ខេត្តសៀមរាប ៖ ភ្នាក់ងារទេសចរណ៍ មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ណែនាំ​ទិស​ដៅ​ទស្សនា មើល​សកម្មភាព​នានា​របស់​ភ្ញៀវ​ទេសចរ ពន្យល់​ណែនាំ ក៏​ដូច​ជា​ជួយ​ដោះស្រាយ​បញ្ហា ផ្សេង​ៗ​ដែល​កើតឡើង​ជាយថាហេតុ​ក្នុង​ការ​ទស្សនា​នៅ​តំបន់​អង្គរ ។

សកម្មភាព​ដែល​ភ្នាក់ងារទេសចរណ៍​តែងតែ​យកចិត្តទុកដាក់ និង​ជួប​ជា​ប្រចាំ គឺ​ការ​ជួយ​សង្គ្រោះ​ភ្ញៀវ​ពេល​មាន​គ្រោះថ្នាក់ ការ​រើស​បាន​របស់​ភ្ញៀវ និង​ទប់ស្កាត់​ករណី​ភ្ញៀវ​ប្រព្រឹត្ត​មិន​សមរម្យ​នៅ​ក្នុង​ពេល​ទស្សនា ។ យោង​តាម​របាយការណ៍​សកម្មភាព​ការងារ​នៅ​ខែសីហា ឆ្នាំ​២០១៦ របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញ​ថា ក្រុមការងារ​ជួយ​សង្គ្រោះ​ភ្ញៀវ​បាន​ចំនួន​១៥​ករណី​ដែល​រង​របួស​ដោយ​រអិល ជំពប់​ជើង បណ្តាល​ឱ្យ​ដួល គ្រេច ថ្លោះ​ដៃជើង ងងឹតមុខ ចុកពោះ ប៉ះ​ក្បាល​នឹង​ហោជាង ឬ​រោងទង និង​ធ្លាក់​ពីលើ​រ៉ឺ​ម៉ក ។ បញ្ហា​ទាំងនេះ​មិន​មាន​ច្រើន​ទេ​នៅ​តំបន់​អង្គរ ដែល​ពេល​ខ្លះ​កើតឡើង ដោយសារ​ភ្ញៀវ​ធ្វេសប្រហែស​មិន​គោរព​តាម​ការ​ណែនាំ ឬ​ស្លាក​សញ្ញា​ហាមឃាត់ និង​សុខភាព​ផ្ទាល់ខ្លួន​របស់​ពួក​គាត់​ជាដើម ។

ទោះជា​យ៉ាងណា​ក្តី ក្រុម​ភ្នាក់ងារទេសចរណ៍​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​នគរបាល​ទេសចរណ៍ និង​នគរបាល​ការពារ​បេតិកភណ្ឌ បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​នៅ​នឹង​កន្លែង​ចំពោះ​ករណី ស្រាល​ៗ រីឯ​ករណី​ធ្ងន់​គឺ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ក្រុម​ភ្នាក់ងារទេសចរណ៍​អាជ្ញាធរ​ជាតិ​អប្សរា នគរបាល​ទេសចរណ៍ និង​នគរបាល​ការពារ​បេតិកភណ្ឌ​ធ្លាប់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​សង្គ្រោះ​បឋម និង​មាន​បរិក្ខារ​សង្គ្រោះ​បឋម​ជាប់​ខ្លួន​ស្រាប់ ។ ដោយឡែក​ចំពោះ​ការ​រើស​បាន​របស់របរ​ភ្ញៀវ​ដែល​ភ្លេច ឬ​ជ្រុះ​នៅ​តាម​បណ្តា​ប្រាសាទ​វិញ គឺ​មាន​១៨​ករណី ក្នុង​នោះ​រក​ឃើញ​១៥​ករណី និង​រក​មិនឃើញ​៣​ករណី​។ ឯ​ករណី​រក​មិនឃើញ ភ្នាក់ងារទេសចរណ៍​បាន​ណែនាំ​ឱ្យ​ភ្ញៀវ​ដាក់​ពាក្យបណ្តឹង​នៅ​អង្គភាព​នគរបាល​ទេសចរណ៍ ។

សម្ភារ​ដែល​ភ្ញៀវ​ភ្លេច និង​បាត់​ជា​ទូទៅ​មាន​ដូច​ជា​៖ ទូរ​សព្ទ​ដៃ កាបូបស្ពាយ កាបូប​លុយ ម៉ាស៊ីន​ថត កាត​អេ​ធី​អ៊ឹម លិខិតឆ្លងដែន ជើង​ទម្រ​ម៉ាស៊ីន​ថត ។ ក្នុង​ករណី​រក​ឃើញ​សម្ភារ ហើយ​រក​ម្ចាស់​មិនឃើញ ភ្នាក់ងារទេសចរណ៍​បាន​ប្រគល់​ជូន​នគរបាល​ទេសចរណ៍​ជា​អ្នករក្សា​ទុក ដើម្បី​រង់ចាំ​ម្ចាស់​មក​ទាក់ទង ។ រាល់​សកម្មភាព​ទាំងនេះ​ទទួល​បាន​នូវ​ការ​អរគុណ និង​កោតសរសើរ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មិន​ដាច់​ពី​មាត់ ព្រមទាំង​ការ​បង្ហាញ​នូវ​ក្តី​ស្រឡាញ់ និង​ទំនុកចិត្ត​មក​លើ​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ទៀត​ផង ។

ក្រៅពី​នោះ ក្រុម​ភ្នាក់ងារទេសចរណ៍​ក៏​បាន​ហាមឃាត់​ភ្ញៀវ​ដែល​ប្រព្រឹត្ត​មិន​សមរម្យ​បាន​ចំនួន​២៨​ករណី​ផង​ដែរ ដូច​ជា​៖ ការ​បង្ហោះ Drone ថតរូប​បង្ហាញ​ម៉ូ​ដ បម្រុង​ថតរូប​លើក​បដា​ជា​ភាសាបរទេស ឡើង​កន្លែង​ហាមឃាត់ និង​គ្រោះថ្នាក់ ស្លៀក​សម្លៀក​បំពាក់​សិច​ស៊ី ជនបរទេស​ថតរូប​អាពាហ៍ពិពាហ៍​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ថតរូប​កាយវិការ​មិន​សមរម្យ ថតរូប​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ជក់បារី​ជាដើម ។

អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​ជា​និច្ច​លើ​គ្រប់​បញ្ហា​ដែល​កើតឡើង​នៅ​ក្នុង​តំបន់​អង្គរ ពិសេស​គឺ​សន្តិសុខ សុវត្ថិភាព និង​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​សំដៅ​ធ្វើ​យ៉ាងណា​គឺ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​ម្តង​ហើយ​ចង់​មក​ម្តងទៀត ជា​ពិសេស​ជួយ​យកចិត្តទុកដាក់​ពេល​ភ្ញៀវ​មាន​បញ្ហា ដែល​នេះ​ជា​សន្តាន​ចិត្ត​ដែល​ខ្មែរ​មាន​តាំងពី​ដូនតា​មក ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ជា​មោទនភាព​ដែល​ជា​តម្លៃ​ធំធេង​មួយទៀត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា និង ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល បន្ទាប់​ពី​យើង​បាន​ទទួល​ជ័យ​លា​ភី​ពានរង្វាន់​ថ្មី​ៗ​ពី​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើ​ដំណើរ ទេសចរណ៍ (TripAdvisor) ដែល​ទីក្រុង​សៀមរាប​បាន​ឈ្នះ​ជា «​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​ក្នុង​អាស៊ី​សម្រាប់​ឆ្នាំ​២០១៦ Siem Reap as the Best Destination in Asia 2016» និង​ប្រាសាទអង្គរវត្ត បាន​ឈ្នះ​ជា «​ប្រាសាទ​ល្អ​បំផុត​ក្នុង​អាស៊ី​សម្រាប់​ឆ្នាំ​២០១៦ Angkor Wat as the Best Landmarks in Asia 2016» ។

ផ្តើម​ពី​នោះ ហើយ​កាន់តែ​មោទនភាព​ថែម​ទៀត​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​នឹង​ត្រូវ​ទទួល​នូវ​ជ័យ​លា​ភី​ពានរង្វាន់ «​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៦ Cambodia – the World Best Tourist Destination for 2016» ដែល​នឹង​ត្រូវ​ប្រគល់​ដោយ ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប ហើយ​ពិធី​ប្រគល់​នេះ​នឹង​រៀបចំ​ជា​ផ្លូវការ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ នេះ ។

សូម​ជម្រាប​ថា ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងទេសចរណ៍ បាន​អញ្ជើញ​គណៈប្រតិភូ​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប ចំនួន​៥​រូប ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត​សាស្ត្រាចារ្យ Mr. Anton Caragea ប្រធាន​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម នៃ​សហភាព​អឺរ៉ុប មក​ធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​ផ្តល់​ជ័យ​លា​ភី​ពានរង្វាន់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា «​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០១៦ Cambodia – the World Best Tourist Destination for 2016» ព្រមទាំង​ប្រកាស «​កម្ពុជា ជា​គោលដៅ​វប្បធម៌​ពេញ​និយម​សម្រាប់​ឆ្នាំ​២០១៦ The Favorite Cultural Destination for 2016» ថែម​ទៀត ។

មន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៥ ដោយ​មាន​សមាជិក​មក​ពី​ប្រទេស​ទាំង​២៧​ក្នុង​សហគមន៍​អឺរ៉ុប ។ ក្រុមប្រឹក្សា​នេះ​គឺជា​ស្ថាប័ន​ចាស់​ជាងគេ និង មាន​សារៈសំខាន់​ក្នុង​សហគមន៍​អឺរ៉ុប ដែល​មាន​ជំនាញ​លើ​វិស័យ​ស្រាវជ្រាវ និង ផ្សព្វផ្សាយ​ទេសចរណ៍ ដោយ​មាន​ទីផ្សារ​អតិថិជន​រហូត​ដល់​៨០០​លាន​នាក់​ក្នុង​ទូ​ទាំង​សហគមន៍​អឺរ៉ុប ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]