ថៃ៖ សុនខញីដ៏ស្ម័គ្រស្មោះ នឹងម្ចាស់មួយក្បាល កំពុងតែធ្វើឲ្យមហាជនជនជាច្រើន អាណិតខ្លោចចិត្តចំពោះវាយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញ មកអង្គុយនៅតាមដងផ្លូវមួយកន្លែង ក្នុងប្រទេសថៃ ដើម្បីរង់ចាំម្ចាស់មកទទួលវា ត្រឡប់ទៅផ្ទះវិញ រហូតត្រូវបានរថយន្តបុកងាប់ យ៉ាងអាណោចអាធ័ម។

បើតាមប្រភពបានឲ្យដឹងថា សុនខញីមួយក្បាលនេះ មានអាយុ៣ឆ្នាំ ត្រូវបានគេហៅឈ្មោះរបស់វាថា Loung បានប្រទះឃើញមកអង្គុយនៅចិញ្ចើមផ្លូវ ត្រង់កំណាត់ផ្លូវជាតិលេខ៣ Sukhumvit ក្នុងខេត្ត Chanthaburi ប្រទេសថៃ ដែលជាមហាវិថីដ៏សំខាន់មួយ រវាងទីក្រុងបាងកក និងប្រទេសកម្ពុជា បន្ទាប់ពីវាបានធ្លាក់ពីលើ រថយន្តដឹកទំនិញរបស់ម្ចាស់របស់វា កាលពីឆ្នាំមុនមកម៉្លេះ។

ម្ចាស់របស់វា ក៏មិនបានដឹងទេថា កូនឆ្កែរបស់ខ្លួនធ្លាក់ពីលើរថយន្តនោះឡើយ ហើយពួកគេថែមទាំងមិនបានអើពើ ស្វះស្វែងដើររកកូនឆ្កែ ដ៏កំសត់របស់ខ្លួនដែរ។ ពោលមកទល់ពេលនេះ វាបានអង្គុយរង់ចាំម្ចាស់របស់វានៅទីនោះ អស់រយៈពេល១ឆ្នាំទៅហើយ រហូតត្រូវរថយន្តបើកបុក ងាប់ក្នុងថ្លុកឈាម កាលពីសប្តាហ៍មុននេះ នៅគ្រាដែលវាកំពុងតែដើរទៅដើរមក តាមចិញ្ចើមផ្លូវខាងលើដែលជាកន្លែងកើតហេតុ។

បើតាមប្រភពពីអ្នកស្រុក រស់នៅក្នុងតំបន់ខាងលើនេះ ក្នុងភូមិ Ban Nong Khon នៃខេត្ត Chanthaburi បានឲ្យដឹងថា ពួកគេក៏បានចិញ្ចឹមវា ដាក់បាយដាក់ចំណីឲ្យវាស៊ី អស់រយៈជាច្រើនខែផងដែរ។ កូនឆ្កែមួយក្បាលនេះ មិនព្រមទៅណាសោះ សុខចិត្តមកផ្តេកផ្តួលខ្លួន អង្គុយរង់ចាំម្ចាស់ដើម្បីមកទទួលយកវា ត្រឡប់ទៅផ្ទះវិញ។

មិនតែប៉ុណ្ណោះ វាក៏ជាសុនខមួយក្បាល ដែលល្បីនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បន្ទាប់ពីមានមនុស្សម្នាជាច្រើន បានដឹងរឿងរ៉ាវរបស់វា ជិះកាត់តាមផ្លូវនេះ ចុះថតរូបវាយកទៅបង្ហោះផងដែរ។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏បានឲ្យដឹងដែរថា កន្លងមកកាលពី សុនខមួយក្បាលនេះនៅរស់ គឺតែងមានមនុស្សជាច្រើន បានចូលខ្លួនមកអះអាងថា Loung គឺជាកូនឆ្កែរបស់ពួកគេផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រាន់តែពួកគេចូលទៅជិតខ្លួនវា ដើម្បីយកក្រឡៅពាក់.កវានោះ ស្រាប់តែសុនខមួយក្បាលនេះ រត់ចេញបោលចូលគុម្ពស្មៅតែម្តង។ ពោលវាអាចបញ្ជាក់បានថា ទំនងជាអ្នកទាំងអស់នោះមិនមែនជាម្ចាស់របស់វាហើយ ទើបវាមិនព្រមឲ្យប៉ះពាល់ខ្លួនរបស់វាយ៉ាងដូច្នេះនោះ។

ទន្ទឹមនឹងការងាប់របស់សុនខដ៏ស្ម័គ្រស្មោះ រង់ចាំម្ចាស់នេះដែរ សមាគមន៍អ្នកស្រលាញ់សត្វឆ្កែក្នុងខេត្ត Chanthaburi បានយកសាកសពរបស់វា ទៅបូជាក្នុងស្រុក Tha Mai ដោយសង្ឃឹមថា ព្រលឹងរបស់វានឹងទៅបានសុខផងដែរ ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?     

ទស្សនាវីដេអូ៖   

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ហេតុតែស្រលាញ់ម្ចាស់! សុនខមួយក្បាល សុខចិត្តដេករង់ចាំម្ចាស់ នៅមាត់ទ្វារមន្ទីរពេទ្យ អស់រយៈពេល៦ថ្ងៃ។ សុនខមួយក្បាលកំពុងតែ ធ្វើឲ្យមហាជនជាច្រើន ជាប់ចិត្តអាណិត និងស្រលាញ់លើរូបវាជាខ្លាំង ក្រោយពីបានឃើញនូវទិដ្ឋភាព ដ៏គួរឲ្យស្រងោះស្រងោច ដាច់បាយក្រហាយទឹករបស់វា អស់រយៈពេល៦ថ្ងៃ ដោយសារតែដេករង់ចាំម្ចាស់ ជាទីស្រលាញ់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

បើតាមប្រភព បានឲ្យដឹងថា នាង Sandra Iniesta អាយុ ២២ឆ្នាំ សញ្ជាតិអេស្ប៉ាញ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ Elda Hospital ភ្លាមៗ អស់រយៈពេលជិតមួយសប្តាហ៍ ស្ថិតក្បែរទីក្រុង Alicante នៃប្រទេសអេស្ប៉ាញ ក្រោយពីរូបនាងមានអាការៈ ឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង ដោយមិនអាចទ្រាំបាន បន្ទាប់ពីរូបនាងបានត្រឡប់ មកពីដំណើរកម្សាន្ត លំហែលកាយលេង ជាមួយនឹងឪពុករបស់នាង គឺលោក Andre កាលពីប៉ុន្មានថ្ងៃមុននេះ។

ក្រុមគ្រូពេទ្យ បានធ្វើការពិនិត្យនិងរកឃើញថា Sandra នាងកើតមានជំងឺពោះវៀនដុះខ្នែង ដែលតម្រូវឲ្យធ្វើការវះកាត់ ជាបន្ទាន់ផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គេសង្កេតឃើញថា សត្វឆ្កែចិញ្ចឹមញីដ៏ស្អាត និងឆ្លាតរបស់នាង ដែលមានឈ្មោះថា Maya ស្រលាញ់ស្មោះស្ម័គ្រនិងម្ចាស់ សុខចិត្តអត់ឃ្លាន មកដេករង់ចាំរូបនាង នៅមាត់ទ្វារខាងក្រៅក្នុងមន្ទីរពេទ្យ ដោយមិនព្រមទៅណាឡើយសូម្បីតែបន្តិច ដើម្បីរង់ចាំម្ចាស់ជាទីស្រលាញ់របស់វា គឺនាង Sandra ចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញផងដែរ ជាហេតុធ្វើឲ្យអ្នកនិយមលេងអីុនធឺណែតជាច្រើន កោតសរសើរទឹកចិត្ត និងសេចក្តីស្រលាញ់របស់សត្វឆ្កែនេះ ដែលមានចំពោះម្ចាស់របស់វា។

បើតាមការឲ្យដឹងពី Sandra និយាយថា «គ្រប់ពេលវេលាទាំងអស់ ពេលដែលខ្ញុំចូលទៅក្នុង ទីកន្លែងមួយណាក៏ដោយ ក៏មានវត្តមានវាតែងតែនៅរង់ចាំខ្ញុំ ខាងក្រៅមាត់ទ្វារជានិច្ច»

លោក Andres ជាឪពុករបស់ Sandra មានប្រសាសន៍ថា «ពួកយើងស្រលាញ់និងចាត់ទុកវា ដូចជាសមាជិកមួយ ក្នុងគ្រួសាររបស់យើងផងដែរ។ ខ្ញុំគិតថា ឆ្កែចិញ្ចឹមរបស់ខ្ញុំនេះ វាដឹងថាច្បាស់ថាមានរឿង អ្វីមួយកើតឡើងហើយ ទើបបានជាវាសុខចិត្តនៅទីនេះ ជាមួយនឹងការអត់ទ្រាំ យ៉ាងខ្លាំងបែបនេះ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]