មនុស្សជាច្រើន បានជ្រើសបរិភោគសាច់ជ្រូក និងបាយដំណើប សម្រាប់អាហារពេលព្រឹក ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ ងាយស្រួលក្នុងការរកទិញ ថែមទាំងងាយស្រួលនៅក្នុងការបរិភោគ មិនខ្ជះខ្ជាយពេលវេលាយូរ។ បាយដំណើបមាន Gluten ឬជាតិសរសៃ ច្រើនជាងអង្ករផ្សេងៗ ហើយវាក៏មានជាតិដែក និងអាស៊ីតហ្វូលិក ដែលមានលក្ខណៈសម្បត្តិជំនួយដល់ កោសិកាឈាមបានយ៉ាងល្អ។ លើសពីនេះទៀតវាគឺសម្បូរទៅដោយវីតាមីន E ជួយការពារ ជំងឺសរសៃឈាមបេះដូង ទប់ស្កាត់ការចុះខ្សោយរបស់ភ្នែកផងដែរ។ ប្រសិនបើមានអង្ករដំណើបខ្មៅវិញ វានឹងមានសារធាតុម្យ៉ាងដែលហៅកាត់ថា OPC អាចជួយពន្យឺតភាពចាស់ និងផ្តល់ថាមពលឱ្យរាងកាយផងដែរ។

ប៉ុន្តែអ្នកបានដឹងទេថា សាច់ជ្រូកអាំង ដែលយើងបរិភោគជារៀងរាល់ថ្ងៃនេះ ក៏អាចធ្វើឱ្យកើតមានជំងឺមហារីកបានដែរ។ សាច់ជ្រូកដែលយើងមើលឃើញជាទូទៅ មានដោតជាប់ជាមួយចង្កាក់ឈើ ហើយពេលដែលវាត្រូវភ្លើងសារធាតុ បង្កជំងឺមហារីកម្យ៉ាងដែលគេហៅកាត់ថា PAH (polycyclic aromatic hydrocarbons) នឹងបង្កទៅជាចំហេះមិនសព្វនៃសារធាតុសរីរាង្គដូចជា ជាតិខ្លាញ់នៅក្នុងសាច់ និងអ៊ីដ្រូកាបូនផ្សេងៗទៀត។

ហេតុនេះហើយគេបានរកឃើញថា នៅក្នុងសាច់ជ្រូកអាំងមានសារធាតុ PAH ស្រដៀងទៅនឹងសារធាតុឆេះ ដែលចេញពីបារី ។ រីឯនៅលើចង្ក្រានអាំងសាច់មាន ជាតិខ្លាញ់របស់សាច់ជ្រូក ដែលរលាយចូលទៅក្នុងភ្លើង នាំឱ្យផ្សែងដែលហុយចេញ មកភាគច្រើននឹង ត្រូវបានទើរជាប់ក្នុងសាច់ជ្រូក ដែលអាចធ្វើឱ្យកើតជំងឺមហារីក។ ដូច្នេះបើអ្នកបរិភោគសាច់ជ្រូកអាំងច្រើនពេក ជារៀងរាល់ថ្ងៃសារធាតុ បង្កជំងឺមហារីក នឹងកកកុញពេញ ក្នុងរាងកាយបង្កហានិភ័យនៃជំងឺមហារីក។

រូបតំណាង សាច់ជ្រូកអាំង និងបាយដំណើប

ខាងក្រោមនេះជា របៀបចម្អិនសាច់ជ្រូកឱ្យចៀសឆ្ងាយពីផលប៉ះពាល់៖

១. មុនអាំងសាច់ជាប់ខ្លាញ់ គួរតែវះយកជាតិខ្លាញ់ចេញសិន ដើម្បីកាត់បន្ថយជាតិខ្លាញ់ ដែលនឹងស្រក់ទៅលើធ្យូងនៅខាងក្រោម។

២. សាច់ដែលត្រូវបានជ្រើសយកមកដុត ឬអាំង គួរមានជាតិខ្លាញ់ ជាប់សាច់តិចបំផុត។

៣. មុនយកចង្រ្កានមកអាំង គួរនាំវាទៅត្រាំទឹកចោល១-២នាទីសិន ដើម្បីឱ្យ Heterocyclic amines (ជាតិគីមីដែលបង្កឡើង នៅពេលដែលអាំងសាច់ ក្នុងសីតុណ្ហភាពខ្ពស់) ថយចុះតិចជាងមុន។

៤. កុំអាំងសាច់ដោយប្រើភ្លើងឆេះខ្លាំង គួរតែរក្សាចម្ងាយសមស្របមួយពីសាច់ និងចង្ក្រាន ឬរុំអាលុយមីញ៉ូមមុនពេលដុត ឬអាំងក៏បាន។

៥. អ្នកដែលមានអាជីព ជាអ្នកលក់សាច់អាំង គួរអាំងនៅក្នុងផ្ទះបាយ ដើម្បីកុំឱ្យមានផ្សែងមកលើភ្ញៀវ និងអាចជួយកាត់បន្ថយហានិភ័យ នៃការប៉ះពាល់ដោយការដកដង្ហើមផង ពីសារធាតុ Heterocyclic amines និង PAH ចូលទៅក្នុងរាងកាយ។

៦. គួរប្រើស្លឹកចេករុំសាច់នៅពេលអាំង ដើម្បីកាត់បន្ថយចំនួននៃការតក់ខ្លាញ់ ទៅលើធ្យូង និងអាចបន្ថែមក្លិនអាហារបានទៀតផង។

៧. កាត់បន្ថយ ឬចៀសវាងការញ៉ាំអាហារ ដែលប្រឡាក់ដោយអំបិលមានជាតិអាស៊ីត  ឬប្រឡាក់អំបិលច្រើនពេក។

៨. ពពួកសាច់កែច្នៃរួចដូចជា សាច់ជ្រូកប្រឡាក់រួចហាលឱ្យក្រៀម ត្រីងៀត ឬសាច់ក្រកជាដើម គួររក្សាទុកក្នុងទូរទឹកកក ដើម្បីជួយថែរក្សាការពារគុណភាពសាច់ និងកាត់បន្ថយការកើនឡើងនៃសារធាតុ secondary Amin (ជាសមាសធាតុសរីរាង្គ ចេញមកពីអាម៉ូញាក់ ដើម្បីជំនួសអាតូមអ៊ីដ្រូសែន មួយឬច្រើន ដោយក្រុមសរីរាង្គ)

៩. គួរទទួលទានផ្លែឈើ និងបន្លែជាមួយផង ដើម្បីធ្វើឱ្យប្រព័ន្ធរំលាយអាហារល្អ ជួយលុបបំបាត់ កាកសំណល់ពីរាងកាយ។ តាមការសិក្សា បានរកឃើញថា ការញ៉ាំផ្លែឈើដូចជាក្រូច ឬត្របែកជាមួយគ្នា នៅក្នុងពេលញ៉ាំអាហារជួយឱ្យក្រពះ មានដំណើរការល្អដោយវីតាមីន C។

១០. ចៀសវាងការស្រូបផ្សែងពីការអាំងសាច់ ដើម្បីបង្ការជំងឺមហារីក និងជំងឺនៃប្រព័ន្ធផ្លូវដង្ហើម។

១១. ងាកមកប្រើចង្ក្រានអគ្គិសនីគ្មានផ្សែង ដែលអាចគ្រប់គ្រងកំដៅ បានល្អជាងចង្រ្កានអុស ឬធ្យូងធម្មតា។

១២. អ្វីដែលសំខាន់បំផុតនោះគឺក្រោយពេលអាំងសាច់ឆ្អិន គួរឆ្កឹះត្រង់កន្លែង សាច់ណាដែលបានអាំងខ្លោច ចេញឱ្យអស់ផងតាម ដែលអាចធ្វើទៅបាន មុនពេលយកវាទៅបរិភោគ។

គ្រាន់តែអនុវត្ដន៍ដូចការរៀបរាប់ខាងលើ អ្នកក៏អាចទទួលបាននូវសាច់ជ្រូងអាំង ដែលមានសុវត្ថិភាពល្អ សម្រាប់ទទួលទានគូជាមួយបាយដំណើប បានយ៉ាងឆ្ងាញ់ពិសា ដោយមិនចាំបាច់ព្រួយបារម្ភពីរឿងកើតជំងឺមហារីក ជំងឺធាត់លើសទម្ងន់ ឬជំងឺកាចសាហាវផ្សេងៗជាច្រើនមុខទៀតនោះឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]