ខេត្តព្រះវិហារ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ថា​ បាន​ប្រើ​កាំភ្លើង​ច្នៃ​កាប៊ី​ន​លប​បាញ់​សម្លាប់​អ្នក​ភូមិ​ជាមួយ​គ្នា​ខណៈ​ទៅ​ ដេកចាំ​ស្រែ​នៅ​ភូមិ​ស្រែ​វាល ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឌី ជឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែក​ជន​រង​គ្រោះ​ ដែល​ត្រូវ​បាញ់​សម្លាប់​ឈ្មោះ ស៊ី​ម ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ជាមួយ​គ្នា ។

ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​ និង​ប្ដី​ព្រមទាំង​កូនស្រី​បាន​មក​ដេកចាំ​ស្រែ ។ នៅ​យប់​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ ស្រាប់តែ​ឮ​ប្ដី​ស្រែក​ឲ្យ​គេ​ជួយ គាត់​ក៏​រត់​មក​មើល​ប្តី ស្រាប់តែ​ឃើញ​ប្ដី​ត្រូវ​គ្រាប់ គាត់​បាន​ស្រែក​ឲ្យ​គេ​ជួយ​បន្ថែម​ទៀត តែ​ដោយសារ​ខ្ទម​ស្រែ​នៅ​ឆ្ងាយ​ពី​ភូមិ ហើយ​ត្រូវ​ចំ​កន្លែង​សំខាន់​បណ្ដាល​ឲ្យ​ប្តី​គាត់​ស្លាប់​បាត់បង់​ជីវិត​ នៅ​កន្លែង​កើតហេតុ​នោះ​តែ​ម្ដង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​បាន​មក​ដេកចាំ​ស្រែ​ ក្នុង​ខ្ទម​ចម្ងាយ​យ​ពី​ភូមិ​ប្រមាណ​២​គីឡូម៉ែត្រ ។ នៅ​ជុំវិញ​ខ្ទម​សុទ្ធ​តែព្រៃ ហើយ​ខ្ទម​មិន​មាន​ជញ្ជាំង​និង​ទ្វារ​ទៀត ងាយស្រួល​ក្នុង​ការ​លួច​ធ្វើឃាត ។​បើ​តាម​ការ​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ជនសង្ស័យ​ត្រូវ​បាន​លួច​បាញ់​មិន​ឆ្ងាយ​ ពី​កន្លែង​កើតហេតុ​ប៉ុន្មាន​ទេ ព្រោះ​បាញ់​ចំ​ដៃ​ផុត​ខាងស្ដាំ​ធ្លា​យមក​ក្រោម​ក្លៀក​ខាងស្ដាំ ទើប​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។

ប្រភព​បាន​បន្ត​ថា នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​រក​ឃើញ​គ្រាប់​ ដែកថ្នាំងអំពៅ​នៅ​លើរាន​កន្លែង​កើតហេតុ ទើប​ធ្វើការ​សន្និដ្ឋាន​ថា អាវុធ​ ដែល​បាញ់​មក​លើ​ជន​រង​គ្រោះ​គឺ​អាវុធ​កែ​ច្នៃ​កាប៊ី​ន ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​ ដាក់​កម្លាំង​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​តាមដាន រហូត​ឈាម​ទៅ​ចាប់ ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​មាន​គំនុំ​ជាមួយ​គ្នា ទើប​យក​កាំភ្លើង​ច្នៃ​កាប៊ី​ន​បាញ់​គ្រាប់​ដែកថ្នាំងអំពៅ​ ទៅ​ធ្វើឃាត​ជន​រង​គ្រោះ​តែ​ម្តង ៕

ប្រភព៖ កោះសន្ដិភាព

កំណត់ហេតុខ្មែរឡូត៖

ហេតុការណ៍ស្រដៀងនេះដែរ ក៏ទើបតែកើតឡើងនៅក្នុងខេត្ដសៀមរាប ដែលបុរសម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ប្រហារ បណ្តាលឲ្យស្លាប់ភ្លាមៗ

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ត្រូវឃាតកបាញ់សម្លាប់នៅកណ្តាលក្រុងសៀមរាប ដោយមិនទាន់ដឹងមូលហេតុ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណ:កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងធ្វើការសើុបអង្កេតករណីឃាតកម្មមួយនេះ។

លោក ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅ​ចំណុច ក្រុមទី​៤ ភូមិ​ត្រពាំងរុន សង្កាត់​អំពិល ក្រុង​សៀមរាប​។​

​លោកស្នងការរង បានបន្តថា «សម្រាប់មូលហេតុវិញ យើងមិនទាន់ដឹងនៅឡើយទេ ដោយកំពុងស្រាវជ្រាវសិន»។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ពាក់មួក​ពណ៌​ខ្មៅ ស្លៀកខោ​កាបូ​យ ពណ៌​ទឹកប៊ិច អាវ​ពណ៌​ខ្មៅ ហើយ​មាន​សាក់ រូប​កង​ចាក់ នៅ​ស្មារ​ខាងឆ្វេង មាន​អាយុ​ប្រហែល​ជិត ៣០​ឆ្នាំ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញ កំពុងធ្វើការពិនិត្យ និងស្វែងរកសាច់ញាតិ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]