ខេត្តពោធិ៍សាត់ ៖ ស្ទើរ​តែមិនគួរឱ្យជឿ បើសិន​មិនបានឃើញ​នឹងភ្នែកនោះ បន្ទាប់​​ពី​ភ្ញាក់​ផ្អើលជា​ខ្លាំង​ ខណៈ​ដែល​​​ប្រជានេសាទ​ដាក់​ម​ង​ក្នុងទន្លេសាប​ ស្រាប់តែ​​ជាប់បានត្រី​ធំ​ដ៏កម្រ​មួយក្បាល ​កាលពី​រសៀល​ថ្ងៃទី​២៧ កញ្ញា ២០១៦ ​​​ស្ថិតក្នុងឃុំកំពង់ហ្លួង ជាប់​ព្រំ​ប្រទល់ឃុំក្បាលត្រាច ក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ពលរដ្ឋ​នេសាទម្នាក់ ដែលជាម្ចាស់​មង​​ឈ្មោះយន់ គន្ធា អាយុ​៣៦ឆ្នាំ មាន​ទីលំនៅ​ក្នុងឃុំខាងលើបានរៀប​រាប់​ថា គាត់​ពិត​ជា​រំភើប​ណាស់ ដែល​ឃើញត្រី​ដ៏ធំមួយក្បាលនេះ ។​ មុន​ពេល​ប្រទះ​​ត្រី​ដ៏ធំនេះ គឺ​គាត់បាន​ទៅរាយ​មងក្រឡាធំ​​នៅ​កន្លែងខាងលើ​ដូចសព្វ​ដង។

ក្រោយមក គាត់បាន​អុំទូក​ទៅមើល​ថា មាន​ជាប់ត្រី​ឬ​នៅ ។ ស្រាប់តែ​ទៅដល់ ក៏មានការភ្ញាក់​ផ្អើល​ ដោយមងគាត់បាន​ដាច់​រយះខ្ទេច ស្មានតែ​ជាប់​អ្វីដែល​ចម្លែក លុះគាត់សាឡើង​​ក៏​ប្រទះឃើញ​ ត្រី​គល់រាំងដ៏ធំមួយក្បាល​ ជាប់មងរបស់​គាត់ ហើយ​ត្រីនោះ​នៅរស់ទៀតផង ​​។

ប្រភពបន្តថា បន្ទាប់ភ្ញាក់​ផ្អើល​នេះ មានមនុស្ស​ម្នា​ជាច្រើន​បានមក​ជួួយ​សង្គ្រោះ​ត្រីដ៏ធំនេះ ​ហើយ​គាត់​ក៏​ព្យាយាម​ទំនាក់ទំនង​ ទៅ​ខាង​​មន្ត្រីជលផល​ ដើម្បីឱ្យ​ចុះ​ពិនិត្យ ។ ក្នុងនោះដែរ ត្រូវបាន​លោកពុធ ស៊ុនលី នាយ​ផ្នែកជលផល​ក្រគរ ធ្វើការ​ថ្លែង​អំណរ​គុណ​​ជា​ខ្លាំង​ដល់​ពលរដ្ឋ ​ដែលរាយការណ៍ជូន​លោក​ ក្នុង​ការ​ចង់​ថែរក្សា​ការពារ​មច្ឆជាតិ​ក្នុងប្រទេស​យើង​នេះ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ទាក់ទងនឹងករណីនេះដែរ បើក្រឡេកទៅមើលឯប្រទេសចិនឯណោះវិញ ក្រុមអ្នកនេសាទចិន ចាប់បានត្រីដ៏ធំសម្បើមមួយ គ្រោងនឹងលក់ក្នុងតម្លៃ ១៥មឺុនដុល្លារ។  កាលពីពេលថ្មីៗនេះ ត្រីដ៏ចម្លែក និងមានទំហំធំមួយក្បាល ត្រូវក្រុមអ្នកនេសាទចិន នាំគ្នាចាប់បាននៅទន្លេ Daishan នាទីក្រុង Zhousan ប្រទេសចិន។

បើតាមប្រភពបានឲ្យដឹងថា ក្រុមអ្នកនេសាទ នឹងគ្រោងលក់ត្រីដ៏ធំមួយក្បាលនេះ ក្នុងតម្លៃ ១.១លានយ័ន ដែលស្មើនឹងទឹកប្រាក់ចំនួន ១៥មឺុនដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរថា ត្រីមួយក្បាលនេះ មានទម្ងន់រហូតដល់ ៤៨គីឡូក្រាម និងប្រវែង១៥៧សង់ទីម៉ែត្រ ចាប់បានដោយក្រុមអ្នកនេសាទចំនួន៥នាក់ ។

ត្រីដែលមានទំហំធំមួយក្បាលនេះ ត្រូវបានគេរាយការណ៍ថា ជាប្រភេទត្រីដ៏កម្រនៅក្នុងតំបន់នេះ ដែលប្រជាជននៅទីនោះបាននាំគ្នានិយាយថា ជាត្រីធំជាងគេនៅ Zhousan ។

បើយោងតាមសម្តីរបស់អ្នកនេសាទម្នាក់ ឈ្មោះ Chen បាននិយាយថា «នេះគឺជាប្រភេទត្រីដ៏កម្រមួយ ដែលខ្ញុំមិនដែលប្រទះឃើញជាងរយៈពេល២០ឆ្នាំមកហើយ។ វាពិតជាអស្ចារ្យណាស់ ដែលពួកយើងអាចចាប់ត្រីនេះបាន ដោយឡែក សូម្បីតែអ្នកនេសាទផ្សេងៗទៀត គឺមិនដែលទាំងមានឱកាសបានឃើញវាផង» ។

ត្រីមួយក្បាលនេះ ត្រូវក្រុមអ្នកនេសាទយកវាទៅក្លាស្សេ បន្ទាប់ពីចាប់បានរួចមក ហើយគ្រោងនឹងលក់តម្លៃដ៏ថ្លៃ ១៥មឺុនដុល្លារ ដោយសារពួកគេជឿជាក់ថា ត្រីប្រភេទនេះមានអត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាព ពីព្រោះវាមាផ្ទុកទៅដោយជាតិប្រូតេអ៊ីន និងជាតិខ្លាញ់ច្រើននៅក្នុងខ្លួន ។ ម្យ៉ាងវិញទៀតខ្លាញ់ត្រី ប្រភេទនេះ ភាគច្រើនត្រូវបានគេយកទៅផ្សំធ្វើថ្នាំ ដើម្បីព្យាបាលជំងឺផងដែរ ។

បច្ចុប្បន្នត្រីមួយក្បាល ដែលមានតម្លៃ ១៥មឺុនដុល្លារនេះ កំពុងតែផ្សព្វផ្សាយលក់នៅក្នុងទីផ្សារ ក៏ជាតាមប្រព័ន្ធបណ្តាញសង្គមផ្សព្វផ្សាយផងដែរ។ ក្នុងនោះមានសាធារណៈជាច្រើនបាននាំគ្នាបញ្ចេញមតិដូចជា ៖ «ត្រីនេះ ញ្ញុាំហើយមានជីវិតអមតៈឬ បានលក់ថ្លៃម្លឹងៗ?» ខ្លះទៀត «គ្រាន់តែត្រីងាប់មួយក្បាលសោះ តម្លៃ១.១លានយ័នដែរ» ចំនែកឯម្នាក់ទៀតនិយាយថា «តម្លៃប៉ុណ្ណឹង សុខចិត្តទៅទិញ នាវាមុជទឹកវិញល្អជាង» ។ នេះបើយោងតាមមតិសាធារណៈជនដែល ដកស្រង់ចេញពីបណ្តាញសង្គម ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]