ចិន៖ រូបភាពមួយសន្លឹក ដែលបង្ហាញពីទង្វើមិនគួរគប្បី និងមិនឲ្យតម្លៃដល់អ្នកនៅជុំវិញខ្លួន របស់អ្នកយកព័ត៌មានស្រីម្នាក់ ក្នុងអំឡុងពេលកិច្ចសម្ភាសន៍មួយ ត្រូវបានមហាជន និងអ្នកនិយមលេងអ៊ីនធឺណែត ជាច្រើនលាននាក់ ប្រតិកម្មរិះគន់យ៉ាងខ្លាំង រហូតក្លាយជារឿងដ៏អាម៉ាសចំពោះនាង និងថែមទាំងត្រូវបានព្យួរ ពីការងារថែមទៀតផង។

ប្រភពបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកយកព័ត៌មានប្រចាំ Xiamen TV ក្នុងប្រទេសចិន ត្រូវបានគេថតរូបជាប់ ស្ថិតក្នុងអាកប្បកិរិយា ឬចរិយាមាយាទដ៏ខុសឆ្គងមួយ ក្នុងអំឡុងពេល ជួបសម្ភាសន៍ជាមួយនឹង អ្នកស្ម័គ្រចិត្តម្នាក់ ដែលមានសណ្តានចិត្តល្អ ចុះជួយធ្វើការបោសសម្អាតក្នុងទីក្រុង ក្រោយពីមានការវាយប្រហារ ដោយព្យុះទីហ្វុង Meranti កាលពីប៉ុន្មានថ្ងៃមុន។

ពោលគេឃើញថា អ្នកកាសែតស្រីដែលមិនបញ្ចេញឈ្មោះរូបនេះ បានពាក់វ៉ែនតាពណ៌ខ្មៅធំៗ សម្រាប់ការពារពន្លឺថ្ងៃ រួមជាមួយនឹងកាបូបយួរមួយ ស្រាក់ជាប់នៅនឹងដៃ និងថែមទាំងទទូលឆ័ត្រថែមទៀតផង។ វាពិតជាបង្ហាញពីទង្វើអសីលធម៌មួយ ដែលបានស្តែងចេញមក បញ្ជាក់ពីភាពមិនយកចិត្តទុកដាក់ ឬមើលងាយអ្នកដទៃ និងថែមទាំងខុសឆ្គងក្នុងតួនាទី ជាអ្នកសារព័តមានម្នាក់ផងដែរ ថ្វីត្បិតតែនាងមាន ឬគ្មានចេតនាក៏ដោយ។

ដោយឡែក ចំពោះទស្សនៈយល់ឃើញ របស់អ្នកនិយមលេងបណ្តាញសង្គម ក៏ជឿជាក់ថា សូម្បីតែការរៀបចំខ្លួន ស្លៀកពាក់ របស់អ្នកកាសែតស្រីរូបនេះ (ពាក់អាវវាលក្លៀក) ក៏អាចបានបង្ហាញឲ្យឃើញថា ខ្វះភាពគោរព ចំពោះកម្មករស្ម័គ្រចិត្ត ក៏ដូចជាជនរងគ្រោះ ក្នុងហេតុការណ៍ព្យុះទីហ្វុងនេះផងដែរ។

គួរឲ្យដឹងថា ព្យុះដ៏កាចសាហាវបានវាយប្រហារ បោកបក់មកលើប្រទេសចិន ក្នុងឆ្នាំនេះគឺជាព្យុះទីហ្វុង Meranti ដែលមានបង្កឲ្យបាក់ដីជាច្រើនកន្លែង ខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិអស់មួយចំនួនធំ ហើយថែមទាំងបាន ឆក់យកជីវិតមនុស្សផងដែរ។ ជាពិសេស កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ ក្បែរទីក្រុង Xiamen ប្រទេសចិន ក៏បានទទួលរងការបាក់ដីអស់មួយសន្ធឹក ដោយសារតែព្យុះទីហ្វុង Meranti នេះផងដែរ ជាមូលហេតុធ្វើឲ្យ ប្រជាជនរាប់រយរាប់ពាន់នាក់ក្នុងមូលដ្ឋាន តម្រូវឲ្យជម្លៀសចេញ ដើម្បីរកទីតាំងសុវត្ថិភាព។

ជាមួយគ្នានេះដែរ រឿងរ៉ាវខាងលើនេះ ទំនងជាខាងក្រុមហ៊ុន និងថៅកែកាសែត មានការយល់ឃើញ ដូចទស្សនៈរបស់មហាជនទូទៅ ដែលបានលើកឡើង និងប្រតិកម្មនោះ ស្រាប់តែកាលពីថ្ងៃអង្គារ កន្លងទៅនេះ ខាងក្រុមហ៊ុនសារព័ត៌មាន Xiamen TV ក៏បានចេញជាសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័រសង្គម Weibo ផ្លូវការរបស់ខ្លួនថា អ្នកយកការណ៍ស្រីរូបនេះត្រូវបាន ព្យួរការងាររបស់គាត់ហើយ ដោយសារតែមានការភ្លាំងភ្លាត់ គ្រាពេលធ្វើការសម្ភាសន៍ ឬចាត់ទុកថា «ធ្វើឲ្យខូចរូបភាព ឬឥរិយាបទតួនាទីជាអ្នកកាសែត ដែលវាជាភាពអវិជ្ជមានមួយ ប៉ះពាល់ដល់សង្គមថែមទៀតផង»

ទន្ទឹមនឹងនោះផងដែរ អ្នកនិយមលេងបណ្តាញសង្គម Weibo នៅចិនជាច្រើន មានការសាទរយ៉ាងខ្លាំង និងថែមទាំងឯកភាព លើការដាក់ពិន័យដល់អ្នកកាសែតស្រី ដែលមានអាកប្បកិរិយា ខុសឆ្គងខាងលើនេះផងដែរ។

ខណៈមានខ្លះសរសេរបញ្ចេញមតិថា «សូមជួយអបអរសាទរ ដល់ខាងក្រុមហ៊ុនកាសែតនេះផង! អ្នកកាសែតទាំងអស់ ត្រូវបង្កើនចំណេះដឹង តាមរយៈការសិក្សា ឬឥរិយាបថផ្សេងៗ ដើម្បីបង្ហាញការគោរព អោនលំទោនរបស់ពួកគេ មកកាន់ប្រជាជន»

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ? 

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ហួសចិត្ត! ដោយសារតែរូបថតមួយសន្លឹកនេះ មន្ត្រីក្រសួងអប់រំចិនម្នាក់ ត្រូវបានគេបញ្ឈប់ពីការងារ។ ជារឿងដ៏អាម៉ាស់មួយដែល មន្ត្រីមានមុខតំណែងម្នាក់នៅក្នុងក្រសួងអប់រំ ត្រូវបានបាត់បង់ការងារ ដោយសារតែរូបថតមួយសន្លឹក។

លោក Bao Xuwei ដែលជាភ្នាក់ងារមន្ត្រីក្រសួងអប់រំម្នាក់ ក្នុងខេត្ត Zhejiang ត្រូវបានគេថតរូបជាប់ ខណៈដែលគាត់កំពុងត្រូវបានគេសែងចេញពីភក់ដ៏ជោគជាំ ក្រោយពីរងគ្រោះព្យុះទីហ្វុង កាលពីសប្តាហ៍មុន។ ក្រោយមក រូបថតមួយសន្លឹកនេះ ក៏ត្រូវបានផ្សព្វផ្សាយចេញនៅក្នុងបណ្តាញសង្គម ធ្វើឲ្យ លោក Bao មានការអៀនខ្មាសខ្លាំង រហូតដល់ថ្នាក់ត្រូវបញ្ឈប់ពីមុខតំណែងជាមន្ត្រីក្រសួងអប់រំទៀតផង។

ទន្ទឹមនឹងការបញ្ឈប់មុខតំណែងរបស់ លោក Bao ការិយាល័យអប់រំដែលស្ថិតក្នុងខេត្ត Zhejiang ក៏បានបើកការស៊ើបអង្កេតពីបញ្ហានេះផងដែរ ដើម្បីឲ្យដឹងពីរឿងរ៉ាវជុំវិញរូបថតមួយសន្លឹកនេះ។

លោក Bao បានបញ្ជាក់ពីដើមហេតុថា មូលហេតុដែលលោកត្រូវបានគេសែង ពីព្រោះអំឡុងពេលនោះ លោកទើបតែចេញពីប្រជុំ ហើយត្រូវដើរឆ្លងកាត់ដីសើមទាំងនោះ តែភ្លាមៗ លោកគ្មានស្បែកជើងដើម្បីការពារទឹកជ្រាប ម្លោះហើយទើប ភ្នាក់ងារធានារ៉ាប់រង២នាក់ ក្នុងរូបនេះ សែងលោកចេញ ប៉ុន្តែក្នុងរយៈពេលមួយភ្លែតតែប៉ុណ្ណោះ ។

ក្រោយពីមានបញ្ហានេះបានកើតឡើង ភ្នាក់ងារធានារ៉ាប់រង២រូបនេះ ក៏ចេញមកបកស្រាយការពិតផងដែរ ហើយចំនែកឯអ្នកដែលបានថតរូបមួយសន្លឹកនេះ ក៏បានចេញមុខសុំទោស លោក Bao ទៀតផង ដោយសារគេគិតថារូបមួយនេះ គឺតំណាងឲ្យការជួយគ្នាទៅវិញទៅមក ប៉ុន្តែមិននឹកស្មានថាមានបញ្ហាធំបែបនេះកើតឡើងទេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ករណីនេះស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខណៈដែលលោក ត្រូវបាត់បង់មុខតំណែងជាមន្រ្តីក្រសួងអប់រំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]