បារាំង៖ កាលពីពេលថ្មីៗនេះ មានទិដ្ឋភាពគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ បានដើរកម្ទេច iPhone អស់ជាច្រើនគ្រឿង និងកុំព្យូទ័រយួរដៃមួយគ្រឿងផងដែរ ដោយសារតែមិនពេញចិត្តនឹងសេវាកម្មក្នុងហាងលក់ទូរស័ព្ទមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Dijon ប្រទេសបារាំង ។

ទិដ្ឋភាពដើរកម្ទេចទូរស័ព្ទទាំងកំរោលរបស់បុរសរូបនេះ ត្រូវបានគេបង្ហោះជាវីដេអូ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។  

បើយោងតាមប្រភពបានឲ្យដឹងថា ជាក់ស្តែងបុរសរូបនេះ មិនពេញចិត្តនូវសេវាកម្មក្នុងហាង ទើបធ្វើឲ្យរូបគេខឹងសម្បាកាន់កូនបាល់ដែកមួយ ដើរវាយកម្ទេចទូរសព្ទ iPhone និងផលិតផលមួយចំនួនទៀតតែម្តង។ យោងតាមហេតុផល បុរសរូបនេះបានបញ្ជាក់ថា «ពួកគេមិនបានបង្វិលប្រាក់សងខ្ញុំវិញ ដោយពួកគេលើកឡើងពី ច្បាប់របស់អតិថិជននៅសហគមន៍អឺរ៉ុប ដូច្នេះហើយទើបខ្ញុំធ្វើបែបនេះ» ។ ក្នុងនោះដែរក៏មានអ្នកជុំវិញ បានស្រែកឃាត់ផងដែរ ប៉ុន្តែរូបគេមិនស្តាប់ ហើយនៅតែបន្តសកម្មភាព។

គួរបញ្ជាក់ផងដែរថា បុរសរូបនេះមិនត្រូវបានបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនទេ ហើយបន្ទាប់ពីបានប្រព្រឹត្តនូវទង្វើនេះរួចមក រូបគេក៏ត្រូវបានប៉ូលិសឃាត់ខ្លួនផងដែរ។ ចំនែកឯទូរស័ព្ទ និងកុំព្យូទ័រយួរដៃ ដែលត្រូវរងការខូចខាតនោះ មានតម្លៃសរុបប្រមាណ ៥៦មឺុនដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន RTL របស់ប្រទេសបារាំង៕ 

ប្រភព៖ abc news

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កូនប្រុសមហាសេដ្ឋីចិន ទិញទូរស័ព្ទ iPhone 7 ឲ្យឆ្កែជាទីស្រលាញ់របស់ខ្លួន តម្លៃរាប់ពាន់ដុល្លារ ។ គួររំលឹកផងដែរថា កូនប្រុសមហាសេដ្ឋីនៅចិន ដែលនិយមចាយលុយមិនសំចៃដៃ ចូលក្លឹប ខារ៉ាអូខេ ម្តងៗចំណាយអស់ប្រាក់ រាប់ម៉ឺនរាប់សែនដុល្លារ ខណៈថ្មីៗនេះកាន់តែធ្វើឲ្យអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម នៅក្នុងប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបគេបានចំណាយលុយអស់មិនស្ទើរ ទិញទូរស័ព្ទ iPhone 7 ៨គ្រឿង ឲ្យសត្វឆ្កែជាទីស្រលាញ់របស់ខ្លួន ដេកអោបលេងធ្វើរំភើយ។

CoCo អាចចាត់ទុកថាជា ឆ្កែដែលមានសំណាង ជាងគេបំផុតក្នុងពិភពលោក ដែលបានមករស់នៅជាមួយនឹងលោក Wang Sicong គឺកូនប្រុសតែម្នាក់គត់ របស់មហាសេដ្ឋីចិនមួយរូបគឺលោក Wang Jianlin ដែលមានទ្រព្យរហូតដល់ទៅ ៣០ពាន់លាន ដុល្លារអាមេរិក ហើយថែមទាំងទទួលបានការស្រលាញ់ បីប៉មថ្នាក់ថ្នម យ៉ាងយកចិត្តទុកដាក់ថែមទៀតផង។

ជាក់ស្តែង ថ្មីៗនេះរូបភាពរបស់ឆ្កែដ៏មានសំណាង CoCo នេះ ត្រូវបានបង្ហោះចែកចាយព្រោងព្រាត លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញឲ្យឃើញទូរស័ព្ទដៃស៊េរីទំនើប iPhone 7 ដាក់តម្រៀបគរៗលើគ្នាចំនួន៨ប្រអប់ ហើយគេជឿជាក់ថាក្នុងទូរស័ព្ទ iPhone 7 មួយមានតម្លៃប្រមាណជាង ១ពាន់ដុល្លារផងដែរ។

តាមរយៈរូបភាពមួយចំនួន ត្រូវបានគេជឿជាក់ថា បង្ហោះដោយលោក Wang Sicong ដែលជាម្ចាស់ឆ្កែនេះតែម្តង ចូលទៅក្នុងគណនីសង្គម Weibo របស់លោក ដែលមានអ្នកចំនួនអ្នក Follow លើគណនី រហូតដល់ទៅជាង ១,៩លាននាក់ឯណោះ កាលពីរសៀលថ្ងៃទី១៦ កញ្ញា កន្លងទៅ ពោលគឺថ្ងៃដែលទូរស័ព្ទ iPhone 7 ចេញលក់នៅលើទីផ្សារ ក្នុងស្រុកចិននៅថ្ងៃដំបូងមកម៉្លេះ។ ក្នុងនោះគេឃើញមានចំនួនអ្នកបញ្ចេញមតិ និងចែករំលែកបន្តរាប់ពាន់នាក់ ហើយថែមទាំងល្បីដល់សារព័ត៌មានក្នុងស្រុកជាច្រើន ធ្វើការចុះផ្សាយថែមទៀតផង។

អ្នកនិយមលេងបណ្តាញសង្គមជាច្រើន និយាយថា ឆ្កែនេះពិតជាគួរឲ្យស្រលាញ់មែន។ អ្នកផ្សេងទៀតលើកឡើង ដោយសង្ឃឹមថាកំពូលកូនប្រុសមហាសេដ្ឋី (លោក Wang Sicong) រូបនេះ នឹងចែក iPhone 7 ម្នាក់មួយៗផងដែរ ខណៈអ្នកខ្លះទៀតថា «សូម្បីតែឆ្កែក៏មានជីវិតរស់នៅ យ៉ាងសុខស្រួលជាងខ្ញុំដែរ» ។ ចុចអានបន្ត៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]