ភ្នំពេញ៖ កញ្ញាឯក ហេង ចន្ថា ដែលបានទទួលជ័យលាភី ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី Miss Grand Cambodia 2016 ហាក់ដូចជាមិនស្រណុកចិត្ត បន្ទាប់ពីស្ថានទូតអាមេរិក បានបដិសេធ និងមិនផ្តល់ទិដ្ឋាការទៅកាន់រូបនាង។

កាលពីប៉ុន្មានថ្ងៃមុននេះ កញ្ញា ហេង ចន្ថា បានសរសេរបកស្រាយនៅលើទំព័រហ្វេសប៊ុក Miss Grand Cambodia  ដោយប្រាប់ពីដំណើរដើមទង មុន និងក្រោយការសម្ភាសន៍នៅទូតអាមេរិក។ ហើយនាងក៏បានបញ្ជាក់ផងដែរថា នាងបានរៀបចំឯកសារត្រឹមត្រូវគ្រប់យ៉ាង និងបានឆ្លើយសំនួរ ដោយភាពក្លាហាន និងមានទំនុកចិត្តលើខ្លួនឯង គ្រប់១២សំណួរ ទៅតាមមន្ត្រីកុងស៊ុល២រូប បានសម្ភាសន៍នាង។ ប៉ុន្តែចុងក្រោយ មន្រ្តីកុងសុលទាំងពីរនាក់នោះ បានបដិសេធទិដ្ឋាការមិនឲ្យទៅ ដោយនិយាយថា រូបនាង មិនមានលក្ខណៈគ្រប់គ្រាន់សមស្រប ក្នុងការទទួលយកទិដ្ឋាការមិនមែនអន្តោប្រវេសន៍នេះ។ 

ចំពោះថ្ងៃធ្វើដំណើររបស់ កញ្ញា ហេង ចន្ថា នឹងត្រូវចេញ ទៅប្រកួតក្នុងកម្មវិធី Miss Grand Cambodia International 2016 នៅ The Westgate Las Vegas Resort&Casino Las Vegas, Nevada ក្នុងថ្ងៃទី៨ ខែតុលា ហើយនឹងត្រូវត្រឡប់មកមាតុភូមិវិញ នៅថ្ងៃទី២៦ ខែតុលា។ ប៉ុន្តែគួរឲ្យសោកស្តាយ រូបនាង មិនបានទទួលទិដ្ឋាការក្នុងការទៅសហរដ្ឋអាមេរិកនោះទេ។

ជាមួយគ្នានោះដែរ បើមើលតាមកញ្ញាឯករូបនេះ បានបកស្រាយ គឺនាងបាននិយាយបញ្ជាក់យ៉ាងច្បាស់ថា រូបនាងគ្រាន់តែទៅធ្វើដំណើរ ដើម្បីទៅប្រកួតនៅសហរដ្ឋ អាមេរិក ហើយពេលចប់ពីកិច្ចការភ្លាម នាងនឹងត្រឡប់តាមពេលកំណត់ ដោយមិនបានបោះបង់មាតុភូមិ និងទៅរស់នៅទីនោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញាឯក ហេង ចន្ថា បានបង្ហាញអារម្មណ៍ពិត ទៅកាន់អ្នកគាំទ្រ។

ក្រោយពីបានឆ្លងកាត់ការប្រកួតប្រជែង យ៉ាងស្វិតស្វាញក្នុងចំណោមនារីវ័យក្មេង ស្រស់ស្អាត និងស្រស់សោភា ជាច្រើនពាន់នាក់ ដែលបានដាក់ពាក្យប្រកួតប្រជែងកន្លងមក នៅក្នុងកម្មវិធី Miss Grand Cambodia 2016 តំណែងស្រីស្អាតប្រចាំឆ្នាំ២០១៦នេះ ត្រូវបានធ្លាក់ទៅលើ យុវតីស្រស់ស្អាតនិងស្រស់សោភា ហេង ចន្ថា វ័យ១៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាមួយនឹងសន្ទុះនៃការគាំទ្រ និងសរសើរពីរូបសម្រស់របស់នាងពេញៗមាត់ ថាកញ្ញា ហេង ចន្ថា ពីជាមានរូបសម្រស់ស្រស់ស្អាតមែន! ពីសំណាក់មហាជនជាច្រើនម៉ឺននាក់ មិនថាតែប្រជាជនខ្មែរយើងប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មាននានា ប្រទេសជិតខាងក្នុងតំបន់អាស៊ីយើង ក៏បានចេញផ្សាយ និងសរសើរកញ្ញាថា ហេង ចន្ថា ពិតជាមានសម្រស់ ស្រស់ស្អាតមិនចាញ់ នារីៗរបស់ប្រទេសគេឡើយ។

ទន្ទឹមនឹងនោះផងដែរ តាមរយៈគណនី ហ្វេសប៊ុក របស់កញ្ញាផ្ទាល់ ក៏បានបង្ហោះសារយ៉ាងវែងអន្លាយមួយ ដើម្បីជាការអរគុណដល់ ពុកម៉ែ បងប្អូន ដែលស្រលាញ់និងគាំទ្រលើរូបនាងកន្លងមក រហូតដល់នាងមានឱកាសដ៏ល្អមួយនេះផងដែរ។

លើសពីនេះទៅទៀត ស្រីស្រស់រូបនេះ ក៏បានបញ្ជាក់ប្រាប់ពីគណនី ហ្វេសប៊ុកផេកពិតប្រាកដរបស់នាង ទៅកាន់អ្នកគាំទ្រថែមទៀតផង និងស្នើមេត្តាជួយគាំទ្រដល់រូបនាងជាបន្តទៀតផងដែរ ខណៈនាងនឹងបន្តឡើង ប្រកួតប្រជែងលើឆាកអន្តរជាតិ នាពេលខាងមុខនេះ។

ក្នុងសារនោះដែរ កញ្ញាបានសរសេរថា៖ «នាងខ្ញុំ ហេង ចន្ថា Miss Grand Cambodia 2016 សូមថ្លែងអំណរគុណជាអតិប្បរមាចំពោះ ការគាំទ្រ កម្លាំងចិត្ត របស់ពុកម៉ែ បងប្អូន មីងមា និងប្រិយមិត្តទាំងអស់ដែលបានចូលរួម ទស្សនាដោយផ្ទាល់ ក៏ដូចជាទស្សនានៅតាមគេហដ្ឋាន នារាត្រីនៃកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ។ នាងខ្ញុំពិតជាមានសេចក្តីបតិសោមនស្សរីករាយ និងត្រេកអរយ៉ាងខ្លាំង ដែលទទួលបាននូវការផ្តល់ឱកាស ពីគណៈកម្មការរៀបចំកម្មវិធីប្រកួត គណៈកម្មការកិត្តិយស ក៏ដូចជាប្រិយមិត្តគ្រប់ៗរូប ផ្តល់នូវជ័យលាភីនិងមកុដកិត្តិយសដ៏ឧត្តុង្គឧត្តម ព្រមទាំងឱកាសដ៏បវរក្នុងការតំណាងបេក្ខភាពនារីកម្ពុជាលើវេទិការប្រកួតអន្តរជាតិ Miss Grand International 2016 នេះជាមហាកិត្តិយស ដែលនាងខ្ញុំទទួលបានក្នុងឆាកជីវិតនេះ» ។

កញ្ញាសរសេររៀបរាប់បន្តទៀតថា «ជាថ្មីម្តងទៀតនាងខ្ញុំសូមថ្លែងអំណរគុណ ពីដួងចិត្តនៃនាងខ្ញុំ និងសូមសន្យាតាំងចិត្តត្រៀមខ្លួន អោយអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមការប្រកួតនាពេលខាងមុខ។ សូមគោរពជូនពរប្រជាជនខ្មែរ ក៏ដូចជាប្រិយមិត្តគ្រប់ៗគ្នា ជួបប្រទះតែសេចក្តីសុខ និងព្រះពុទ្ធពរទាំង៤ប្រការជាដរាបរៀងទៅ។ សូមជម្រាបប្រិយមិត្តទាំងអស់ថា នេះជា Fan Page Heng Chantha Miss Grand Cambodia 2016ពិតប្រាកដតែមួយគត់ដែលនាងខ្ញុំបង្កើតឡើង។ សូមមេត្តាបន្តនូវការគាំទ្រ។ សូមថ្លែងអំណរគុណ» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ចន្ថា