នៅក្នុងពិភពលោកយើងនេះ ដើម្បីថែរក្សាសុខភាពគ្មាននរណាម្នាក់អាចបដិសេធ ការមិនទទួលបរិភោគបន្លែ និងផ្លែឈើបាននោះទេ។ តើអ្នកធ្លាប់បានចាប់អារម្មណ៍ ទេថា ពពួកបន្លែផ្លែឈើទាំងអស់នោះ គឺសុទ្ធតែមានពណ៌ខុសៗគ្នា ហើយពណ៌នីមួយៗក៏មានផលប្រយោជន៍ខុសគ្នាផងដែរ។ ជាការពិតណាស់ ផ្លែឈើ និងបន្លែ ដែលយើងទទួលទានជារៀងរាល់ថ្ងៃត្រូវបាន បែងចែកទៅជា ៥ក្រុម៥ពណ៌ផ្សេងៗ ពីគ្នា និងមានគុណសម្បត្តិផ្នែកសុខភាពក៏ប្លែកពីគ្នាដែរ ទៅតាមប្រភេទរបស់វា ដូចតទៅនេះ៖

១. ពណ៌បៃតង៖ ផ្លែឈើ និងបន្លែ ដែលមានពណ៌បៃតងរួមមានដូចជា ត្រឡាច ឃ្លោក ត្រសក់ ម្ទេសប្លោក ស្ពៃខៀវ សាឡាត់ សណ្តែកគួ ត្រកួន ផ្លែ kiwi ផ្លែត្របែក ផ្លែស្វាយខ្ចីជាដើម ទាំងអស់នេះគឺសុទ្ធតែមានពណ៌បៃតង ហើយសារធាតុបៃតង សំខាន់ជាងគេដែលមាននៅក្នុងបន្លែ និងផ្លែឈើទាំងនេះ គឺសាធាតុក្លរ៉ូហ្វីល (Chlorophyll) ដែលមានសមត្ថភាព ជួយប្រយុទ្ធប្រឆាំងទៅនឹងជំងឺមហារីក ជួយឱ្យកោសិកាមានដំណើរការបានល្អប្រសើរជាងមុន។

វាក៏មានផ្ទុកនូវជាតិសរសៃខ្ពស់ ជួយឱ្យរាងកាយរឹងមាំបានយ៉ាងល្អ ផ្តល់ថាមពលជំនួយដល់រាងកាយ លុបបំបាត់កាកសំណល់ពីក្នុងរាងកាយ កាត់បន្ថយការប្រមូលផ្តុំនៃជាតិពុល និងជាតិអាស៊ីតនៅក្នុងក្រពះ ជួយចិញ្ចឹម កោសិកាភ្នែក កាត់បន្ថយភាពស្រវាំង ជួយឱ្យស្បែកភ្នែកមានសំណើម និងជួយ ការពារភាពជ្រីវជ្រួញ។ មិនតែប៉ុណ្ណោះបន្លែផ្លែឈើពណ៌បៃតងនេះ វាក៏អាចកាត់ បន្ថយប្រតិកម្មស្បែកបានយ៉ាងល្អ  និងមានប្រសិទ្ធភាពខ្ពស់បំផុតជានិច្ច។

អីយ៉ា! បន្លែផ្លែឈើពណ៌បៃតង ពិតជាមានអត្ថប្រយោជន៍ច្រើនមិនអាចកាត់ថ្លៃ បានមែន...។ ដូច្នេះនៅក្នុងការបរិភោគអាហារ ប្រចាំថ្ងៃរបស់យើងពិតមិនអាច ខ្វះនូវសារធាតុពណ៌បៃតងនេះ បាននោះឡើយ។ ជាពិសេសបើបរិភោគវាច្រើន កាលណាគឺកាន់តែល្អកាលណោះ ខ្ពស់ជាងការរំពឹងទុករបស់យើងទៅទៀត។

២. ពណ៌លឿង និងទឹកក្រូច៖ មានដូចជា ការ៉ុត ក្រូច ល្ពៅ ពោត ម្ទេស ស្វាយទុំ ល្ហុងទុំ ដំឡូងជ្វា ខ្នុរ ចេកទុំ ត្រសក់ស្រូវទុំ ឪឡឹកពណ៌លឿងជាដើម។ ជាការពិតណាស់ ពួកវាសុទ្ធតែមានផ្ទុកនូវសារធាតុលូទីន lutein ជួយការពារប្រយុទ្ធប្រឆាំងនឹងមេរោគ ដែលប៉ះពាល់ដល់កែវភ្នែក ជួយឱ្យកែវភ្នែកមានពន្លឺភ្លឺច្បាស់ល្អនៅពេលយប់ ចិញ្ចឹមភ្នែករបស់អ្នក ឱ្យធ្វើការបានយ៉ាងល្អនៅក្នុងទីងងឹត។

មិនតែប៉ុណ្ណោះវាក៏មានផ្ទុកនូវបេតាការ៉ូទីន (Betacarotene) ដែលអាចជួយជំនួយ ដល់ភ្នែកឱ្យមើលឃើញច្បាស់ជាងមុន។ ក្រៅពីនេះវាក៏មានសក្តានុពល នៅក្នុងការ បន្សាបរ៉ាឌីកាល់សេរី ដែលជាដើមហេតុបង្កឱ្យ មានជំងឺមហារីកលំដាប់ខ្ពស់ផងដែរ។ ជួយថែទាំ និងព្យាបាលប្រព័ន្ធសរសៃឈាមបេះដូង បន្ថយកូឡេស្តេរ៉ុលជាតិខ្លាញ់ នៅក្នុងឈាម និងជួយប្រព័ន្ធការពាររាងកាយឱ្យធ្វើការបានល្អប្រសើរ។

ឯនៅលើស្បែកខ្លួនវិញ វាមានលក្ខណៈសម្បត្តិអាចជួយការពារការកើតជំងឺ មហារីកស្បែក បន្ថយកម្រិតកូឡេស្តេរ៉ុល ជំនួយស្បែកឱ្យមានពន្លឺ ហើយលក្ខណៈ ពិសេសនៃបន្លែផ្លែឈើពណ៌លឿង និងពណ៌ទឹកក្រូចនេះគឺវាជួយកាត់បន្ថយ ភាពតានតឹងសម្រាប់អ្នកដែលឧស្សាហ៍ហ្មងសៅ មានទុក្ខកង្វល់ជាដើម។ វាត្រូវបានគេណែនាំថា បើបរិភោគផ្លែល្ហុងទុំ ដែលមានពណ៌លឿងសម្រាប់ រយៈពេល២ឆ្នាំជាប់គ្នានោះ វាក៏ជួយបន្ធូរបន្ថយរោគសញ្ញា នៃការកើតជំងឺកាចសាហាវ នានាបានយ៉ាងល្អ។ ដូច្នេះកុំភ្លេចបន្ថែមបន្លែផ្លែឈើដែលមាន ពណ៌លឿង និងពណ៌ទឹកក្រូចឱ្យបានច្រើន ដើម្បីឱ្យមានសុខភាពល្អ។

៣. ពណ៌ស្វាយ៖ រួមមានដូចជា ទំពាំងបាយជូរ ត្រប់ ដំឡូងពណ៌ស្វាយ ស្ពៃក្តោបពណ៌ស្វាយ គ្រាប់សណ្តែកមួយចំនួនជាដើម។ ទាំងអស់នេះ គឺសម្បូរផ្ទុកទៅដោយសារធាតុសរីរាង្គដូចជា Zrenjanin Poly-phenols និង anthocyanin ដែលមានលក្ខណៈសម្បត្តិយ៉ាងល្អ នៅក្នុងការបំផ្លាញសារធាតុបណ្តាលឱ្យកើតមាន ជំងឺមហារីក។ វាក៏ជាអ្នកជួយប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយសរសៃឈាមឱ្យ មានដំណើរការល្អ ចិញ្ចឹមសក់របស់អ្នកឱ្យមានពណ៌ខ្មៅរលើបរលោង។

ជួយកាត់បន្ថយការស្ទះសរសៃឈាម និងជួសជុលការខូចខាតនៃមុខងារ សរសៃឈាមបេះដូង។ វាក៏មានសារធាតុពិសេសម្យ៉ាង ដែលអាចការពារពីកាំរស្មី ព្រះអាទិត្យដែលជះមកខ្លាំង បន្ថយជំងឺកំណកជាតិខ្លាញ់ក្នុងសរសៃអាកទែរ ជំនួយរាងកាយពន្យឺតភាពចាស់ បណ្តុះកោសិកាថ្មី បង្កើនថាមពលដល់ភ្នែក-ល-។

៤. ពណ៌ក្រហម៖ សារធាតុពណ៌ក្រហមជាទូទៅត្រូវបានគេស្គាល់ថា វាមាននៅក្នុង ចំណោមបន្លែផ្លែឈើជាច្រើនមុខ ដែលគេក៏រកឃើញថា អាចជួយក្នុងការកាត់បន្ថយ គ្រោះថ្នាក់នៃការកើត ជំងឺមហារីកក្រពេញប្រូស្តាតចំពោះបុរស ជួយកាត់បន្ថយ ចំនួននៃជាតិខ្លាញ់ក្នុងឈាម រក្សាបេះដូងឱ្យមានសុខភាពល្អ។ ចំណែកឯសរសៃឈាម និងតម្រងនោមក៏អាចចៀសផុតពី ហានិភ័យនៃជំងឺ មហារីកបានផងដែរ។

ក្រោពីនេះក៏បានបង្ហាញឱ្យដឹងថាសារធាតុ Lycopene ដែលមានពណ៌ក្រហមនេះ សម្បូរផ្ទុកទៅដោយសារធាតុអាស៊ីត gallic ដែលមានសមត្ថភាពជួយបន្សាបនូវ ពពួករ៉ាឌីកាល់សេរី ជួយទប់ស្កាត់ការកើតជំងឺមហារីកជាច្រើនប្រភេទ។ ផ្នែកយ៉ាង សំខាន់មួយទៀត នៃបន្លែផ្លែឈើពណ៌ក្រហមនេះ សម្រាប់កុមារវិញវាមានលក្ខណៈ សម្បត្តិប្រឆាំងអុកស៊ីតកម្មយ៉ាងសំខាន់ ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ជម្រុញការលូតលាស់។

ឯសម្រាប់ស្រ្តីវិញ ជួយកាត់បន្ថយការលូតលាស់នៃកោសិកា មហារីកស្បូន និងសួត។ ថែមទាំងអាចការជួយបងា្ករជំងឺវង្វេង ឬជំងឺបាត់បង់ ការចងចាំ ពន្យឺតកោសិកាក្នុងរាងកាយកុំឱ្យឆាប់ចាស់ ធ្វើឱ្យកោសិកាស្បែក លូតលាស់ធម្មតាល្អ ហើយបន្លែផ្លែឈើទាំងនោះរួមមានដូចជា ផ្លែប៉ោម ស្រ្ត៊រប៊ឺរី ប៉េងបោះ ម្ទេស ផ្លែទទឹម និងបន្លែផ្លែឈើជាច្រើនមុខទៀតរាប់មិនអស់។

៥.ពណ៌ស៖ បន្លែ និងផ្លែឈើណ៌ស មានជាច្រើនមុខដូចជា ឆៃថាវ ស្ពៃក្តោប ស្ពៃបូកគោ ខ្ទឹមស ខ្ទឹមបារាំង ផ្សិត សណ្តែកសៀង ផ្លែសាវម៉ាវ គូលែន និងបន្លែផ្លែឈើ ជាច្រើនប្រភេទទៀតដែលមានពណ៌ស គឺសុទ្ធសឹងតែសម្បូរទៅដោយសារធាតុ ប្រឆាំងនឹងអុកស៊ីតកម្មបានល្អទាំងអស់ ហើយវាថែមទាំងអាចជួយបន្ថែមវីតាមីនE ទៀតផង ជាពិសេសគឺពពួកគ្រាប់ធញ្ញជាតិ ដែលមានពណ៌សនេះ សុទ្ធតែជាប្រភព របស់វីតាមីន និងប្រូតេអ៊ីនខ្ពស់ណាស់ ព្រោះវាមានសមាសធាតុសំខាន់ៗជាច្រើន ដូចជា សមាសធាតុស្ពាន់ធ័រ ជាតិសរសៃជាដើម។

សារធាតុទាំងនេះអាចជួយប្រឆាំងនឹងដុំសាច់មិនប្រក្រតី។ មិនតែប៉ុណ្ណោះវា ក៏អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល អាស៊ីត glyceride ធ្វើឱ្យមានលំហូរឈាមក្នុង រាងកាយមានដំណើរការល្អ កាត់បន្ថយការរីកសាយនៃកោសិកាមហារីក និងកាត់បន្ថយអាការញៀនថ្នាំញៀនបានយ៉ាងប្រសើរ។

សម្រាប់ខ្ទឹមសវាមានផ្ទុកសារធាតុម្បយ៉ាងដែលមានឈ្មោះថា Allicin ជួយឱ្យកោសិកាខូចខាតដុះថ្មីឡើងវិញ ជួយរក្សាឆ្អឹងឱ្យរឹងមាំ និងរួមចំណែកដល់ការងាររបស់ប្រព័ន្ធឈាមរត់ឱ្យបានល្អប្រសើរជាងមុន។ ផ្កាខាត់ណាផ្ទុកវីតាមីន C បង្កាជំងឺផ្តាសាយ ជួយត្រួតពិនិត្យដំណើរឈាមរត់ ឱ្យបានល្អ ដោយមានបេតាការ៉ូទីន ដែលជួយឱ្យស្បែកមើលទៅសភ្លឺចែងចាំង ស្រស់ថ្លា។ ក្រៅពីនេះក៏ជួយប្រឆាំងនឹងការរលាក ជួយរក្សាសម្ពាធឈាម និងបង្ការជំងឺបេះដូងជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលជាដើម។

ពិតជាប្រសើរណាស់ ការញ៉ាំផ្លែឈើ និងបន្លែទាំង៥ពណ៌នេះ ដែលមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដ៏ ច្រើនសន្ធឹកសន្ធាប់នោះទេ វានៅមានរសជាតិឆ្ងាញ់ពិសា ថែមទៀតផង។ អ្នកអាចធ្វើការបរិភោគវា ឆ្លាស់ពណ៌គ្នាទាំង៥ពណ៌ ដើម្បីកុំឱ្យច្រំដែលៗជារៀងរាល់។ ដូច្នេះសូមកុំពន្យារពេលទៀត ឥឡូវនេះតោះនាំគ្នាបន្ថែមវីតាមីនល្អៗ ពីពពួកបន្លែផ្លែឈើទាំងនេះជាមួយគ្នាណា៎៕

ប្រភព៖ thairats , organicbook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]