បរទេស៖ ថ្មីៗនេះវីដេអូឃ្លីបមួយកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញទំនាក់ទំនងសង្គម អមមកជាមួយនឹងពាក្យរិះគន់មិនសំចៃ ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណែត និងមហាជនទូទៅជាច្រើនទៀត បន្ទាប់ពីក្មេងស្រីម្នាក់ ត្រូវបានម្តាយរបស់នាង ចាប់ការកោរសក់ ស្រែកទ្រហោយំយ៉ាងខ្លាំង ស្ថិតក្នុងរូបភាពគួរឲ្យ អាណិតអាសូរយ៉ាងពន់ពេក។

បើតាមប្រភពបានឲ្យដឹងថា ជុំវិញនឹងករណីខាងលើនេះ មូលហេតុដែលបណ្តាលឲ្យស្រ្តីជាម្តាយ ដែលមិនស្គាល់អត្តសញ្ញាណខាងលើនេះ ហ៊ានលើកដៃធ្វើបែបនេះ មកលើកូនស្រីរបស់ខ្លួននោះ ក៏ដោយសារតែខឹងកូនស្រី ពោលពាក្យប្រមាថមើលងាយ ទៅលើអ្នកកើតជំងឺមហារីក ដែលបានកោរសក់ ឬហៅថាទំពែក រហូតធ្វើឲ្យស្រ្តីជាម្តាយដាច់ចិត្តពិន័យកូនខ្លួនឯង នូវទង្វើបែបនេះដើម្បីទុកជាមេរៀនដល់នាងតែម្តង។

តាមរយៈវីដេអូឃ្លីប គេឃើញ ក្មេងស្រីរងគ្រោះ អង្គុយយកដៃខ្ទប់ភ្នែក ហើយស្រែកយំខ្លាំងៗនៅក្នុងបន្ទប់ទឹក ខណៈគេអាចលឺសូរសម្លេងស្រ្តីជាម្តាយ និយាយតិចៗ ហើយគិតតែយកប្រដាប់ឈូសសក់ ឈូសយកៗលើក្បាលកូនស្រីរបស់ខ្លួន ដោយមិនសំចៃដៃឡើយ។

គួរឲ្យដឹងថា វីដេអូឃ្លីបនេះត្រូវបានបង្ហោះចែកចាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ម្តងរួចមកហើយ ពោលគឺតាំងពីឆ្នាំមុនមកម៉្លេះ និងទើបតែថ្មីៗនេះត្រូវបាន អ្នកលេងអ៊ីនធឺណែតជាច្រើន ជីកគាស់យកមកបង្ហោះចែកចាយ សាជាថ្មីម្តងទៀតដែលកាន់តែធ្វើឲ្យមានការ ចាប់អារម្មណ៍ខ្លាំងជាងមុន រួមជាមួយនឹងចំណងជើងថា «ក្មេងស្រីម្នាក់នេះ បានប្រមាថមើលងាយក្មេងស្រីឯទៀត នៅសាលារៀនរបស់នាង ដែលកើតមានជំងឺមហារីក ដូច្នេះហើយទើបម្តាយរបស់នាង បានសម្រេចចិត្តចាប់កោរសក់របស់នាងយ៉ាងដូច្នេះ »

ទោះបីជាយ៉ាងណាក្តី គេមិនបានដឹងច្បាស់ថា តាមរយៈវីដេអូឃ្លីបនេះ ត្រូវបានថតចេញពីប្រទេសណា​នោះទេ។ ប៉ុន្តែគេអាចលឺសូរសម្លេងនិយាយ រវាងម្តាយនិងកូនស្រី និយាយភាសាព័រទុយហ្គាល់។

ស្របពេលជាមួយគ្នានេះដែរ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើន បានបញ្ចេញមតិរិះគន់ស្ទើរតែដូចៗគ្នាថា ទង្វើ ឬសកម្មភាពរបស់ស្ត្រីជាម្តាយ ដែលបានប្រព្រឹត្តនេះ ពិតជាមិនសមរម្យ និងមិនអាចទទួលយកបាននោះឡើយ។

«វាដូចជាព្រៃផ្សៃពេកហើយ...» អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានសរសេរ។ ខណៈអ្នកឯទៀតសរសេរថា «ជារឿយៗនៅផ្ទះតែងតែកើតរឿងរ៉ាវចឹងហើយ ដូច្នេះហើយឪពុកម្តាយគួរណាស់ ត្រូវតែបញ្ឈប់នូវការបង្ហោះចែកចាយវីដេអូ ដ៏សែនអាម៉ាស់របស់កូនពួកគេ នៅលើអ៊ីនធឺណែតទៀតអី»

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ទស្សនាវីដេអូ៖

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ម្តាយចិត្តព្រៃផ្សៃ ចាប់បោចសក់ អូសកូនស្រីពិការនៅនឹងដី ដូចសត្វធាតុ។  វាជារឿងដ៏គួរឲ្យរន្ធត់មួយផងដែរ បន្ទាប់ពីក្មេងស្រីអសមត្ថភាព ឬពិការម្នាក់ ត្រូវបានម្តាយចិត្តអប្រិយ ចាប់បោចសក់វាយធ្វើបាបយ៉ាងដំណំ អូសកាត់តាមដងផ្លូវ ស្ថិតក្នុងរូបភាពគួរឲ្យ អាណោចអាធ័មជាទីបំផុត បន្ទាប់ពីក្មេងស្រីជំទង់រូបនេះ រឹងរូសមិនត្រឡប់ទៅផ្ទះវិញ។

វីដេអូឃ្លីបមួយ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីត្រូវបានបែកធ្លាយ បង្ហោះជាសាធារណៈលើប្រព័ន្ធអីុនធឺណែត ដែលបង្ហាញពីសកម្មភាព របស់ស្រ្តីជាម្តាយចិត្តដ៏សែនឃោរឃៅម្នាក់ បានវាយធ្វើបាបកូនស្រីដែលពិការ ខណៈប្រើដៃទាំងទ្វេរបស់ខ្លួន ចាប់បោចសក់អូសនៅនឹងដីយ៉ាងដំណំ។

បើតាមប្រភពសាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា ស្រ្តីជាម្តាយមិនស្គាល់អត្តសញ្ញាណរូបនោះ បានមកនាំយកកូនស្រីពិការរបស់ខ្លួន ដែលស្នាក់នៅមណ្ឌលសេវាសង្គម (មណ្ឌលមើលថែទាំកុមារតូចៗ និងក្មេងជំទង់) ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Ruiz ភាគខាងលិចនៃប្រទេសម៉ិចស៊ិក ប៉ុន្តែជាអកុសលត្រូវបានក្មេងស្រីរូបនោះ បដិសេធនិងម្តាយរបស់នាង ដោយមិនព្រមវិលត្រឡប់ទៅផ្ទះវិញនោះទេ។ ជាហេតុធ្វើឲ្យស្រ្តីជាម្តាយរូបនេះ ខឹងតូងតែម្តង រួចក៏ស្រវ៉ាចាប់បោចសក់អូសទីណាត់ទីណែង កាត់តាមដងផ្លូវហុយដីទ្រលោម បង្កជាភាពភ្ញាក់ផ្អើលតែម្តង។

ក្នុងនោះតាមរយៈខ្សែវីដេអូឃ្លីប គេឃើញថាស្រ្តី២នាក់ ដែលស្ថិតក្នុងហេតុការណ៍នោះ មិនព្រមចូលជួយទេ តែបែរជានាំគ្នាកាន់កាម៉េរាថតទៅវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេអាចលឺសូរសម្លេងពួកគេទាំងពីរ បានទទូចសុំឲ្យស្រ្តីជាម្តាយចិត្តព្រៃផ្សៃរូបនោះ បញ្ឈប់សកម្មភាពមិនគួរគួប្បី ទៅលើកូនស្រីរបស់ខ្លួនផងដែរ។ ស្រ្តីម្នាក់និយាយថា «មើល៎ចុះ! គាត់វាយធ្វើបាបកូនស្រីខ្លួនឯង ដូចសត្វធាតុចឹង (ឆ្កែ)» ។ ភ្លាមនោះស្រ្តីម្នាក់ទៀតបន្ទរថា «ក្រោកឡើងតិចទៅ! មិនចឹងទេ ម៉ាក់ហែងនឹងអូសហែង ទាល់តែដល់ផ្ទះហ្នឹង ចាំមើល៎ទៅ!» ។

តាមរយៈវីដេអូឃ្លីបនេះ ទៀតសោត គេឃើញទៀតថា លុះដល់ចំណុចមួយ ស្រាប់តែស្រ្តីជាម្តាយរូបនោះ ក៏បានឈប់បន្តិច ដើម្បីដកដង្ហើមធំ ដោយសារតែហត់ខ្លាំងពេក រួចក៏បន្តអូសកូនស្រីរបស់គាត់ ទាំងទីណាត់ទីណែង បន្តទៀតផងដែរ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នជុំវិញករណីនេះដែរ គេមិនទាន់ដឹងថា រឿងរ៉ាវមួយនេះនឹងក្លាយទៅជាយ៉ាងណានោះទេ ខណៈប៉ូលិសក៏កំពុងតែធ្វើការ ស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យមើល ទៅលើវីដេអូឃ្លីបនេះផងដែរ៕

ទស្សនាវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]