(ពោធិ៍សាត់)៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ បានឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ឆបោក យកលុយដុល្លារក្លែងក្លាយ ដើរចូលបុណ្យក្នុងឱកាសវេនកាន់បិណ្ឌ តាមបណ្តាវត្ត ក្នុងស្រុកភ្នំក្រវាញ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៩៖៣៨ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចវត្តព្រែក ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ជនសង្ស័យដែលប្រើប្រាស់ លុយដុល្លារក្លែងក្លាយ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ជុំ វណ្ណនី ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា មុនពេលកើតហេតុ ស្ត្រីដែលជាជនសង្ស័យរូបនេះ បានធ្វើសកម្មភាពឆបោក យកលុយដុល្លារក្លែងក្លាយ ដើរចូលបុណ្យនៅតាមបណ្តាវត្ត ក្នុងស្រុកភ្នំក្រវាញ ពោលគឺនៅរដូវកាន់វេននេះតែម្តង។

លោកអធិការបានបន្តទៀតថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន កម្លាំងរបស់យើងបានធ្វើការផ្សព្វផ្សាយគ្រប់គោលដៅ សំខាន់ៗ ពេលឃើញមុខសញ្ញាគួរឲ្យ សង្ស័យត្រូវរាយការណ៍ជាបន្ទាន់ ទើបយើងអាចឃាត់ខ្លួនជនសង្ស័យនៅពេលនេះបាន។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានឆែកឆេរ ក្នុងកាបូបជនសង្ស័យ ដោយដកហូតបាន លុយក្រដាស១០០ដុល្លារក្លែងក្លាយ ចំនួន៨៦០០ដុល្លារ និងគ្រឿងអលង្ការ ធ្វើអំពីស្ពាន់ជាច្រើនទៀត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅអធិការនគរបាលស្រុកភ្នំក្រវាញ ដើម្បីពិនិត្យមើលវត្ថុតាងទាំងនោះចាត់ការទៅតាម នីតិវិធី៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ប្រើល្បិចយក ដុល្លារក្លែងក្លាយ៥០ម៉ឺន សុំសាហ៊ុយ ៤០០០ដុល្លារ មកវិញជនរងគ្រោះ សង្ស័យប្តឹងឲ្យ នគរបាលឃាត់ខ្លួន ។ គួររំលឹកផងដែរថា ស្ត្រីម្នាក់ត្រូវនគរបាលស្រុកស្អាងឃាត់ និងរឹបអូសលុយដុល្លារ ក្លែងក្លាយ(លុយសែន) ចំនួន៥០ម៉ឺនដុល្លារ ដែលជនសង្ស័យ​ ប្រើល្បិចយកទៅឲ្យ ជនរងគ្រោះរួច សុំសាហ៊ុយ៤០០០ ដុល្លារ ត្រឡប់វិញ ដោយជនរងគ្រោះ មានការសង្ស័យព្រោះកន្លងមក ជនសង្ស័យធ្លាប់បោក ជនរងគ្រោះអស់ ១០៥០០ដុល្លារ រួចមកហើយ ហេតុការឃាត់ខ្លួននេះ កើតឡើងកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ កន្លងទៅ នៅចំនុច ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច ផាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ មានមុខរបរ ជាងជួសជុលទូរទស្សន៍ រស់នៅ ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ស៊ុន ណារី ភេទស្រី អាយុ៣៨ឆ្នាំ មានមុខរបរ កម្មការិនីរោងចក្រកាត់ដេរ រស់នៅភូមិត្រពាំងរាំង ឃុំស្នោរ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។ នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានមកប្តឹងនគរបាល ឲ្យជួយពិនិត្យ ដែលជនង្ស័យយកមក ប្រគល់ឲ្យជនរងគ្រោះ ដែលជាលុយរកស៊ី លុះពេលជនសង្ស័យ មកដល់ដោយមាន ហិបលុយមកជាមួយ ពេលនោះនគរបាល បានធ្វើការត្រួតពិនិត្យ ជាមួយជនសង្ស័យ ដោយមានការឯកភាព ពីលោកព្រះរាជអាជ្ញា និងលោកស្នងការរង ផងដែរ បន្ទាប់ពីពិនិត្យរួច រកឃើញលុយចំនួន ៥០ម៉ឺនដុល្លារ ជាលុយក្លែងក្លាយ (លុយសែន) រួចក៏ឃាត់តែម្តង ។

បើយោងចំលើយសារភាពរបស់ជនសង្ស័យនោះ បានសារភាពថា: នៅថ្ងៃទី១៤ ខែមិនា ២០១៦ ម៉ោង៩ព្រឹកឈ្មោះ ផល ភេទប្រុស អាយុប្រហែល៤០ឆ្នាំ បានទូរស័ព្ទមកខ្លួន អោយយកលុយ អោយជនរងគ្រោះ ចំនួន៥០ម៉ឺនដុល្លារ។ ពេលនោះក៏បាន ណាត់ជួបគ្នា ទទួលឡាំង ដាក់ក្នុងស្បោងស ពីមនុស្សប្រុសម្នាក់ នៅមុខធនាគារ ANZ ក្រុងតាខ្មៅ ហើយបានប្រាប់ខ្លួនថា យកទៅឲ្យតាមឿន ពេលឲ្យរួចត្រូវ យកលុយពីគាត់ ចំនួន៤០០០ដុល្លារ មកផងបងផលផ្ដាំចឹង រួចក៍ជួលរថយន្តជិះ យកលុយមកកន្លែង ណាត់តែម្ដង។ ជនសង្ស័យបានបន្តថា កន្លងមក ខ្លួនធ្លាប់ទទួលលុយ ពីជនរងគ្រោះ សរុបចំនួន១០៥០០$ យកទៅអោយឈ្មោះផល និងឈ្មោះសារឿន។ ដើម្បីរកស៊ីដោយសន្យា បានចំណេញច្រើនចែកគ្នា ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]