អាមេរិក៖ បុរសអនាថាគ្មានផ្ទះសម្បែងម្នាក់ ត្រូវបានមនុស្សជាច្រើនឧបត្ថម្ភប្រាក់រាប់ពាន់ដុល្លារ ដើម្បីសម្តែងការដឹងគុណ បន្ទាប់ពីរូបគេបានជួយជីវិតមនុស្សរាប់ពាន់នាក់ នៅក្នុងទីក្រុង New Jersey កាលពីចុងសប្តាហ៍មុននេះ។

បុរសអនាថា Lee Parker និងមិត្តភក្តិ Ivan White បានរកឃើញគ្រាប់បែកភេរវកម្មមួយគ្រាប់ ដែលបានលាក់ទុកនៅក្នុងកាបូបមួយ កាលពីចុងសប្តាហ៍មុន ខណៈពួកគេកំពុងជ្រើសរើសកាបូបនៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។  

ពួកគេទាំងពីរកំពុងជ្រើសរើសកាបូបមួយសម្រាប់ Parker ដែលជាអ្នកគ្មានផ្ទះសម្បែងជាច្រើនឆ្នាំមកហើយ ដោយគាត់នឹងត្រូវសម្ភាសន៍ការងារនៅថ្ងៃបន្ទាប់ ប៉ុន្តែនៅពេលដែលពួក​គេ​បានឃើញខ្សែ និងគ្រាប់បែក នៅខាងក្នុងកាបូប អ្នកទាំងពីរក៏ប្រញាប់ប្រញាល់​យក​វាចេញទៅឲ្យឆ្ងាយ និងបានផ្ដល់ដំណឹងទៅដល់ប៉ូលិសភ្លាមៗ។

សកម្មភាពរបស់ពួកគេបានធ្វើឲ្យបុរសម្នាក់រំភើបចិត្ត គឺលោក Donald Goncalves ដែលជាអ្នកស្រុកក្នុងតំបន់ ហើយគាត់ក៏បានចាប់ផ្តើមធ្វើការរៃអង្គាសប្រមូលប្រាក់តាម​អន​ឡាញ ដើម្បីជាការតបស្នងសងគុណដល់អ្នកទាំងពីរនេះ។ មិនយ៉ូរប៉ុន្មាន គេហទំព័ររៃអង្គាសប្រាក់របស់ លោក Donald ប្រមូលបានប្រាក់ជាង ២៥,០០០ដុល្លារអាមេរិក។

លោក Parker បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “លោកមិនមែនជាវីរៈបុរសអីទេ លោកគ្រាន់តែធ្វើរឿងដែលត្រឹមត្រូវប៉ុណ្ណោះ”។ ខណៈមិត្តរបស់លោកបានបន្ថែមថា “ខ្ញុំសប្បាយចិត្ត ដែលខ្ញុំអាចដឹងពីស្ថានភាពនៅពេលនោះ ហើយមានប្រតិកម្មរហ័ស អរគុណព្រះជាម្ចាស់ដែលមិនមាននរណាម្នាក់រងរបួស”។

បា្រក់ដែលប្រមូលបានមក នឹងត្រូវបែកចែកជាពីរចំណែកសម្រាប់បុរសទាំងពីរ ហើយអង្គការ Elizabeth Coalition ដែលជាអង្គការសប្បុរសធម៌ក្នុងតំបន់ នឹងផ្ដល់ផ្ទះសម្រាប់ស្នាក់នៅដល់លោក Parker ទៀតផង។ នេះគឺជាឱកាសថ្មីមួយក្នុងការចាប់ផ្តើមជីវិតរបស់បុរសអនាថា Parker៕ 

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]