ភ្នំពេញ៖ តារាចម្រៀងប្រុស ក្នុងផលិតកម្មហង្សមាស លោក ហ្សូណូ ដែលទើបនឹងចេញបទចម្រៀង «បងចាំ» នៅពេលថ្មីៗនេះ បានបង្ហាញអារម្មណ៍របស់ខ្លួន នៅលើទំព័រហ្វេសប៊ុកថា រូបលោកពិតជាអស់កម្លាំងចិត្តក្នុងការផលិតណាស់។

លោក ហ្សូណូ បានសរសេររៀបរាប់ប្រាប់អ្នកគាំទ្រថា៖ "អស់កម្លាំងចិត្ត អស់កម្លាំងផលិត ! ប្រហែលជាគ្មានស្នាដៃថ្មីទៀតទេសម្រាប់ខ្ញុំ។ ១០ឆ្នាំមកនេះ! អួលដើមក ពិបាកនិយាយណាស់ មិត្តណាខ្លះយល់អារម្មណ៍មួយនេះ?

រំលងបានមួយថ្ងៃ ពោលគឺនៅក្នុងថ្ងៃនេះប៉ុន្មានម៉ោងមុន តារាចម្រៀងហ្សូណូបានសរសេរសារមួយទៀតភ្ជាប់ជាមួយវីដេអូចម្រៀងបទ «បងចាំ» ថា៖ "នៅពេលក្រុមការងារ និងរូបខ្ញុំបាទ ផលិតស្នាដៃថ្មី នេះរួចហើយ អារម្មណ៍ខ្ញុំបាទសប្បាយចិត្ត និងមានកំលាំងចិត្តក្នុងការផលិតបន្តយ៉ាងខ្លាំង ទោះបី មានអ្នកចូលចុចមើលតិចច្រើនក្តី តែពេលនេះក្នុងចិត្តខ្ញុំគ្មានកំលាំងសូម្បីតែបន្តិច...ប្រហែលខ្ញុំបាទ សុំសម្រាកមួយរយៈសិនហើយ! នៅពេលមួយ ខ្ញុំមានកម្លាំងចិត្តឡើងវិញ ចាំបន្តទៅមុខទៀត!" 

ចំពោះអត្ថន័យក្នុងសារខាងលើ បានធ្វើឲ្យអ្នកគាំទ្រឆ្ងល់ថា​​ ហេតុអ្វីបានជាលោក ហ្សូណូ ត្រូវអស់កម្លាំងចិត្តក្នុងការផលិតបទបន្តទៀត ខណៈពេលបទថ្មីរបស់លោក «បងចាំ» ហាក់ដូចជាកំពុងទទួលបានការគាំទ្រពីសំណាក់យុវវ័យច្រើនផងដែរនោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា បទចម្រៀងថ្មីមួយរបស់ លោកហ្សូណូ ដែលមានចំណងជើងថា «បងចាំ» បានចេញវីដេអូជាផ្លូវការហើយ ដែលពិតជាធ្វើឲ្យអង្រួនចិត្ដដល់ អ្នកគាំទ្រក៏ដូចជាអ្នកលេងសង្គមហ្វេសប៊ុកជាខ្លាំង។

«បងចាំ» ដែលជាប្រភេទបទមនោសញ្ចេតនាស៊ីជម្រៅនេះ ត្រូវបានបញ្ចេញជាផ្លូវកាលពីថ្ងៃទី ១៥ កញ្ញា កន្លងទៅនេះ និងបង្ហោះនៅក្នុងយូធូប ដែលមានអ្នកចុចចូលមើលជាង ១សែនដង។ សម្រាប់បទថ្មី បងចាំ នេះផ្ទាល់ ត្រូវបានឲ្យដឹងថា ជាស្នាដៃផលិតទីមួយប្រចាំឆ្នាំរបស់លោក ហ្សូណូ និងរួមសហការណ៍ជាមួយនឹងក្រុមការងារ ដែលជាបទមួយដកស្រង់ចេញ ពីរឿងពិតរបស់មនុស្សម្នាក់។ អ្វីដែលកាន់តែពិសេស និងចង់ស្រក់ទឹកភ្នែក នៅនាទីចុងក្រោយនៃសាច់រឿងនោះ គឺការពិតតួស្រីមានជំងឺ ទើបនាងសុខចិត្តបង្កើតជាបញ្ហា និងបែកផ្លូវពីលោកហ្សូណូ។

គួរបញ្ជាក់ថា ក្រោយពីបទនេះចេញរួច និងមានការទស្សនា ពីអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម មានការសង្កេតឃើញថា មានការគាំទ្រជាខ្លាំង។

សម្រាប់អ្នកមិនទាន់ទស្សនាវីដេអូដែលទើបតែចេញនេះ អាចទស្សនានៅខាងក្រោមនេះបាន៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្សូណូ