(កំពង់ធំ)៖ បុរសម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដ ចូលក្នុងទឹកស្រះដោយសារតែ អ្នកបើកបរ ងងុយដេក។ ហេតុការណ៍នេះ កើតឡើងម៉ោង០២៖៥៥នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់។

មន្ដ្រីនគរបាល មូលដ្ឋានបានឲ្យដឹងថា រថយន្ដដែលក្រឡាប់ ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៍ស លាយខៀវ ពាក់ផ្លាកលេខសៀមរាប 3A-1837 បើកបរក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់កន្លែងកើតហេតុ អ្នកបើកបរងងុយដេក ស្រាប់តែបណ្ដាលឲ្យរថយន្ដធ្លាក់ផ្លូវក្រឡាប់ ចូលស្រះទឹក ថ្ងាជើងឡើងលើ បត់ក្បាលទៅក្រោយវិញ ហើយរថយន្ដសង្កត់បុរសម្នាក់ឈ្លក់ទឹកស្លាប់ភ្លាមៗ និង២នាក់ទៀតរបួសធ្ងន់ បញ្ជូនយកទៅសង្គ្រោះនៅមន្ទីពេទ្យ រីឯអ្នកបើកបរឃើញរត់គេចខ្លួនបាត់ស្រមោល។ 

នគរបាលដដែលបន្ដថា ជនរងគ្រោះដែលស្លាប់ឈ្មោះ តឹង តន់ អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូនីគម ខេត្តសៀមរាប ចំណែកជនរងគ្រោះរបួសធ្ងន់ ទី១-ឈ្មោៈ ខឿន ខៃ អាយុ២៦ឆ្នាំ ទី២-ឈ្មោៈ ហេង ស៊ីម អាយុ២៥ឆ្នាំ។

ក្រោយពេលកើតហេតុ សពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសន្ទុក ចំណែករថយន្តត្រូវយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានរថយន្ដសាំងយ៉ុង បើកបុកម៉ូតូ រួចរេចង្កូត ទៅបុកបង្គោលភ្លើង ពេញទំហឹង បណ្ដាលឱ្យដាច់ ខ្សែភ្លើងរាយពេញផ្លូវ នៅស្រុកបាធាយ។ រថយន្ដសាំងយ៉ុងដឹកអ្នកដំណើរមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន បានបុកម៉ូតូពីក្រោយ បន្ទាប់មកស្រាប់តែរេចង្កូតទៅបុកបង្គោលភ្លើង ដាច់ធ្លាក់រាបនិងរាយប៉ាយពេញផ្លូវ បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ និងស្រាលជាច្រើនអ្នកផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចថ្នល់កែង ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។ បើតាមមន្ដ្រីនគរបាលចរាចរណ៍ស្រុកបាធាយ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដសាំងយ៉ុងដឹងអ្នកដំណើរ បើកបរក្នុងទិសដៅពីភ្នំពេញទៅសៀមរាប ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចថ្នល់កែង បំបែកទៅព្រែកក្ដាម ស្រាប់តែបុកម៉ូតូពីក្រោយពេញទំហឹង បន្ទាប់មកបានរេចង្កូតទៅបុកបង្គោលភ្លើង បាក់រាបដល់ដី ធ្វើឱ្យដាច់ខ្សែភ្លើងពាសពេញផ្លូវ។

សមត្ថកិច្ចដដែលបន្ដថា ក្នុងករណីនេះ បណ្ដាលឱ្យតៃកុងរថយន្ដ និងអ្នកជិះក្នុងរថយន្ដនោះ រងរបួសធ្ងន់ស្រាលជាច្រើនអ្នក។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាធាយ ដើម្បីរងចាំការដោះស្រាយតាមនីតិវិធី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]