រាជធានី​ភ្នំពេញ ៖ យុវជន២នាក់​ទើបតែ​មក​ពី​ស្រុក​កំណើត​ មក​ទិញ​ម៉ូតូ​យក​ទៅ​ជិះ​រៀន​នៅ​ឯ​ស្រុក​កំណើត​វិញ ខណៈ​ពេល​ទិញ​ម៉ូតូ​បាន​ហើយ ​ជូន​មិត្តភក្ដិ​ត្រឡប់​មក​ផ្ទះ​ ស្រាប់តែ​ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​ដេញ​កាប់​ប្លន់​ម៉ូតូ​រហូត​បាន​សំរេច​ កាលពី​វេលា​ម៉ោង​០៣​​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ​កញ្ញា ស្ថិតត្រង់​ចំណុច​ផ្លូវលំ ក្នុងភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​​ជាម្ចាស់ម៉ូតូ​ឈ្មោះឡាន់ រ៉ា​ឆាន់ ​អាយុ​១៩​ឆ្នាំ ជា​​សិស្ស​ថ្នាក់​ទី​១១ មាន​ស្រុក​កំណើតនៅ​ភូមិ​ទួល​ក្រសាំង ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្តកំពត ​រីឯ​ម៉ូតូ​ដែលត្រូវចោរ​ប្លន់បាត់​ម៉ា​កនិច ព​ណ៌.ស​​លាយ​ក្រហម គ្មាន​ស្លាក​លេខ ​។​ ចំណែកអ្នក​ជិះ​ពី​ក្រោយ​ជា​​មិត្តភក្ដិ​ជន​រង​គ្រោះ​​ឈ្មោះស្មាច់ រ៉ា​ន់ អាយុ​១៨​ឆ្នាំ ជា​សិស្ស និងមានស្រុក​កំណើត​ជាមួយ​គ្នា ។

តាម​ប្រភព​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​រូបគេ​ទើបតែ​ឡើង​មក​ពី​ស្រុក​ ទើបតែ​បាន​បី​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ​មក​ទិញ​ម៉ូតូ​យក​ទៅ​ជិះ​ទៅ​សាលារៀន​នៅ​ឯ​ស្រុក​កំណើត ហើយ​រាល់ថ្ងៃ​រូប​គាត់​ស្នាក់​នៅ​បណ្ដោះអាសន្ន​ជាមួយ​បង​នៅ​ម្ដុំ​បឹង​សាឡា​ង ខណ្ឌទួលគោក ។

មុន​ពេល​កើតហេតុ​ រូប​គេទើបតែ​ជូន​មិត្តភក្ដិ​ទៅ​ផ្ទះ​ម្ដុំ​ផ្លូវ​២០០៤ ហើយ​បំណង​ជិះ​ត្រលប់​មក​ផ្ទះ​បង​នៅ​ម្ដុំ​បឹង​សាឡា​ង​វិញ ខណ:​ជិះ​ មកដល់​ចំណុច​ស្តុ​បណតប្រ៊ី​ត ​ស្រាប់តែ​មាន​ម៉ូតូ​២គ្រឿង​ម៉ាក FTR ព​ណ៌.ស ​និង​មួយ​គ្រឿង​ទៀត ​ម៉ាក​លែ​ត​ព​ណ៌​ខ្មៅ ជិះ​គ្នា​បួន​នាក់​ បាន​ដេញ​តាម​មក​ពីក្រោយ​ ធ្វើ​ឱ្យ​​​ភ័យ​ជិះ​ម៉ូតូ​​រហូត​ដល់​ចំណុចកើតហេតុ​ ជន​រង​គ្រោះ​​​ផ្ដួល​ម៉ូតូ​​រត់គេច​ខ្លួន​ ។ ​​ពេល​នោះ​ហើយ ដែល​​​ចោរ​បាន​ដក​ដាវ​សាម៉ូ​រៃ​កាប់​ពីក្រោយ​ បណ្ដាលឱ្យ​រង​របួសស្រាល​​ (​ជាំ​ខ្នង​) ។

​​ពេល​នោះ​ជន​រង​គ្រោះ​ បាន​ដក​សោ​ម៉ូតូរ​ត់ម​ករក​ឱ្យ​គេ​ជួយ ចំនែកឯ​ក្រុម​ចោរ​វិញ​ម្នាក់​ ក្នុង​ចំណោម​បួន​នាក់​ បាន​ចុះ​មក​លើក​ម៉ូតូ​បំណង​ជិះ​រត់​ តែ​ជា​អកុសល​ម៉ូតូ​អស់​សាំង ​ទើប​ជនសង្ស័យ​ខាងលើ​នោះ ​បាន​សណ្តោងគ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជូន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាលរ​ដ្ឋា​បាល​ទឹកថ្លា​ ដើម្បី​ស្វែងរក​ម៉ូតូ​យក​មក​វិញ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ក្រុមចោរប្លន់ម៉ូតូចំនួន៣នាក់ ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ តាមបង្ក្រាបនិងឃាត់ខ្លួន បានជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពវាយយកម៉ូតូ ពីប្រជាពលរដ្ឋបានសម្រេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោក ហ៊ុយ ហៀន នាយនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើឡើងក្រោយពីកម្លាំងរបស់លោកបានស្រាវជ្រាវ កាលពីយប់ថ្ងៃទី១១ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១ ៦ នៅចំណុចលើផ្លូវ២៧៣កែងផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី១ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោក ហ៊ុយ ហៀន បានបញ្ជាក់ថា «ជំហានដំបូងកម្លាំងសមត្ថកិច្ចយើង បានទទួលជនសង្ស័យជាបក្ខពួកក្រុមចោរ វាយយកម៉ូតូ២នាក់ និងម៉ូតូ១គ្រឿងពីសមត្ថកិច្ចខណ្ឌទួលគោក ដែលបង្ក្រាបបានបន្ទាប់ពី ធ្វើសកម្មភាពវាយយកម៉ូតូ១គ្រឿង ពីជនរងគ្រោះដើម្បីបន្តស្រាវជ្រាវស្វែងរក ចាប់ខ្លួនបក្ខពួកដែលនៅសេសសល់»។ 

លោកបន្តថា ក្រោយទទួលបានជនសង្ស័យ២នាក់ ពីសមត្ថកិច្ចខណ្ឌទួលគោកហើយនោះ និងដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ និងកម្លាំងព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ក៏បន្តស៊ើបអង្កេត បានតម្រុយខ្លះៗ រហូតមកដល់ព្រឹកថ្ងៃទី១៧ កញ្ញា នេះកម្លាំងសមត្ថកិច្ចបានឈានទៅបង្ក្រាប និងឃាត់បក្ខពួកជនសង្ស័យបានម្នាក់ទៀតតែម្ដង។ ដោយឡែក បក្ខពួកក្រុមម្នាក់ទៀតឈ្មោះ និត បាននិងកំពុងរត់គេចខ្លួន។

នាយប៉ុស្ដិ៍ដដែលបានបន្ថែមថា ជនសង្ស័យត្រូវឃាត់ខ្លួនទី ១-ឈ្មោះ រស់ ច័ន្ទសុភ័ក្រដារា អាយុ២៨ឆ្នាំ មុខរបរសន្តិសុខឯកជន( ឃាត់ខ្លួន) ទី២-ឈ្មោះ ទ្រី មួយអ៊ី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនប្រាកដ ទី៣-ឈ្មោះរៀម រ៉ាស៊ី ហៅពៅឆ្វេង ភេទប្រុស អាយុ២៤ឆ្នាំ មុខមិនពិតប្រាកដ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈជនសង្ស័យទី៤-ឈ្មោះ និត បាន និងកំពុងរត់គេចខ្លួន។ ជនសង្ស័យទាំង៤នាក់ មានទីលំនៅមិនពិតប្រាកដ។ រីឯជនរងគ្រោះ បន្ទាប់ពីកើតហេតុ មិនបានមកដាក់ពាក្យបណ្ដឹងនោះឡើយ។

ចំណែកម៉ូតូ១គ្រឿងដែលសមត្ថកិច្ច ដកហូតពីក្រុមជនសង្ស័យម៉ាកហុងដាសង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤។ សូមបញ្ជាក់ថា ជនសង្ស័យជាក្រុមចោរវាយយកម៉ូតូទាំង៣ នាក់និងវត្ថុតាងត្រូវបញ្ជូនមកសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន បក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]