ការទទួលទានស្រាក្រហម ក្នុងកម្រិតមធ្យម ត្រូវបានមនុស្សជាច្រើនធ្លាប់បានដឹងជាយូរមកហើយ ថាវាអាចជួយឲ្យបេះដូង មានសុខភាពល្អ។ ជាតិអាល់កុល និងសារធាតុមួយចំនួន ដែលមាននៅក្នុងស្រាក្រហម ដោយគេហៅវាថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយការពារជំងឺបេះដូងបានដោយ ការបង្កើនកម្រិតកូឡេស្តេរ៉ូលលីប៉ូប្រូតេអ៊ីន (HDL) ខ្ពស់ (ជាកូឡេស្តេរ៉ូលល្អ) និងថែមទាំងជួយការពារសរសៃឈាមទៀតផង។

តោះទៅតាមដាន អត្ថប្រយោជន៍ទាំង ៧ របស់ស្រាក្រហម ដែលអាចជួយកោសិការាងកាយទាំងមូលរបស់អ្នកបាន ខាងក្រោមនេះ ៖ 

១. បន្ថយកូឡេស្តេរ៉ូល

ទំពាំងបាយជូរក្រហម ដែលសម្បូរទៅដោយជាតិសរសៃ ត្រូវបានគេប្រើប្រាស់ជាគ្រឿងផ្សំចំបងបំផុត ក្នុងការផលិតស្រាក្រហម។ បើយោងតាមការសិក្សាសាកលវិទ្យាល័យ Complutense នៃទីក្រុង Madrid ប្រទេសអេស្ប៉ាញ បានលើកឡើងថា ទំពាំងបាយបាយជូរក្រហម ពិតជាមានឥទ្ធិពល លើកម្រិតកូឡេស្តេរ៉ូលពិតប្រាកដមែន។

ការសិក្សាលើមនុស្ស ដែលទទួលបាន សារជាតិបំប៉នពីទំពាំងបាយជូរ នៅក្នុងស្រាក្រហម បានបង្ហាញថាពួកគេមានកម្រិត LDL (កូឡេស្តេរ៉ូលមិនល្អ) ធ្លាក់ចុះដល់ទៅ ៩%។ អ្នកចូលរួម ដែលមានកូឡេស្តេរ៉ូលខ្ពស់ ក៏មានកម្រិតកូឡេស្តេរ៉ូលធ្លាក់ចុះ ១២% ដែរ។ តើអ្នកដឹងទេថា LDL ដែលលើសកម្រិតក្នុងរាងកាយ នឹងធ្វើឲ្យស្ទះសរសៃឈាមអាកទែ សម្ពាធឈាមឡើងខ្ពស់ ហើយនៅទីបំផុតវានឹងបណ្តាលឲ្យអ្នកមានជំងឺគាំងបេះដូង។ 

២. ការពារសុខភាពបេះដូង

បណ្ឌិត John Folts ដែលជាសាស្ត្រាចារ្យខាងផ្នែកវេជ្ជសាស្ត្រសរសៃឈាមបេះដូង និងអាហារូបត្ថម្ភ នៅសាកលវិទ្យាល័យ Wisconsin-Madison បាននិយាយថា ស្រាក្រហមមិនត្រឹមតែជួយកាត់បន្ថយសារជាតិកូឡេស្តេរ៉ូលប៉ុណ្ណោះទេ សារជាតិ polyphenols (ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ក្នុងស្រាក្រហម) អាចជួយរក្សាសរសៃឈាម ឲ្យអាចបត់បែនបានស្រួល និងកាត់បន្ថយហានិភ័យជំងឺកកឈាម ទៀតផង។ ប៉ុន្តែត្រូវតែប្រុងប្រយ័ត្នផង មិនត្រូវទទួលទានញឹកញាប់ ច្រើនលើសលុបឡើយ។ 

៣. ត្រួតពិនិត្យជាតិស្ករក្នុងឈាម

បើយោងតាមការស្រាវជ្រាវថ្មីមួយ បានចុះផ្សាយក្នុងទស្សនាវត្តី Nutrition បានបង្ហាញថា សំបកខាងក្រៅ របស់ទំពាំងបាយជូរក្រហម (Resveratrol) ពិតជាអាចគ្រប់គ្រងជាតិស្ករ ដែលអាចបង្កជាជំងឺទឹកនោមផ្អែម នៅក្នុងឈាមរបស់មនុស្ស បានមែន ដោយការបញ្ចេញអាំងស៊ុយលីន ឬប្រូតេអ៊ីនក្នុងរាងកាយ។ អ្នកចូលរួមក្នុងការសិក្សា បានទទួលទានសារធាតុរបស់សំបកទំពាំងបាយជូរ (Resveratrol) ក្នុងស្រាក្រហម ចំនួន ២៥០ មីលីក្រាម មួយថ្ងៃមួយដង ក្នុងរយៈពេលបីខែ បានថយចុះនូវកម្រិតជាតិស្ករ ក្នុងឈាម ជាងអ្នកដែលមិនបានទទួលទាន។ ជាងនេះទៅទៀត Resveratrol ក៏អាចជួយបញ្ចុះកូឡេស្តេរ៉ូល និងបន្ថយសម្ពាធឈាម ប្រភេទស៊ីស្តូលីកបានផងដែរ។ 

៤. ជំរុញសមត្ថភាពខួរក្បាល

បណ្ឌិត Philippe Marambaud ជាអ្នកវិទ្យាសាស្រ្តស្រាវជ្រាវ ជាន់ខ្ពស់ នៅមជ្ឈមណ្ឌលស្រាវជ្រាវ Litwin-Zucker បាននិយាយថា សារធាតុ Resveratrol ក៏ជាសារធាតុដ៏សំខាន់ ដើម្បីរក្សាការចងចាំ របស់អ្នកបានយ៉ាងល្អផងដែរ។ ការសិក្សានោះបានបង្ហាញថា សារធាតុ Resveratrol បានរារាំង ដល់ការកកើតឡើងនូវ Beta-amyloid protein (ជាសារធាតុចំបង ដែលគេបានរកឃើញ នៅក្នុងខួរក្បាល របស់អ្នកជំងឺបាត់បង់ការចងចាំ)។ លោកបណ្ឌិត Marambuad បានផ្តល់អនុសាសន៍ ឲ្យអ្នកគួរធ្វើការហ្វឹកហាត់ខួរក្បាលដោយ លេងជាល្បែង តពាក្យ តម្រៀបពាក្យផ្សេងៗ និងគួរទទួលទានស្រាក្រហមមួយកែវបន្ថែម នៅរយៈពេលមួយម៉ោងក្រោយលេងរួច។ 

៥. ប្រឆាំងនឹងជំងឺផ្តាសាយ

ប្រសិនបើអ្នកមិនចង់ឈឺទេនោះ មានតែការទទួលទានស្រាក្រហមទេ ដែលអាចជួយការពារអ្នកបាន។ ការសិក្សានៅឆ្នាំ ២០១០ ក្នុង American Journal of Epidemiology បានរកឃើញថា និស្សិតមហាវិទ្យាល័យចំនួន ៤០០០ នាក់ ពីសាលា ៥ ខុសៗគ្នា ដែលទទួលទានស្រាក្រហមប្រមាណ ១៤ កែវក្នុងមួយអាទិត្យ រយៈពេលពេញមួយឆ្នាំ គឺមិនមានបញ្ហាជាមួយនឹងជំងឺផ្តាសាយដល់ទៅ ៤០%។ ហេតុអ្វី? បើយោងតាមវិទ្យាស្ថានជាតិសុខភាព បានឲ្យដឹងថា សារធាតុប្រឆាំងអុកស៊ីតកម្ម មាននៅក្នុងស្រាក្រហម អាចប្រយុទ្ធប្រឆាំងការឆ្លងមេរោគ និងការពារកោសិកាពីប្រតិកម្មគីមីផ្សេងៗបាន។ 

៦. ការពារជំងឺមហារីក

នេះបើយោងតាមការស្រាវជ្រាវ នៅឯសាកលវិទ្យាល័យ នៃរដ្ឋ Virgina បានបង្ហាញថា សារធាតុ Resveratrol ដែលបានមកពីការទទួលទានស្រាក្រហម មួយអាទិត្យតែ ២ ទៅ ៣ ដង ក៏គ្រប់គ្រាន់អាចការពារ កោសិកាមហារីក មិនឲ្យកកើតបានដែរ។ ក្រុមអ្នកវិទ្យាសាស្រ្ត បានពិសោធន៍លើ កោសិកាមហារីករបស់មនុស្ស ជាមួយនឹង Resveratrol និងបានរកឃើញថា Resveratrol អាចរារាំងការលូតលាស់ របស់កោសិកាមហារីកបាន។ 

៧. ជួយឲ្យមានរាងស្លីមស្អាត

ជាការពិតណាស់ Resveratrol គឺជាសារធាតុ ដែលមានសារសំខាន់ច្រើនលើសលុប នៅក្នុងស្រាក្រហម។ ប៉ុន្តែ ការស្រាវជ្រាវរបស់ Journal of Biological Chemistry បានលើកឡើងសារធាតុថ្មីមួយទៀតគឺ Piceatannol (ដែលជាសារធាតុគីមី បំលែងពីសារធាតុ Resveratrol ក្នុងរាងកាយ)។ គេបានពិសោធន៍ឃើញថា សាធាតុ Piceatannol អាចការពារ នូវការលូតលាស់កោសិកាខ្លាញ់បាន ដោយវាចងភ្ជាប់អាំងស៊ុយលីន ជាមួយនឹងកោសិកាខ្លាញ់ ដែលអាចរាំងខ្ទប់ មិនឲ្យកោសិកាខ្លាញ់លូតលាស់បានឡើយ។ 

# ត្រូវចងចាំថាទទួលទាន ក្នុងកម្រិតមធ្យម! មិនមែនលើកដាច់ លើកដាច់ទេណា!

អង្គការសុខភាពបេះដូង របស់អាមេរិក ក៏ដូចជាអង្គការសុខភាពផ្សេងៗទៀត បានលើកឡើងថា អ្នកគួរទទួលទានស្រាក្រហម ដើម្បីការពារពីជំងឺ គឺជាការល្អហើយ ប៉ុន្តែគ្រឿងស្រវឹង ក៏អាចធ្វើឲ្យអ្នកញៀន និងបង្កជាបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។

ការទទួលទានគ្រឿងស្រវឹងច្រើនពេក អាចបង្កើនហានិភ័យប្រឈមនឹង ការឡើងសម្ពាធឈាមខ្ពស់ ខូចថ្លើម ធាត់លើសទម្ងន់ មហារីក និងបញ្ហាគ្រោះថ្នាក់ដទៃទៀត។ ជាងនេះទៅទៀត ការទទួលទានគ្រឿងស្រវឹងលើសកំណត់អាចបង្កឲ្យ សាច់ដុំបេះដូងខ្សោយ និងជំងឺបេះដូងផ្សេងទៀត។ ជាពិសេស ស្រ្តីមានផ្ទៃពោះ ត្រូវតែចៀសវាងជាដាច់ខាត។

ហេតុនេះ ប្រសិនបើអ្នកចង់ទទួលទានស្រាក្រហម អ្នកត្រូវតែទទួលទានក្នុងកម្រិតមធ្យម។ សម្រាប់ស្ត្រី អាចទទួលទានបាន ១ កែវ ក្នុងមួយថ្ងៃ រីឯបុរសដែលមានអាយុលើសពី ៦៥ ឆ្នាំឡើង អាចទទួលទាន ១ កែវ ក្នុងមួយថ្ងៃ និង ២ កែវ ក្នុងមួយថ្ងៃ សម្រាប់បុរស ដែលមានវ័យ ៦៥ ឆ្នាំចុះក្រោម៕ 

ប្រភព៖ MAYO CLINIC | Prevention

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]