ខេត្តបន្ទាយមានជ័យ ៖ ហាងម៉ាស្សាមួយកន្លែងយីហោ«ចំណាន»ត្រូវបានអ្នកស្រុក និងអ្នករត់ម៉ូតូឌុប២នាក់ដណ្តើមគ្នាយកអីវ៉ាន់ បន្ទាប់ពីម្ចាស់ហាងខាងលើដាក់មេប្រូចព្រោះជំពាក់បំណុលគេច្រើន មិនតែប៉ុណ្ណោះស៊ីដាច់ម៉ូតូម៉ាកសង់២គ្រឿងមួយប៉ប្រិចភ្នែកមុនគេចខ្លួន ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជិត១១យប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
នៅកន្លែងកើតហេតុគេឃើញមនុស្សមួយក្រុមមានស្រីមានប្រុសបានដណ្តើមយកអីវ៉ាន់ក្នុងហាងម៉ាស្សាខាងលើដោយគ្រប់គ្នាអះអាងថា ពួកគាត់ជាម្ចាស់បំណុល និងម្នាក់ជាម្ចាស់ម៉ូតូដែលម្ចាស់ហាងបោកយកទៅបាត់ ។
ឈ្មោះ រ៉ាត់ រឿម អាយុ៤៦ឆ្នាំ ប្រពន្ធឈ្មោះ សែម ម៉ៅ អាយុ៤២ឆ្នាំ មកពីខេត្តរតនគិរី គ្មានមុខរបរអ្វីក្រៅពីរត់ម៉ូតូឌុបចិញ្ចឹមកូនក្នុងបន្ទុករហូត៥នាក់ បាននិយាយថា ឈ្មោះ កាន់ សុភ័ណ្ឌ ភេទប្រុស ជាម្ចាស់ហាងម៉ាស្សាយីហោ«ចំណាន»កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ បានខ្ចីម៉ូតូគាត់១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1D-3934 ដោយកុហកថា ទៅយកប្រពន្ធហើយថាម្ចាស់ហាងរូបនេះមិនឃើញត្រឡប់មកវិញទេរហូតព្រឹកថ្ងៃទី២៦កញ្ញានេះ ។
ចំណែកគ្រួសារមួយទៀត ប្តីឈ្មោះ យុន យឿន អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ប្រពន្ធឈ្មោះ សាត សុខេន អាយុ៤៧ឆ្នាំ រែកពងទាកូនលក់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ក៏បានអះអាងថា ម៉ូតូរបស់គាត់១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-8702 ត្រូវបានម្ចាស់ហាងម៉ាស្សាខាងលើខ្ចីនៅម៉ោង៩ព្រឹក ថ្ងៃទី២៥កញ្ញា ហើយកុហកថា ទៅយកប្រពន្ធដូចករណីខាងលើដែរ ហើយក៏គេចទៅបាត់មិនទាន់ឃើញត្រឡប់មកវិញដូចគ្នា ។
ម្ចាស់ម៉ូតូទាំង២គ្រឿងប្រាប់ថា ម៉ូតូពួកគាត់សុទ្ធតែរាប់គេយកមករកស៊ី ហើយម្ចាស់ហាងម៉ាស្សានេះបានបិទទូរស័ព្ទក្រោយចាកចេញ ហើយស្ត្រីម្នាក់ដែលនៅធ្វើការហាងនោះសង្ស័យជាកូនឈ្មោះ លី សុធារី ក៏គេចទៅបាត់ដូចគ្នាក្នុងពេលតែមួយ សង្ស័យជិះម៉ូតូម្នាក់១គ្រឿងចេញទៅ ។
ដោយឡែកស្ត្រីម្នាក់ទៀតដែលមានផ្ទះជាប់ទីតាំងកើតហេតុ ឈ្មោះ គឹម ចន អាយុ៣៣ឆ្នាំ ជាអ្នករកស៊ីចងការប្រាក់បានប្រាប់ថា ម្ចាស់ហាងម៉ាស្សាខាងលើជំពាក់ប្រាក់នាងជា២លានរៀលផងដែរ ។ ស្ត្រីរូបនេះបន្តថា ម្ចាស់ហាងម៉ាស្សានេះបានជំពាក់បំណុលគេជាច្រើននាក់ទៀត មានទាំងជនជាតិឥណ្ឌាដើររាប់ប្រាក់ និងអង្គការសរុបមិនក្រោមពីជាង១០នាក់ឡើយ ។
យ៉ាងណាក៏ដោយជុំវិញការចោទប្រកាន់នេះ ឈ្មោះ កាន់ សុភ័ណ្ឌ ម្ចាស់ហាងម៉ាស្សា«ចំណាន»ក៏ដូចជាស្ត្រីឈ្មោះ លី សុធារី មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទទាំង៣ខ្សែ រួមមាន 078 572 050, 012 861 005 (លេខម្ចាស់ហាង) និង 012 865 022 (លេខនាង លី សុធារី) ចុចមិនចូលទាំងអស់ ។
លោក មាស ម៉េងហួង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ផ្សារកណ្តាលបានប្រាប់«កោះសន្តិភាព»ថា ករណីខាងលើពិតជាកើតមានមែន ហើយថា ម្ចាស់ម៉ូតូទាំង២គ្រឿងបានទៅដាក់ពាក្យបណ្តឹង ដើម្បីទាមទាររកយុត្តិធម៌ហើយ ។ លោកមេប៉ុស្តិ៍បន្តថា ពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យផងដែរ ៕
ប្រភព៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន បុរសម្នាក់ជំពាក់លុយគេចំនួន៦ម៉ឺនដុល្លាគេចខ្លួនជាង១ឆ្នាំ មកសម្ងំលក់ភេសជ្ជៈនៅតាមផ្លូវ ត្រូវបានម្ចាស់បំណុលប្រទះឃើញ ក៏ឃាត់ខ្លួនជូនសមត្ថកិច្ចតែម្ដង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣៥នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នៅចំណុចផ្លូវ២៥៧កែងផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ជនជំពាក់លុយគេមានឈ្មោះ ឃី សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៧ ផ្លូវលំ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរលក់កាហ្វេ និងភេសជ្ជៈតាមរទេះ។
ចំណែកម្ចាស់បំណុលមានឈ្មោះ តាំង គីមពៀរ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះ១១អា ផ្លូវ១១៨ សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់ដូរ។
តាមម្ចាស់បំណុលបានឲ្យដឹងថាជននោះបានជំពាក់ប្រាក់របស់គាត់ចំនួន៦ម៉ឺនដុល្លាប្រមាណជាង១ឆ្នាំដោយរកស៊ីនិងលេងតុងទីនជាមួយគ្នា រួចគេចខ្លួនរហូតហើយគាត់បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ។
លុះនៅវេលាថ្ងៃត្រង់នេះក៏ប្រទះឃើញលក់កាហ្វេ និងភេសជ្ជៈនៅតាមផ្លូវ ក៏ដេញតាមតាំងពីផ្លូវទេពផនរហូតទៅដល់ចំណុចផ្លូវលេខ២៥៧កែងផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ទើបចាប់បានប្រគល់ជូនសមត្ថកិច្ចយកមកប៉ុស្តិ៍នរគបាលទឹកល្អក់២។ លុះក្រោយមកម្ចាស់បំណុល និងក្រុមគ្រួសារត្រូវបានបញ្ជូនទៅដោះស្រាយនៅក្រសួងមហាផ្ទៃ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]