ជប៉ុន៖ ធម្មជាតិគឺជាមាតានៃអ្វីគ្រប់យ៉ាងក្នុងលោកនេះ ហើយខាងក្រោមនេះគឺជាការរំឭកប្រចាំថ្ងៃមួយរបស់អ្នក ដែលធម្មជាតិពិតជាចម្លែក និងអស្ចារ្យ ហើយយើងទាំងអស់គ្នាគួរតែឲ្យតម្លៃទៅលើធម្មជាតិបន្ថែមទៀត។

នៅលើឆ្នេរមួយក្នុងទីក្រុង Okayama ប្រទេសជប៉ុន ខ្សាច់ និងទឹកសមុទ្ររាក់ៗ ត្រូវបានបំពេញទៅដោយពពួកសត្វបង្គារតូចៗមួយប្រភេទ ដែលមានឈ្មោះថា Vargula Hilgendorfi ឬអំពិលអំពែកសមុទ្រ (sea-firefly) ដែលបញ្ចេញពន្លឺពណ៌ខៀវយ៉ាងស្រស់ស្អាត។

បង្គារនីមួយៗមានទំហំ ៣មីលីម៉ែត្រ ឬ ០.០០៣ម៉ែត្រ ហើយពួកវាជាពពួកសត្វធ្វើសកម្មភាពនៅពេលយប់។ ដោយនៅពេលយប់វាហែលមកច្រាំងដើម្បីរកចំណី។ Vargula Hilgendorfi ដែលត្រូវបានគេស្គាល់ថាអំពិលអំពែកសមុទ្រនេះ គឺជាប្រភេទសត្វបញ្ចេញពន្លឺមួយក្នុងចំណោមសត្វ៣ប្រភេទ ដែលរកឃើញក្នុងប្រទេសជប៉ុន។ ពួកវាបញ្ចេញពន្លឺពណ៌ខៀវភ្លឺ គ្រប់ពេលដែលវាមកប៉ះនឹងផ្ទៃទឹក ហើយជាញឹកញាប់ត្រូវបានគេប្រទះឃើញពួកវាមើលទៅដូចជាគ្រាប់ពេជ្រពណ៌ខៀវតូចៗ ភ្លឺភ្លឹបភ្លែតនៅលើដីខ្សាច់។

អ្នកថតរូបរបស់វេបសាយ Tdub Photo បានសម្រេចចិត្តថតរូប អំពិលអំពែកសមុទ្រនេះ ក្នុងវិធីថ្មីមួយ ដោយពួកគេបានដងយកពួកវាមកចាក់ដាក់ពីលើថ្មនៅក្បែរច្រាំងនៃកោះ Seto នាពេលរាត្រី ហើយផ្តិតយករូបភាពទាំងនោះ។

ជាលទ្ធផលរូបភាពទាំងនោះបានបង្ហាញភាពស្រស់ស្អាត ដែលមើលទៅដូចជាដុំថ្មកំពុងតែបង្ហូរទឹកភ្នែកភ្លឺចែងចាំងទៅលើវាលខ្សាច់ ដោយមិនមានការ​កែរសម្រួល​ពី​កំព្យូ​ទ័រ ការបន្ថែមពន្លឺ និងអ្វីទាំងអស់ គឺមានតែភាពស្រស់ស្អាតនៃធម្មជាតិតែមួយមុខប៉ុណ្ណោះ៕ 

ប្រភព៖ AsianTown

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]