រាជធានី​ភ្នំពេញ ៖ លោក​គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES ) ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ស្ថាបនិក​នៃ​អង្គការ​ភាព​ញញឹម​នៃ​កុមារ ​ដែល​ជា​អង្គការ​មួយ​បាន​ជួយ​កុមារ​កំព្រា និង​គ្មាន​ទីពឹង​ស្ទើរ​រាប់​ពាន់​នាក់​ឲ្យ​មានការ​រៀនសូត្រ និង​មានការ​ងារ​ល្អ​ធ្វើ​ក្នុង​សង្គម​នោះ ពេល​នេះ​លោក​មាន​ទទួលមរណភាព​ហើយ ក្នុង​វ័យ​៨២​ឆ្នាំ ដោយសារ​រោគាពាធ កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ទីតាំង​អង្គការ​ភាព​ញញឹម​នៃ​កុមារ ស្ថិត​ក្នុងផ្ទះ​លេខ​៤០២ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

អង្គការ​ភាព​ញញឹម​នៃ​កុមារ ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ ។ អង្គការ​មួយ​នេះ​បង្កើត​ឡើង​ដោយ​ប្តី​ប្រពន្ធ​ជា​ជនជាតិ​បារាំង គឺ​លោក​គ្រី​ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES ) និង​លោកស្រី ម៉ា​រី​ហ្វ្រ​ង់ ដេ​ប៉ា​លី​យ៉ែ​រ ដែល​បង្កើត​ឡើង​ក្នុង​គោលដៅ​ជួយ​សង្គ្រោះ​កុមារ​រើស​សម្រាម កុមារ​ក្រីក្រ​គ្មាន​ទីពឹង គ្មាន​ផ្ទះ​ស្នាក់​អាស្រ័យ​ត្រឹមត្រូវ ឬ​បាត់បង់​ឪពុក​ម្តាយ​ជាដើម ដោយ​បាន​យក​ពួក​គេ​មក​អប់រំ ណែនាំ រៀនសូត្រ តាម​កម្រិត​នៃ​សាលា​រដ្ឋ ឬ​ចំណេះដឹង​ទូទៅ នៃ​កម្រិតសិក្សា បង្ហាត់បង្រៀន​ទាំង​ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ផ្សេង​ៗ ដល់​ក្មេង និង​ជួយ​រក​ការងារ​ឲ្យ​ធ្វើ​ពេល​បញ្ចប់​ការ​សិក្សា នៃ​អង្គការ​ខាងលើ ។ បន្ថែម​ពី​នេះ​ក៏​មាន​ផ្តល់​នូវ​ទីកន្លែង​ស្នាក់​នៅ​ដល់​ក្មេង​ៗ​ដែល​ភាគច្រើន​មក​ពី​ជនបទ និង​មួយ​ចំនួន​ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ ដោយ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ដែល​ជា​ស្ថា​ប​នឹក​បាន​ប្រើប្រាស់​ថវិការ​ផ្ទាល់ខ្លួន​ទិញ​ដី​ដ៏​ធំ​មួយ​ទំហំ​ជាង​១​ហិ​កតា និង​បាន​សាងសង់​ជា​អាគារ​សិក្សា បណ្ណាល័យ​អាន​សៀវភៅ បន្ទប់​ហូប​ចុក ស្នាក់​នៅ និង​អាគារ​រដ្ឋបាល​ទូទៅ​ជា​ច្រើន​ទៀត ដើម្បី​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​រៀនសូត្រ និង​រស់នៅ​របស់​ក្មេង​ៗ ។

សូម​បញ្ជាក់​ថា ស្ថាបនិក​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នេះ​មាន​សញ្ជាតិ​ដើម​ជា​ជនជាតិ​បារាំង ពួក​គាត់​បាន​ចូល​មក​រស់នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩០ ហើយ​ពួក​គាត់​បាន​ស្នើ​ទៅ​ដល់​ព្រះមហាក្សត្រ​ដើម្បី​សុំ​ចូល​ជា​សញ្ជាតិ​ខ្មែរ ក៏​ត្រូវ​បាន​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហ​នុ ឡាយ​ព្រ​ហ​ស្ថ​ឯកភាព​តាំងពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ ។

យ៉ាងណាមិញ បច្ចុប្បន្ន​សព​បាន​រៀបចំ​ពិធី​តម្កល់​នៅ​ក្នុង​ទីតាំង​ផ្ទាល់​របស់​អង្គការ​ភាព​ញញឹម​នៃ​កុមារ ដើម្បី​ឲ្យ​បងប្អូន​ញាតិ​ជិតខាង​មក​គោរព​វិញ្ញាណក្ខន្ធ​សព និង​ត្រៀម​ដឹក​យក​ទៅ​កាន់​វត្ត​ឫស្សី​សាញ់​នៅ​រសៀល​ថ្ងៃ​ចន្ទ ដើម្បី​បូជា​តាម​ប្រពៃណី ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​នោះ​គេ​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​សិស្ស និង​អតីត​សិស្ស​ជា​ច្រើន​ដែល​ធំធាត់​នៅ​ក្នុង​អង្គការ​ខាងលើ​បាន​នាំ​គ្នា​មក​គោរព​វិញ្ញាណក្ខន្ធ​លោក ស្យ​ង់ ហ្គោ​កឺ​ឡាំង ដេ​ប៉ា​លី​យ៉ែ​រ (Christian GAUQUELIN des PALLIERES) យ៉ាង​កកកុញ​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្ដែងប្រុសជើងចាស់ខ្មែរ ទទួលមរណភាព ដោយសារជំងឺដុះសាច់​ក្នុងខួរក្បាល ។ គួររំលឹកផងដែរថា នេះជារឿងដ៏ក្រៀមក្រំ ដែលតារាប្រុសសិល្បៈជើងចាស់ខ្មែរ លោក ហង្សផល្លីមធុរ៉ា បានលាចាកលោក កាលពីម៉ោង ៦ព្រឹកត្រូវនៅថ្ងៃទី ០១ សីហា ឆ្នាំ២០១៦ កន្លងទៅ ដោយសារតែជំងឺដុះសាច់​ក្នុងខួរក្បាល នៅឯមន្ទីរពេទ្យរុស្សី។

នេះបើតាមបណ្ដាញទំនាក់ទំនងសង្គមអ្នកសិល្បៈ ដូចជា អ្នកនាង ស៊ុុន ណារីម៉ូនីកា និងអ្នកនាង ចាន់ តារាទី បានបង្ហោះជាសារ និងរូបភាពដ៏គួរឲ្យសង្វេគ ពីលោក ហង្សផល្លីមធុរ៉ា ដែលគាត់បានទទួលមរណភាពក្នុងវ័យ ៥២ឆ្នាំ។ នៅក្នុងសារក៏បានឲ្យដឹងទៀតថា ក្រុមគ្រួសាររបស់គាត់ បានខ្វះខាតថវិកាសម្រាប់ធ្វើបុណ្យ ដែលអ្នកនាងសំណូមពរ ឲ្យបងប្អូនទាំងអស់គ្នាជួយដល់រូបគាត់ផងដែរ។

គួរបញ្ជាក់ថា លោក ហង្សផល្លីមធុរ៉ា ធ្លាប់បានរៀបការជាមួយ នារីអនិកជនអាមេរិកម្នាក់ និងបានក្លាយជាថៅកែរោងចក្រកិនស្រូវ នៅឯខេត្ដបាត់ដំបង តែបែរជាធ្លាក់ខ្លួនក្រ ក្រោយពីលែងលែះប្រពន្ធ ជាមួយនឹងបញ្ហាគ្រួសារ ដែលអ្វីកាន់តែខ្លោចចិត្ដទៀតនោះ គឺរូបគាត់គ្មានប្រាក់ព្យាបាលខ្លួន នៅពេលដែលធ្លាក់ខ្លួនឈឺ នេះបើតាមប្រភពព័ត៌មានក្នុងស្រុកបានចុះផ្សាយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]