បង់ក្លាដេស៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីទារកប្រុសម្នាក់បានកើតមកភ្លាម មានមុខមាត់ដូចជាតាអាយុ៨០ឆ្នាំ ដែលវាជាស្ថានភាពដ៏កម្រមួយបណ្តាលឲ្យទារកនេះឆាប់ចាស់។

កើតនៅក្នុងតំបន់ Magura ភាគនិរតីប្រទេសបង់ក្លាដេស ទារកមួយនេះបានកើតមកមានសភាពជ្រីវជ្រួញពេញផ្ទៃមុខ ភ្នែកទាំងពីររូងទៅក្នុង រាងស្គម និងមានដុះរោមក្រាស់ពេញខ្នង។ 

ក្រុមគ្រូពេទ្យក្នុងស្រុក បានសម្ដែងការភ្ញាក់ផ្អើលទៅលើសភាពរបស់ទារកមួយនេះ ប៉ុន្តែពួកគេបានជឿជាក់ថាទារកនេះប្រាកដជាកើតជំងឺដ៏កម្រមួយ ឈ្មោះ Progeria ។ ស្ថានភាពជំងឺនេះ គឺអាចកើតឡើងទៅលើមនុស្សម្នាក់ក្នុងចំណោម៤លាននាក់ ដែលធ្វើឲ្យក្មេងៗមិនមានជីវិតសាមញ្ញ និងបណ្តាលឲ្យរាងកាយពួកគេប្រែជាចាស់លឿនជាងអាយុ។

លោកវេជ្ជបណ្ឌិតម្នាក់ដែលបានមើលថែរទាំទារកនេះ បាននិយាយថា “ទារកមួយនេះមើលទៅមិនដូចជាទើបតែនឹងកើតទាល់តែសោះ ដោយសារតែមានលេចចេញនូវរោគសញ្ញាចាស់ជាងវ័យ ដូចជាស្នាមជ្រួញច្រើនហួសប្រមាណ និងសភាពស្បែកមិនហ្មត់រលោង”។

តែទោះជាយ៉ាងណាឪពុកម្តាយទារកចម្លែកនេះ នៅតែសប្បាយចិត្តចំពោះកូនដែលទើបនឹងកើតរបស់ពួកគេ ដោយបុរសជាឪពុកបាននិយាយថា “យើងអាចត្រឹមតែអរគុណព្រះជាម្ចាស់ប៉ុណ្ណោះ ហើយមិនមានការមិនសប្បាយចិត្តចំពោះរូបរាងកូនប្រុសរបស់ខ្ញុំនោះទេ។ យើងនឹងទទួលយកកូននេះនូវអ្វីដែលគេមាន ហើយយើងសប្បាយរីករាយដែលមានកូនប្រុសនៅក្នុងផ្ទះ”។ 

គួរបញ្ជាក់ថា ជំងឺ Progeria គឺជាជំងឺដ៏កម្រ ដែលវាបង្កឡើងដោយកំហុសលក្ខខណ្ឌហ្សែនមួយដែលធ្វើឲ្យរាងកាយកុមារចាស់ជាងអាយុយ៉ាងលឿនបំផុត ហើយជាទូទៅរស់មិនដល់អាយុ១៣ឆ្នាំនោះទេ។

ឪពុកម្តាយទារកនេះ ត្រូវបានអ្នកភូមិជាច្រើននាក់ទៅលេងផ្ទះពួកគេ បន្ទាប់ពីទទួលដំណឹងថាមានក្មេងចម្លែក ព្រោះចង់ឃើញផ្ទាល់ភ្នែក។ ចំណែកក្រុមគ្រូពេទ្យបានធានាទៅកាន់ឪពុកម្តាយទារកនេះថា ពេលនេះស្ថានភាពទារកមិនមានបញ្ហាអ្វីនោះទេ ហើយពួកគេកំពុងតាមដានសុខភាព និងការវិវឌ្ឍរបស់ក្មេងយ៉ាងយកចិត្តទុកដាក់៕ 

ប្រភព៖ AsianTown

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]