ប្រួតេអ៊ីន ជួយដល់ការលូតលាស់សាច់ដុំរាងកាយ ជំនួយឆ្អឹង ជំនួយអរម៉ូន ជួយឲ្យអ្នកមិនសូវឃ្លាន ជាសារជាតិជំនួយដល់ការសម្រកទម្ងន់ និងអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ផ្សេងទៀត ដែលរាងកាយត្រូវការជាប្រចាំ។ ហេតុនេះហើយ ទើបមនុស្សយើង សន្និដ្នានថាវាផ្តល់ប្រយោជន៍ល្អបំផុតសម្រាប់សុខភាព។ ប៉ុន្តែ តើអ្នកដឹងទេថា ការទទួលទានប្រូតេអ៊ីនច្រើនពេក នឹងផ្តល់ផលវិបាកធ្ងន់ធ្ងរសម្រាប់សុខភាពទៅវិញទេ។

ខាងក្រោមនេះ គឺជាបញ្ហាដ៏គួរឲ្យខ្លាចជាច្រើន ដែលកើតឡើង លើរាងកាយរបស់អ្នក នៅពេលដែលអ្នកទទួលទានសារជាតិប្រូតេអ៊ីនច្រើនពេក ៖

១. ធុំក្លិនមាត់

មនុស្សភាគច្រើន ដែលទទួលទានជាតិប្រូតេអ៊ីន ច្រើនលើសលុប សុទ្ធតែមានបញ្ហានេះ ក៏ព្រោះតែពួកគេលែងសូវទទួលទានជាតិស្ករ។ អ្នកឯកទេសខាងចំណីអាហារ Isabel Smith បាននិយាយថា “នៅពេលដែលអ្នកទទួលទានជាតិស្ករតិច រាងកាយរបស់អ្នកនឹងដុតជាតិខ្លាញ់ និងប្រូតេអ៊ីន ដើម្បីដំណើរការវិញ ដែលមានឈ្មោះថា ដំណើរការ Ketosis ។ ប៉ុន្តែ ដំណើរការ Ketosis បង្កជាក្លិនអាក្រក់ ដែលមិនអាចបំបាត់បានដោយការដុសសម្អាតធ្មេញឡើយ”។ មានតែកាត់បន្ថយ ការទទួលទានប្រូតេអ៊ីន រួចបង្កើនការទទួលទានជាតិស្ករវិញ និងទទួលទានទឹកឲ្យបានច្រើន ទើបអាចដោះស្រាយបញ្ហានេះបាន។

២. ឡើងទម្ងន់

យោងតាមការសិក្សាមួយ របស់អេស្ប៉ាញ បានលើកឡើងថា ការទទួលយកជាតិប្រូតេអ៊ីនច្រើន និងទទួលទានអាហារមានជាតិស្ករទាប អាចធ្វើឲ្យអ្នកឡើងទម្ងន់ បានយ៉ាងរហ័ស។ អ្នកស្រាវជ្រាវបានធ្វើការសិក្សាលើ មនុស្សចំនួន ៧,០០០ នាក់ ដោយឲ្យពួកគេឆ្លើយសំណួរ អំពីទម្លាប់ក្នុងការទទួលទានអាហារ ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយ។ បន្ទាប់ពីធ្វើការវិភាគលើទិន្នន័យរួច ពួកគេបានរកឃើញថា អ្នកដែលទទួលទានរបបអាហារ ដែលមានជាតិប្រូតេអ៊ីនច្រើន មានហានិភ័យប្រឈមនឹងការឡើងទម្ងន់ ១០% នៃទម្ងន់សរុប បើប្រៀបនឹងអ្នកដែលទទួលទានប្រូតេអ៊ីនតិច។

៣. ដុះសាច់យារធ្លាក់

នៅពេលដែលអ្នកឡើងទម្ងន់ នោះអ្នកប្រាកដជាមានបញ្ហាដុះសាច់យារធ្លាក់ (ក្បាលពោះ ដើមដៃ -ល-) ជាមួយគ្នាដែរ។ ករណីនេះ អ្នកហាត់ប្រាណមួយចំនួន មិនដឹងថាហេតុអ្វី បានជាពួកគេបរាជ័យ ក្នុងការហាត់យកសាច់ដុំពោះនោះទេ។

នៅពេលដែលអ្នកទទួលទានអាហារជាតិប្រូតេអ៊ីន លើសកំណត់ (បុរសត្រូវការប្រូតេអ៊ីន ០.៩ ក្រាម សម្រាប់ទម្ងន់ ១ គីឡួ រីឯស្រ្តីត្រូវការ ០.៧ ក្រាម សម្រាប់ទម្ងន់ ២ គីឡូ) នោះប្រូតេអ៊ីនដែលលើស នឹងប្រែក្លាយទៅជាជាតិខ្លាញ់។ 

៤. ខូចតម្រងនោម

នៅពេលដែលអ្នកទទួលទានសាច់ Steak សាច់មាន់ និងអាហារមួយចំនួនផ្សេងទៀត គឺមានន័យថាអ្នកក៏ទទួលទានអាសូតចូលក្នុងរាងកាយដែរ ដែលអាសូតបង្កើតជាអាមីណូអាស៊ីត (ប្រូតេអ៊ីន)។ នៅពេលអ្នកទទួលយកប្រូតេអ៊ីន គ្រប់គ្រាន់ហើយ អាសូតនឹងត្រូវបានបញ្ចេញចោលមកក្រៅ ដោយស្វ័យប្រវត្តិ។ ប៉ុន្តែ នៅពេលដែលអ្នកទទួលទានប្រូតេអ៊ីនលើសលុបពេក តម្រងនោមរបស់អ្នកនឹងធ្វើការលើសពីពេលធម្មតា ដើម្បីបញ្ចេញអាសូតចោលនោះ។ ដំបូងៗ វាមិនផ្តល់ផលប៉ះពាល់អ្វីទេ ប៉ុន្តែយូរៗទៅ អ្នកនឹងប្រឈមនឹងជំងឺខូចតម្រងនោម។

៥. អាចបង្កជាជំងឺមហារីក

នៅពេលដែលអ្នកទទួលទាបជាតិប្រូតេអ៊ីន លើសពីតម្រូវការ វានឹងប្រែក្លាយទៅជាជាតិស្ករ និងជាតិខ្លាញ់។ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចចិញ្ចឹមបាក់តេរី និងផ្សិត (ដូចជា Candida albicans) ដែលអាចបណ្តាលឲ្យកើតមានកោសិកាមហារីកបាន។ វាអាចបង្កជាប្រភេទជំងឺមហារីកជាច្រើនប្រភេទ។ មានតែការកាត់បន្ថយការទទួលទានជាតិប្រូតេអ៊ីនទេ ដែលអាចបន្ថយហានិភ័យជំងឺមហារីកបាន។

៦. មានអារម្មណ៍ថាស្ងួតហួតហែង

អាសូតលើស ដែលបានពីការទទួលទានជាតិប្រូតេអ៊ីនលើសតម្រូវការនោះ មិនត្រឹមតែធ្វើឲ្យតម្រងនោមអ្នកខូចប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ថាក្នុងរាងកាយស្ងូតហួតហែងទៀតផង។ ហេតុផលគឺនៅត្រង់ “អាសូត ក្នុងបរិមាណច្រើន គឺជាជាតិពុល ហេតុនេះ ដើម្បីសុវត្ថិភាព រាងកាយអ្នកខំប្រឹងប្រើប្រាស់ទឹកនិង សារធាតុរាវ ក្នុងខ្លួនរបស់អ្នក មកសម្អាតវាចេញ ទើបបណ្តាលឲ្យអ្នកមានអារម្មណ៍ថាឃ្លានទឹកមិនឈប់”។ ការបង្កើនការទទួលទានទឹក ឲ្យបានច្រើន អាចជួយដោះស្រាយបាន។

៧. ឆាប់ស្លាប់

បើយោងតាមការសិក្សាមួយ ដែលធ្វើការតាមដាន មនុស្សជាង ៧,០០០ នាក់ បានបង្ហាញថា អ្នកដែលទទួលទានរបបអាហារ ដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់ អាចប្រឈមនឹង ការឆ្លាប់ ៦៦% បើប្រៀបទៅនឹង អ្នកដែលទទួលទានជាតិប្រូតេអ៊ីនតិចជាង។ 

៨. អាការៈក្អួតចង្អោរ

នៅពេលដែលអ្នកទទួលទានសាច់ទ្រូងមាន់ ទឹកដោះគោក្រឡុក និងស៊ុតច្រើនពេក នោះអង់ស៊ីម ដែលជួយរំលាយអាហារ ក្នុងក្រពះ មិនអាចចាប់យក ជាតិប្រូតេអ៊ីនបានទាំងអស់ឡើយ។ ករណីនេះហើយ ដែលអាចបណ្តាលឲ្យ ដំណើរការរំលាយអាហារ មិនប្រក្រតី និងធ្វើឲ្យអ្នកចង់ក្អួត។

# ប្រូតេអ៊ីនកម្រិតណា ទើបគ្រប់គ្រាន់ សម្រាប់រាងកាយ?

មនុស្សភាគច្រើន ត្រូវការប្រូតេអ៊ីន ៤០ ទៅ ៧០ ក្រាម ក្នុងមួយថ្ងៃ និងកម្រមានអ្នកត្រូវការ ប្រូតេអ៊ីនលើសពីនេះណាស់ លើកលែងតែ អ្នកដែលធ្វើលំហាត់ប្រាណច្រើន (អត្តពលិក) និងស្ត្រីមានផ្ទៃពោះប៉ុណ្ណោះ ដែលត្រូវការលើសពីមនុស្សធម្មតា ២៥% បន្ថែមទៀត។ កម្រិត ៤០ ទៅ ៧០ ក្រាមនេះ ជាកម្រិតស្តង់ដារ ដែលក្នុងនោះ សម្រាប់បុរសត្រូវការ ៥៦ ក្រាម ក្នុងមួយថ្ងៃ និងស្ត្រី ៤៦ ក្រាមក្នុងមួយថ្ងៃ ប៉ុន្តែក៏មានពាក់ព័ន្ធនឹងទម្ងន់ រាងកាយ និងអាយុផងដែរ។

# ប្រភេទអាហារ ជាមួយនឹងកម្រិតប្រូតេអ៊ីន

• សាច់គោ សាច់ជ្រូក សាច់មាន់ និងអាហារសមុទ្រ មានប្រូតេអ៊ីនជាមធ្យម ៦ ទៅ ៩ ក្រាម រាល់កន្លះគីឡូក្រាម (បរិមាណសមរម្យបំផុត សម្រាប់មនុស្សភាគច្រើនគឺ ទទួលទានសាច់ ឬអាហារសមុទ្រ ច្រើនបំផុត ១ គីឡូកន្លះ ក្នុងមួយថ្ងៃ)

• ស៊ុតមួយគ្រាប់មាន ប្រូតេអ៊ីនប្រមាណពី ៦ ទៅ ៩ ក្រាម

• ពពួកគ្រាប់ធញ្ញជាតិ ផ្ទុកប្រូតេអ៊ីនជាមធ្យមពី ៤ ទៅ ៨ ក្រាម ក្នុង ៤ ស្លាបព្រាបាយ

• សណ្តែកឆ្អិន ជាមធ្យមមានប្រូតេអ៊ីនពី ៧ ទៅ ៨ ក្រាម ក្នុង ៨ ស្លាបព្រាបាយ

• បន្លែភាគច្រើន ផ្ទុកប្រូតេអ៊ីនជាមធ្យមពី ១ ទៅ ២ ក្រាម រាល់កន្លះគីឡូ។

* ត្រូវចងចាំថា គោលដៅរបស់អ្នកគឺ ត្រូវទទួលទានជាតិប្រូតេអ៊ីន ឲ្យបានគ្រប់គ្រាន់ មិនមែនទទួលទានឲ្យលើសពីតម្រូវការទេ! * 

ប្រភព៖ Eat This, Not That! | Mercola.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]