ជាការពិតណាស់ មនុស្សយើងម្នាក់ៗ នរណាៗក៏ធ្លាប់ជួបនូវបញ្ហាឈឺក្បាលនេះដែរ ។ ជំងឺឈឺក្បាលនេះ គឺជា ជំងឺម្យ៉ាងដែលកើតឡើងនៅក្នុងប្រព័ន្ធប្រសាទនៃសេរីរាង្គខួរក្បាលរបស់មនុស្ស ដែលបណ្តាលមកពីកត្តាជាច្រើន។

មូលហេតុដែលបង្កឲ្យមានជំងឺឈឺក្បាលនេះ អាចបណ្តាលមកពី៖ ធុញថប់ តានតឹង គិតច្រើន គេងមិនគ្រប់គ្រាន់ ធ្វើការលើសកម្លាំង ខ្វះជាតិទឹក និងបញ្ហាផ្សេងៗទៀតជាដើម។ បញ្ហាដែលបានរៀបរាប់ខាងលើទាំងអស់នេះ ងាយនឹងធ្វើឲ្យយើងឈឺក្បាលណាស់ ប៉ុន្តែទន្ទឹមនឹងនេះ ជំងឺឈឺក្បាល ក៏ងាយនឹងព្យាបាលឲ្យឆាប់ជាវិញផងដែរ តាមរយៈការទទួលទានថ្នាំពេទ្យ។

បច្ចុប្បន្ន ដោយយោងតាមការស្រាវជ្រាវ និងបច្ចេកវិទ្យាថ្មីៗ ថ្នាំពេទ្យភាគច្រើនអាចព្យាបាលជំងឺបានយ៉ាងច្រើនមុខ ជាពិសេសសម្រាប់ជំងឺឈឺក្បាលនេះតែម្តង។ ប៉ុន្តែបើយើងក្រឡេកមកមើលគុណវិបត្តិរបស់ថ្នាំពេទ្យវិញ យើងដឹងហើយថា ប្រសិនជាយើងទទួលវាច្រើនពេកក៏មិនល្អសម្រាប់សុខភាពដែរ ដូច្នេះហើយពេលខ្លះយើងត្រូវប្រើវិធីធម្មជាតិ ដើម្បីព្យាបាលវាវិញ។

ក្រៅពីការទទួលទានថ្នាំពេទ្យ  មានវិធីសាស្រ្តជាច្រើន ដែលអាចជួយឲ្យអ្នកកាត់បន្ថយការឈឺក្បាលបាន ក្នុងនោះមានដូចជា៖

#ផឹកទឹកឲ្យបានច្រើន

ជាការពិតណាស់ ជំងឺឈឺក្បាលបង្កឡើងដោយសារខ្វះជាតិទឹក។ អ្នកគួរតែផឹកទឹកយ៉ាងហោចណាស់មួយកែវ នៅពេលដែលអ្នកមានអារម្មណ៍ថាឈឺក្បាល ហើយបើសិនជាអាចគួរតែផឹកទឹកឲ្យបានច្រើនជាប្រចាំ។ ចំពោះភេសជ្ជៈប៉ូវកម្លាំងវិញ ក៏អាចជួយអ្នកកាត់បន្ថយនូវភាពតានតឹងក្នុងខ្លួនអ្នកបានដែរ ប៉ុន្តែត្រូវចៀសវាង កាហ្វេ និងគ្រឿងស្រវឹងផ្សេងៗ ដែលធ្វើឲ្យអ្នកខ្វះជាតិទឹកក្នុងខ្លួនទៅវិញ។

បញ្ជាក់៖ ទទួលទានភេសជ្ជៈប៉ូវកម្លាំងជាប្រចាំ អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែម ដោយសារតែសារជាតិស្ករខ្ពស់នៅក្នុងនោះ។ ដូចនេះគួរតែទទួលទានយូរៗម្តងបានហើយ។ ទទួលទានច្រើនពេកក៏បណ្តាលឲ្យបាត់បង់ជាតិទឹកផងដែរ ព្រោះភេសជ្ជៈប៉ូវកម្លាំងក៏មានសារជាតិកាហ្វេអ៊ីនផងដែរ។

#ស្អំទឹកកក

ប្រសិនជាអ្នកមានអាការៈធ្ងន់ក្បាល ឬឈឺក្បាលដោយសារផ្តាសាយ អ្នកអាចយកដុំទឹកកក ឬជាប្រភេទ Ice Pack ឬ កញ្ចប់ទឹកកក យកមកស្អំបាន ពីព្រោះចំហាយត្រជាក់ទាំងនេះគឺជាដំណោះស្រាយដ៏ល្អប្រសើរមួយ។ Ice Pack ឬកញ្ចប់ទឹកកកនេះ នៅពេលដែលអ្នកដាក់ស្អំចំពីលើថ្ងាស  នោះនឹងធ្វើឲ្យអ្នកស្ពឹក ហើយក៏អាចកាត់បន្ថយការឈឺចាប់បានមួយកម្រិតផងដែរ។ ដោយឡែក ជាទូទៅប្រសិនជាអ្នកមិនចូលចិត្តត្រជាក់ខ្លាំងពេក អ្នកអាចយកន្សែងមកគ្របពីលើកញ្ចប់ទឹកកកនោះបាន រួចទើបធ្វើការស្អំ។ 

#គ្រាប់អាល់ម៉ុង

គ្រាប់អាល់ម៉ុងក៏ដើរតួជាថ្នាំបំបាត់ការឈឺចាប់មួយដែរ ដោយសារវាមានផ្ទុកធាតុគីមី សាឡីសាឡិច នៅខាងក្នុង។ សារជាតិ សាឡីសាឡិច គឺជាធាតុគីមីមួយប្រភេទ ដែលអាចទប់ស្កាត់ការឈឺចាប់ ហើយភាគច្រើនសារធាតុនេះ ត្រូវបានគេយកទៅបន្សំនៅក្នុងថ្នាំស្ពឹកផងដែរ។ គ្រាប់អាល់ម៉ុង មានប្រសិទ្ធភាពក្នុងការព្យាបាល នៅពេលដែលអ្នកទទួលរងឈឺចុកចាប់ ជាពិសេសនៅពេលដែលជួបប្រទះបញ្ហាឈឺក្បាល។ អ្នកអាចទទួលទានវាចាប់ពីមួយក្តាប់តូចនៃដៃរបស់អ្នក ឬទទួលទានម្តង២គ្រាប់ បានដូចគ្នា នៅពេលដែលអ្នកមានអារម្មណ៍ថាឈឺក្បាល។  

#ខ្ញី

ខ្ញី គឺជាសារធាតុធម្មជាតិដែលអាចរារាំងសំយោគ Prostaglandin ។ សំយោគ Prostaglandin គឺជាដំណើរការដែលកើតឡើងទៅលើមនុស្ស ហើយវាជាប់ពាក់ព័ន្ធក្នុងការបង្កើតជាតិខ្លាញ់ ដែលមាននៅក្នុងកោសិកា។ ជាតិខ្លាញ់ទាំងនេះ បង្កឲ្យមានដំណើរការជីវសាស្រ្តដូចជា ការរលាក និងការឈឺចាប់កោសិកាកាយប្រសាទ ឬ ណឺរ៉ូន ។ ដូចនេះ ខ្ញី អាចជួយទប់ស្កាត់អ្នកឲ្យចៀសផុតពីដំណើរការទាំងអស់នេះបាន មិនថែមតែប៉ុណ្ណោះ វាក៏អាចជួយដល់អ្នកដែលប្រឈមនឹងបញ្ហាក្អួតចង្អោរផងដែរ។ វិធីដែលងាយបំផុត ក្នុងការទទួលទានខ្ញី គឺគ្រាន់តែហាន់ខ្ញីជាជំនិតៗ រួចដាក់ចូលក្នុងទឹកក្តៅល្មម ឬអាចឆុងជាតែខ្ញីបានផងដែរ។

#ចៀសពីកម្តៅថ្ងៃខ្លាំង

ពន្លឺថ្ងៃក៏ជាកត្តាមួយដែលធ្វើឲ្យអ្នករងនូវការឈឺក្បាលដែរ ។ ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍ឈឺក្បាល អ្នកត្រូវរកកន្លែងណាមួយម្លប់ដើម្បីជ្រក ចៀសវាងការនៅក្រោមពន្លឺថ្ងៃចែងចាំងខ្លាំង។

#ចាក់ម្ជុលវិទ្យាសាស្រ្ត

ម្ជុលវិទ្យាសាស្ត្រត្រូវបានចាក់បញ្ចូលក្រោមស្បែក។ បើយោងតាមវិជ្ជសាស្រ្តរបស់ចិន នេះគឺជាការតម្រឹមលំហូរនៃថាមពលទៅក្នុងរាងកាយ នៅពេលដែលអ្នកឈឺចុកចាប់។ ការចាក់ម្ជុលវិទ្យាសាស្ត្រគឺជាប្រសិទ្ធភាពដ៏ល្អមួយដើម្បីទប់ស្កាត់ ឬអាចបង្ការ ចំពោះអ្នកញៀនថ្នាំផងដែរ។ នេះបើយោងតាម ការវិភាគមួយដែលមានឈ្មោះថា Cochrane ។ ជាពិសេសទៀត វាក៏អាចជួយព្យាបាលនូវជំងឺរុំារ៉ៃ និងឈឺក្បាលបណ្តាលមកពីភាពតានតឹងទៀតផង។ 

#ការតាំងសម្មាធិ

យោងតាមការសិក្សាមួយបានឲ្យដឹងថា ការតាំងសម្មាធិក៏អាចជាវិធីបន្ថយភាពឈឺចុកចាប់បានដែរ ពីព្រោះវាផ្តោតលើវិញ្ញាណ ធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ ហើយអាចកាត់បន្ថយប្រេកង់នៃសម្ពាធ ក្នុងការឈឺចុកចាប់របស់អ្នក។ 

#ម៉ាស្សា

ការសិក្សាមួយបានស្រាវជ្រាវឲ្យដឹងថា ក្រោយពីអ្នកទទួលបានការម៉ាស្សាហើយនោះ វានឹងជួយអ្នកកាត់បន្ថយនូវការឈឺក្បាលផងដែរ ហើយទន្ទឹមនឹងនេះ វាក៏អាចជួយឲ្យអ្នកសំរាន្តលក់ស្រួលទៀតផង ។ ទាក់ទងនឹងវិធីម៉ាស្សានេះ បើសិនជាអ្នកចង់សាកល្បង អ្នកគ្រាន់តែយកដៃទៅត្រដុសនឹងថ្ងាស និងសាធផ្កា អូសរហូតដល់កញ្ចឹងក. និងស្មារ របស់អ្នកជាការស្រេច ហើយអ្នកអាចធ្វើឡើងវិញច្រើនដងទៅតាមតំរូវការរបស់អ្នកផងដែរ។ 

#ការដើរកម្សាន្តលំហែកាយ

ការដើរកម្សាន្តចេញទៅក្រៅលំហែកាយ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ គឺជាវិធីដ៏ល្អសម្រាបបង្ការជំងឺឈឺក្បាល ។ ជាទូទៅ ការអផ្សុកធុញថប់ និងសម្លឹងមើលអេក្រង់ នៅពេលអ្នកកំពុងធ្វើការយូរពេក ក៏បង្កឲ្យអ្នកឈឺក្បាលបានដែរ ដូច្នេះវិធីល្អបំផុត អ្នកគួរតែដើរចេញទៅកន្លែងណាដែលស្ងាត់ ដើម្បីសម្រួលដង្ហើម រំសាយអារម្មណ៍ និងសម្រាកខួរក្បាលខ្លះ ដើម្បីឲ្យចៀសផុតពីភាពធុញថប់នេះ។ ប្រសិនជាអាច អ្នកគួររកកន្លែងណាដែលមានធម្មជាតិ ជុំវិញខ្លួនអ្នក។

#មុជទឹក

ការឈឺក្បាលដែលបណ្តាលមកពីភាពតានតឹង គឺងាយនឹងឆាប់បាត់វិញទេ ប្រសិនបើអ្នកចេះបន្ធូរអារម្មណ៍របស់អ្នកឲ្យកាន់តែស្រស់ស្រាយ ក្នុងនោះមានវិធីម្យ៉ាងក៏អាចជួយអ្នកឲ្យស្រស់ស្រាយបានដែរ គឺការមុជទឹក ។ ប្រសិនបើអ្នកមុជទឹកក្តៅអុនៗគឺកាន់តែប្រសើរ ពីព្រោះការមុជទឹក អាចលុបជំរះនូវភាពតានតឹងបាន ហើយជួយឲ្យអារម្មណ៍ស្រស់ស្រាយទៀតផង។

#ការទទួលទានអាហារ

ការទទួលទានអាហារ ក៏ជាផ្នែកដ៏សំខាន់មួយដែរ ព្រោះជួនកាលរោគសញ្ញានៃការឈឺក្បាល គឺបណ្តាលមកពីការឃ្លាន។ ដូច្នេះអ្នកគួររកអាហារ ឬផ្លែឈើណាដែលពោរពេញដោយសារជាតិចិញ្ចឹមដើម្បីបំប៉នសុខភាព ។ ឧទាហរណ៍៖ ផ្លែប៉ោម និងក្រូចឆ្មា គឺជាជម្រើសអាហារផ្លែឈើដ៏ល្អបំផុត។ មួយវិញទៀត អ្នកត្រូវតែទទួលទានអាហារឲ្យបានទៀងទាត់ពេលវេលាផងដែរ ។

ជាចុងក្រោយជម្រើសដ៏ប្រសើរជាងគេបង្អស់នោះគឺ សម្រាក ឬគេងតែម្តង ពីព្រោះ នៅពេលដែលអ្នកគេងហើយ ការឈឺចាប់ទាំងអស់នឹងរសាយបាត់ ហើយនៅពេលដែលអ្នកភ្ញាក់ពីគេងវិញនោះ អ្នកនឹងមានអារម្មណ៍ធូរស្បើយជាងមុន។  

សរុបសេចក្តីមកវិញ ជម្រើសទាំងអស់ខាងលើនេះ សុទ្ធសឹងតែជាចំនុចល្អៗ ដែលគួរអនុវត្ត នៅពេលដែលអ្នកប្រឈមនឹងបញ្ហាឈឺក្បាល ជាសជាងការប្រើប្រាស់ថ្នាំពេទ្យដើម្បីព្យាបាល ហើយជឿជាក់ថាក៏មានចំនុចជាច្រើនផ្សេងទៀតដែរ ដែលអាចជួយឲ្យអ្នកបង្ការនូវជំងឺនេះបានផងដែរ ៕

ប្រភព៖ Lifehack Wikihow | Top10homeremedies

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]