កំពង់ចាម​៖​ ស្ត្រី​ម្នាក់​ បុរស​ម្នាក់​ ស្លាប់ខណៈពួកគេ បាន​នាំ​គ្នា​ទៅ​ហែល​ទឹក​លេង​ នៅ​មុខ​ការ៉ាស់​បិទ​បើក​ទឹក​ ហើយ​ត្រូវ​ទឹក​ហូរ​បឺត​គាបជាប់​នឹង​ទ្វារ​ទឹក​ កាល​ពី​ម៉ោង​៣៖​៣០នាទី​រសៀល​ ថ្ងៃ​ទី​២៣​ កញ្ញា ​២០១៦​ នៅចំណុចការ៉ាស់ទឹកតាកុដ​ ស្ថិតនៅ​ក្នុង​ភូមិអូរណ្តោល​ ឃុំព្រែកក្របៅ​ ស្រុក​កង​មាស​ ខេត្ត​កំពង់ចាម​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជនរងគ្រោះ​ទាំង​២នាក់ ក្នុង​​​ករណីលង់ទឹក​មានឈ្មោះ ១-ឈ្មោះម៉ៅ​ ផល្លា​ ភេទស្រី អាយុ៣១ឆ្នាំ​ មានទីលំនៅភូមិអូរកណ្តោល​ ឃុំព្រែកក្របៅ​ ស្រុក​កង​មាស​, ២-ឈ្មោះ​ ស៊ឹម​ ហ៊ុច​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ នៅភូមិដៃបួន​ ឃុំជ្រៃវៀន​ ស្រុកព្រៃឈរ​ ខេត្ត​កំពង់ចាម​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ នៅ​កន្លែង​កើត​ហេតុ​ គឺ​ជា​ការ៉ាស់​មុខ​ទ្វារ​បិទ​បើក​ទឹក​ ដែល​មាន​កម្លាំង​សម្ពាធ​ទឹក​ហូរ​ខ្លាំង​ អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​បាន ​គ្រប់​ពេល​ ដូច្នេះ​ប្រជាពលរដ្ឋ ​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ មិន​ត្រូវ​នាំ​គ្នា​ទៅ​ហែល​ទឹក​លេង​ នៅ​កន្លែង​មាន​គ្រោះ​ថ្នាក់​នេះ​ ទៀត​ទេ​។

ក្រោយពី​កើតហេតុ​ កម្លាំង​ជំនាញ​ បច្ចេកទេស ​នគរបាល​ស្រុក​កង​មាស​ បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ យក​ទៅ​ធ្វើរបុណ្យតាមប្រពៃណី​៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ២នាក់មីង និងក្មួយ បានរអិលជើងធ្លាក់ ចូលប្រឡាយលង់​​ស្លាប់ទាំងពីរនាក់ ខណៈពេលចុះ បេះកញ្ឆែតកាលពីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹក ស្ថិតក្នុងភូមិគោល ឃុំរកាពប្រាំ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានពីមន្រ្តី សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ជាស្ត្រី ទី១ ឈ្មោះ កែវ ធារ៉ា អាយុ ២២ឆ្នាំ ត្រូវជាម្តាយមីង និង ឈ្មោះ ចាន់ ស្រីធី អាយុ ១៥ឆ្នាំ ត្រូវជាក្មួយ អ្នក ទាំងពីរមានទីលំនៅភូមិ៨.១៥ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។​

មុនពេលកើតហេតុ មានក្មេងឃ្វាល គោ បានឃើញស្ត្រីរងគ្រោះទាំងពីរនាក់ បានទៅបេះកញ្ឆែត​នៅប្រឡាយទឹក ដែលបណ្តោយមានប្រវែង ២គីឡូម៉ែត្រ និងទទឹងប្រវែងជិត ៣ម៉ែត្រ ដោយខណៈនោះ មានក្មេងស្រីជំទង់ បានចុះបេះកញ្ឆែត នៅមាត់ប្រឡាយ ហើយបានរអិលជើងធ្លាក់ចូលក្នុងទឹកប្រឡាយនោះ ​ឃើញដូច្នោះទើបស្ត្រី ជាម្តាយ មីង បានស្ទុះទៅជួយចាប់​សក់ជួយសង្រោះក៏រអិលជើង ធ្លាក់ចូលក្នុងទឹកលង់ស្លាប់ទាំងពីរ​តែម្តង។

ក្រោយពីឃើញហេតុការណ៍នោះភ្លាម ក្មេងឃ្វាលគោ បានរត់ទៅហៅ អ្នកបង់សំណាញ់ដែលមាន ចម្ងាយ ៥០ម៉ែត្រពីកន្លែងកើតហេតុ ឲ្យជួយជនរងគ្រោះ បន្ទាប់មកអ្នកបង់សំណាញ់ បានទូរស័ព្ទ ហៅសាច់ញាតិជនរងគ្រោះឲ្យមកជួយរាវរកដែរ ប៉ុន្តែជាអកុសលស្ត្រីពីរនាក់មីងនិងក្មួយ បានឈ្លក់ទឹក ស្លាប់បាត់ទៅហើយ។

សមត្ថកិច្ច បានបញ្ជាក់ផងដែរថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ បានសហការជាមួយគ្រូពេទ្យ ចុះធ្វើការពិនិត្យសាកសព នៅកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះទាំងពីរនាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]