អាមេរិក៖ អតីតកំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Maywheather ថ្មីៗនេះ កំពុងប្រើជីវិតដ៏ស្តុកស្តម្ភ លំហែកាយនៅឯភូមិគ្រឹះដ៏ធំស្កឹមស្កៃ រំលឹកនូវរឿងរ៉ាវចាស់ៗ កាលពីខ្លួននៅជាកីឡាករប្រដាល់មិនទាន់ចូលនិវត្តន៍។ នេះបើយោងតាមទំព័ររបស់ Floyd នៅក្នុងបណ្តាញសង្គមហ្វេសបុក។

នៅក្នុងទំព័រហ្វេសបុករបស់ Floyd បានសរសេរ លាយឡំនឹងការរស់នៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃរបស់ខ្លួនថា «ខ្ញុំចាប់ផ្តើមវាយដំបូងកាលពីឆ្នាំ ១៩៨៧ ចាប់ផ្តើមអាជីពជាអ្នកប្រដាល់ ក្នុងឆ្នាំ១៩៩៦ ។ បន្ទាប់មកខ្ញុំចូលនិវត្តន៍មុនអាយុ៤០ឆ្នាំ ហើយឥឡូវនេះខ្ញុំមិនទាន់មានអាយុ៤០ឆ្នាំនៅឡើយទេ» ។ 

គួររំលឹកផងដែរថា Floyd គឺជាអតីតអ្នកប្រដាល់មួយរូបដែលមិនស្គាល់ពាក្យថាចាញ់ឡើយ ហើយថែមទាំងធ្លាប់ឈ្នះនូវខ្សែក្រវ៉ាត់ជាច្រើនស្ថាប័នទៀតផង។

អតីតកីឡាកររូបនេះ បានចូលនិវត្តន៍តាំងពីខែកញ្ញា ឆ្នាំ២០១៥ មកម្ល៉េះ។ ក្រោយពីការចូលនិវត្តន៍រួចមក Floyd បានសោយសុខក្នុងជីវិតឯកជនរបស់ខ្លួន ជាមួយនឹងទ្រព្យសម្បត្តិដ៏ហូរហៀរចាយមិនចេះអស់ ។ ចំនែកកាលពីពេលថ្មីៗនេះវិញ Floyd ក៏បានថតរូបជាច្រើនសន្លឹក បង្អួតភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលដែល Floyd បានបញ្ចប់អាជីពប្រដាល់របស់ខ្លួនរួចមក មានពាក្យចចាមអារ៉ាមជាច្រើនជុំវិញការប្រកួតរបស់គេ ជាមួយនឹងកីឡាករ Conor McGregor ដែលជាម្ចាស់ខ្សែក្រវ៉ាត់ស្ថាប័ន UFC ។ ជាការឆ្លើយតប Floyd ក៏បានបញ្ជាប់ប្រាប់ពីរឿងរ៉ាវនេះផងដែរថា «វាជាការពិត ពួកយើងបានព្យាយាមបង្កើតឲ្យមានការប្រកួតនេះកើតឡើងពិតមែន ប៉ុន្តែចុងក្រោយគឺពួកយើងមិនអាចធ្វើបាន ដូច្នេះមានតែបំភ្លេចនូវការប្រកួតនេះចោល» ។ នេះបើយោងតាមសម្តីរបស់ Floyd ប្រាប់ទៅកាន់សារព័ត៌មាន Fight Hype ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]