កូរ៉េខាងត្បូង៖ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ផលិតកម្ម FNC Entertainment បានចេញសេចក្តីប្រកាសជាផ្លូវការ ជូនទៅកាន់អ្នកគាំទ្រទាំងអស់ ដែលតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើ ទំនាក់ទំនងស្នេហារវាង Seolhyun និង Zico នោះ ឥលូវនេះពួកគេទាំង២បានឈានមកដល់ផ្លូវបំបែកហើយ ដោយសារតែបញ្ហាផ្ទាល់ខ្លួន ដែលនេះជារឿងដ៏គួរឲ្យសោកស្តាយមួយ សម្រាប់អ្នកគាំទ្រផងដែរ។

គួរឲ្យដឹងថា រយៈពេលមិនប៉ុន្មានម៉ោងមុនសេចក្តីប្រកាស បានចេញជាផ្លូវការ អ្នកគាំទ្របានសង្គេតឃើញថា នៅលើបណ្តាញសង្គមIG ផ្ទាល់ខ្លួនរបស់Zico លោកបានបង្ហោះ នូវរូបថតគូស្នេហ៍មួយសន្លឹកភ្ជាប់ជាមួយនឹងLink បង្ហាញពីសាច់ភ្លេងថ្មីរបស់លោក ដែលមានចំណងជើងថា ”It Was Love” ។

ប៉ុន្តែមិនថាយ៉ាងណា ការបង្ហោះនេះវាមិនមែនមានន័យត្រឹមតែប៉ុណ្ណឹងនោះទេ ដោយតាមពិតទៅបទភ្លេងនេះ លោកបាននិពន្ធវាឡើងជាចម្រៀងស្នេហារវាងលោក ជាមួយនិង នាង Seolhyun ដែលពីមុនតែងតែមានឲ្យគ្នា ប៉ុន្តែឥលូវបែរជាដល់ផ្លូវបំបែកទៅវិញ។

ជាការពិតណាស់ បើយើងស្តាប់ទៅកាន់បទភ្លេងនោះ គឺមានអារម្មណ៍ថាពីដំបូងហាក់បីដូចជា រដូវផ្ការីកអញ្ចឹងដែលមានភាពស្រស់ស្រាយ និងស្រស់បំព្រង ប៉ុន្តែមកដល់ពេលចុងក្រោយបែរទៅជាស្រងូតស្រងាត់ទៅវិញ។ តាមរយៈបទភ្លេងមួយនេះផងដែរ ទើបធ្វើឲ្យអ្នកគាំទ្របានដឹងថា ពួកគេបានបែកគ្នាយ៉ាងពិតប្រាកដមែន៕

ប្រភព៖ AllKpop 

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយរបស់កូរ៉េ Dispatch បានចេញផ្សាយនូវរូបថត ផ្តាច់មុខរបស់តារាស្រីស្រស់ រាងស្អាត Seolhyun សមាជិកក្រុមចម្រៀងនារី AOA ដែលត្រូវគេចាប់បានថា នាងកំពុងតែមានទំនាក់ទំនងស្នេហា ជាមួយនឹងលោក Zico តារារ៉េបប្រចាំក្រុមច្រៀងបុរស Block B ព្រមទាំងលួចណាត់ជួបគ្នាយ៉ាងសម្ងាត់ ជាច្រើនដងថែមទៀតផង ។

នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយDispatch បានឲ្យដឹងថា តាមពិតទៅអ្នកទាំង២នាក់នេះ បានចាប់ផ្តើមស្គាល់គ្នាដំបូង តាមរយៈការផ្សព្វផ្សាយកម្មវិធីតន្រ្តីមួយ នៅឯក្រៅប្រទេសជាមួយគ្នា ហើយចាប់តាំងពីពេលនោះមក អ្នកទាំង២ក៏បានចាប់ផ្តើម ទាក់ទងគ្នាជារឿយៗ រហូតដល់កំឡុងខែមីនា ឆ្នាំ២០១៦នេះ ពួកគេក៏បានស្រលាញ់គ្នាតែម្តង ។ លើសពីនេះ តាមរយៈអ្នកប្រមាញ់រូបថតសម្ងាត់របស់តារា បានរាយការណ៍មកថា គូស្នេហ៍មួយគូនេះ តែងតែលួចណាត់ជួបគ្នាជាញឹកញាប់ គឺមានដូចជាកាលពីថ្ងៃទី៣១ ខែឧសភា ថ្ងៃទី៧ ខែសីហា ព្រមទាំងកាលពីកំឡុងខែមិថុនា និងខែកក្កដា ក៏ពួកគេលួចណាត់ជួបគ្នាជាញឹកញាប់មិនធម្មតាដែរ។

មិនថាយ៉ាងណា បើយើងក្រឡេកមកមើលរូបថតណាត់ជួបសម្ងាត់របស់អ្នកទាំង២ ដែលត្រូវបានគេប្រមាញ់បានវិញម្តង យើងអាចសង្កេតឃើញថា កន្លែងដែលពួកគេចូលចិត្ត ណាត់ជួបគ្នារាល់ដង គឺមានដូចជា នៅក្នុងរថយន្ត, នៅតាមដងទន្លេ Han ដែលជាកន្លែងណាត់ជួបគូសង្សារដ៏រ៉ូមែនទិកបំផុតនៅឯទីក្រុងសេអ៊ូល និងនៅក្នុងផ្ទះរបស់លោក Zico ផ្ទាល់តែម្តង។

បន្ថែមពីនេះ គួរឲ្យដឹងថារាល់ពេលណាត់ជួបម្តងៗ Seolhyun នាងតែងតែពាក់មួកពណ៌ខ្មៅ និងពាក់ម៉ាស់បិទមុខ ព្រមទាំងរត់យ៉ាងលឿនចេញពីរថយន្តតាក់ស៊ី ឆ្ពោះទៅកាន់ផ្ទះរបស់ Zico ថែមទៀតផង ដើម្បីចៀសវាង កុំឲ្យអ្នកគាំទ្រចាប់បាន ឬកុំឲ្យមានអ្នកកាសែតមកលួចប្រមាញ់រូបថតបាន ប៉ុន្តែមិនថាយ៉ាងណា ទីបំផុតតែត្រូវបែកធ្លាយដដែល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]