលាញ់និងចូលចិត្តកីឡាករបាល់ទាត់យ៉ាងណាក៏ដោយ។ ចំពោះការបើកសណ្ឋាគារនេះ គឺជាបំណងប្រាថ្នារបស់ខ្ញុំតាំងពីតូចមកម្ល៉េះ ហើយឥឡូវខ្ញុំជាម្ចាស់សណ្ឋាគារដល់ទៅ២ ហើយអ្វីដែលពិសេសនោះគឺវាស្ថិតក្នុងប្រទេសកំណើតរបស់ខ្ញុំ»

គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០១៦នេះ Ronaldo គឺជាកីឡាករលេចធ្លោជាងគេ ដោយបានឈ្នះពានធំៗ ២ ក្នុងរដូវកាលនេះដូចជា Champions League និង EURO ហើយមួយវិញទៀត Ronaldo គឺជាកីឡាករដែលមានទំនុកចិត្តខ្ពស់ និងត្រូវបានគេរំពឹងថានឹងឈ្នះពាន Ballon D’or ទៀតផង៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]