ចិន៖ តេឡេស្កុបយក្សធំជាងគេរបស់ពិភពលោក មានទីតាំងនៅភាគនិរតីប្រទេសចិន បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនហើយ ដែលវាជាគម្រោងមួយរបស់ក្រុងប៉េកាំង សម្រាប់ជួយដល់មនុស្សជាតិក្នុងការស្វែងរកជីវិតក្រៅភព។

តេឡេស្កុបធំគ្មានគូប្រៀបនេះមានឈ្មោះថា Fast វាមានប្រវែង ៥០០ម៉ែត្រ ស្ថិតនៅចន្លោះកូនភ្នំមានរាងជាបាតខ្ទះ ក្នុងខេត្ត Guizhou ភាគពាយ័ព្យប្រទេសចិន។ វាត្រូវបានចាប់ផ្តើមការងារនៅថ្ងៃអាទិត្យ វេលាថ្ងៃត្រង់ ម្សិលមិញ ទី២៥ កញ្ញា ២០១៦ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌​មាន​សិនហួរ។ 

ដោយបានសាងសង់ចំណាយទឹកប្រាក់អស់១,២០០លានយ័ន (២៤៥លានដុល្លារ) តេ​ឡេ​ស្កុបយក្សរបស់ចិន បានវ៉ាដាច់តេឡេស្កុបធំបំផុតពីមុនឈ្មោះ Arecibo Observatory ក្នុងប្រទេស ព័រតូ រីកូ (Puerto Rico ) ជាមួយនឹងសមត្ថភាពចាប់សម្លេង ឬសញ្ញាអវកាសទ្វេដង និងទំហំធំជាងតារាងបាល់ទាត់ដល់ទៅ ៣០ដង។ តេឡេស្កុប FAST ត្រូវបានផ្គុំឡើងដោយបន្ទះរាងត្រីកោណអស់ចំនួន ៤,៤៥០ និងប្រើប្រាស់ដើម្បីសិក្សាស្រាវជ្រាវស្វែងរកសញ្ញានៃជីវិតក្នុងទីអវកាស តារាតូចៗដ៏សែនឆ្ងាយ។

ប្រទេសចិន បានមើលឃើញថា វាជាកម្មវិធីអវកាសតម្លៃរាប់លានដុល្លារ និងគ្រប់គ្រងដោយយោធានេះ ជានិម្មិតរូបនៃដំណើររីកចំរើនឈានឡើងរបស់ប្រទេស។ ហើយប្រទេសចិន មានគំរោងបង្កើតស្ថានីយអវកាសអចិន្ត្រៃយ៍មួយនៅត្រឹមឆ្នាំ២០២០ និងនៅទីបំផុតគឺ បេសសកម្មទៅឋានព្រះចន្ទដែលមានមនុស្សទៅជាមួយ។

លោកប្រធានាធិបតី ស៊ី ជីនពីង ក៏បានសាទរចំពោះការដំណើរការតេឡេស្កុបយក្សនេះ​ដែរ ដោយលោកបានផ្ញើលិខិតអបអរសារទរមួយទៅឲ្យអ្នកវិទ្យាសាស្រ្ត និងវិស្វករដែលបានរួមចំណែកដល់ការបង្កើតរបស់ខ្លួន។ 

គូរបញ្ជាក់ថា បច្ចុប្បន្នពិភពលោកមានតេឡេស្កុបយក្សចំនួន៤ គឺទី១ FAST របស់ចិន មានប្រវែង ៥០០ម៉ែត្រ ទី២ Arecibo របស់ព័រតូ រីកូ មានប្រវែង៣០៥ម៉ែត្រ ទី៣ Green Bank របស់អាមេរិក មានប្រវែង១០០ម៉ែត្រ និងចុងក្រោយ Jodrell Bank របស់ចក្រភពអង់គ្លេស មានប្រវែង៧៦ម៉ែត្រ។ ហើយពេលនេះតេឡេស្កុបយក្សរបស់ចិនគឺ ជាតេឡេស្កុបធំជាងគេបំផុតបន្ទាប់ពី Arecibo ដែលធ្លាប់ឈរជាតេឡេស្កុបធំជាងគេលើលោកអស់រយៈពេល ៥៣ឆ្នាំ៕

ប្រភព៖ TheGuardian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]