ថៃ៖ គ្រាន់តែលឺតួស្រី ឈ្មោះឡាំយ៉ង ជំនាន់ថ្មី ក្នុងរឿង "មាសទឹក៩" ប្រហែលជាប្រិយមិត្តបានស្គាល់ច្បាស់ហើយថា ជាតារាស្រីរូបណានោះ។ ហើយកាលពីម្សិលមិញនេះដែរ ក៏ជាថ្ងៃខួបកំណើតរបស់ តារាស្រីថៃ Nune Worannuch ដែលនាង ត្រូវកើនអាយុ១ឆ្នាំទៀតហើយ។

បើតាមសារព័ត៌មានថៃចុះផ្សាយ បានឲ្យដឹងថា នាងឡាំយ៉ង មិនបានរៀបចំពិធីធំដុំអ្វីនោះឡើយ ដែលហាក់ដូចថ្ងៃធម្មតាសម្រាប់នាង ប្រហែលជានាងជាប់រវល់ក្នុងមុខជំនួញ រហូតគ្មានពេលធ្វើ រឺក៏នាងមិនចង់ធ្វើខួបកំណើតរបស់ខ្លូនក៏មិនដឹង។ ប៉ុន្តែទោះជាយ៉ាងណា ក៏មានតារាសិល្បៈរួមអាជីពជាច្រើននាក់ បានសម្តែងការជូនពរទៅនាង ក្នុងថ្ងៃខួបកំណើត ជាមួយនឹងរូបថត និងសារដ៏មានអត្ថន័យជ្រៅ។ 

ក្នុងនោះដែរ បើក្រឡេកមើលសម្រស់ នាងឡាំយ៉ង គឺមិនសរសើរមិនបាន ដែលឆ្នាំនេះ នាងមានវ័យ៣៦ឆ្នាំទៅហើយ តែសាច់មុខ និងរូបរាងរបស់នាង នៅតែក្មេងខ្ចីល្ហក់ មិនសាកសមនឹងអាយុទាល់តែសោះ។ ហើយមិនតែប៉ុណ្ណោះ អ្នកគាំទ្រ សង្កេតឃើញថា ពេលនាងសើចម្តង គ្មានឃើញស្នាមជ្រីវជ្រួញ រឺស្នាមផ្នត់អ្វីសូម្បីបន្តិច៕

តោះមើលសម្រស់នាងឡាំយ៉ង ដែលទើបកើនអាយុ១ឆ្នាំ ឡើងវ័យ៣៦ឆ្នាំបន្តិចមើល ថានៅតែស្រស់ប៉ុណ្ណា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាងNune Woranuch ក៏បានធ្វើពិធីខួបកំណើត ឲ្យម្តាយក្មេកនាងផងដែរ។

បន្ទាប់ពីរៀបការ ជាមួយកូនសេដ្ឋីប្រាក់វាល់លាន កាលពីកំឡុងពេល ឆ្នាំ២០១០ រួចមក តារាសម្តែងស្រី មានឈ្មោះល្បីនាងNune Woranuch បានក្លាយខ្លួនទៅជា កូនប្រសារស្រីម្នាក់ ដែលមានការទទួលស្គាល់ ពីម្តាយក្មេកថា នាងមានលក្ខណៈសម្បត្តិល្អគ្រប់យ៉ាង មិនថាការបំពេញការងារ នៅក្រៅផ្ទះ ឬក៏ក្នុងផ្ទះនោះទេ។

ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅ តារាស្រីល្បីល្បាញរូបនេះបាន ប្រារព្ធធ្វើនូវពិធីខួបកំណើតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ជូនចំពោះម្តាយក្មេករបស់នាង គឺអ្នកស្រី Arunee Bhirombhakdi ក្នុងឱកាសទៅជួបជុំអាហារពេលល្ងាចជាមួយគ្នា នៅភោជនីយដ្ឋានមួយកន្លែង។

ស្ថិតក្នុងទិដ្ឋភាពថ្ងៃកំណើតអ្នកស្រី Arunee និងលោក Piya ជាស្វាមី ពិតជាមានសេចក្ដី អំណរ និងត្រេកអរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ប្រពៃរបស់ កូនប្រសារសំណព្វចិត្តរូបនេះ ដោយសារតែនាងនៅតែចងចាំមិនភ្លេច នូវថ្ងៃខួបកំណើតរបស់ខ្លួន បើទោះបីជានាងមានភារកិច្ចជាប់រវល់ យ៉ាងមមាញឹក ជាមួយនឹងការងារសិល្បៈ យ៉ាងណាក្តី។

ទង្វើនេះបានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា នាង Nune Woranuch គឺជាកូនស្រី កត្តញ្ញូម្នាក់មិនថាចំពោះតែឪពុកម្តាយបង្កើត ឬឪពុកម្តាយក្មេកនោះទេ។ ទោះបីជាវាមិនមែនជាការធ្វើពិធីធំដុំ ឱ្យបានអធិកអធម ប៉ុន្តែផ្តោតទៅលើក្រុមគ្រួសារ ខាងស្វាមីនាង Nune Woranuch ពួកគាត់មានអារម្មណ៍រីករាយ និងកក់ក្តៅយ៉ាងខ្លាំង ដោយមានកូនប្រសារស្រីដូចជានាង។ ហើយនៅក្នុងបេសកម្មលើកនេះនាង Nune Woranuch ក៏បានបញ្ជាក់ឱ្យអ្នកគាំទ្រនាងទាំងអស់ ព្រមទាំងមហាជនទូទៅឃើញផងដែរថា នាងបានបំពេញតួនាទីជាកូនប្រសារល្អប្រពៃកម្ររកបានម្នាក់ ដែលមិនដូចជាពាក្យចចាមអារ៉ាមទាំងឡាយកាលពីមុនថា នាង និងស្វាមីលោក Todd Piti កំពុងមានការបែកបាក់គ្នានោះឡើយ។

ឃើញសកម្មភាពសប្បាយរីករាយរវាងម្តាយឪពុកក្មេក និងកូនប្រសារច្បាស់ៗ បែបនេះ ព័ត៌មានរឿងអាស្រូវទាំងប៉ុន្មានកាលពីមុន ក៏បានស្ងាត់ទៅតាមនោះផងដែរ គ្មាននរណាមួយ ហ៊ានចេញមុខមករិះគន់ទៀតទេ ឬសើររើវាឡើងសាជាថ្មីម្តងទៀតទេ ព្រោះវាហាក់ដូចជា ផ្ទុយពីការពិត ដែលកំពុងតែកើតមានឡើង នៅពេលបច្ចុប្បន្ននេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]