អាមេរិក៖ ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ មានឈ្មោះថា Alex រស់នៅក្នុងទីក្រុង Scarsdale រដ្ឋ New York សហរដ្ឋអាមេរិក បានសរសេរសំបុត្រមួយច្បាប់ ផ្ញើទៅកាន់លោកប្រធានាធិបតី អូបាម៉ា ស្នើសុំនាំយកក្មេងប្រុសស៊ីរី ឈ្មោះ Omran មករស់នៅសហរដ្ឋអាមេរិក និងធ្វើជាបងប្អូនរបស់គេ។

គួររំឭកថា Omran Daqneesh គឺជាក្មេងប្រុសស៊ីរីម្នាក់ ដែលបានរងគ្រោះដោយសារការវាយប្រហារមួយ ក្នុងប្រទេសស៊ីរី នាពេលកន្លងទៅ ហើយគេក៏បានបាត់បង់បងប្រុស នៅក្នុងការវាយប្រហារនោះផងដែរ។ ក្មេងប្រុស Omran ត្រូវបានគេស្គាល់តាមរយៈរូបថត ដែលអង្គុយនៅលើរថយន្តសង្គ្រោះ ជាមួយនឹងផ្ទៃមុខពោពេញដោយឈាម ហើយវាបានក្លាយជារូបភាពនៃ និមិត្តសញ្ញាភាពភ័យរន្ធត់ ដែលបំផ្លាញដោយសង្គ្រាម។ 

នៅក្នុងនោះ សេតវិមាន បានបង្ហោះវីដេអូរបស់ Alex ដែលបានអានសំបុត្របស់គេផ្ញើទៅកាន់លោកអូបាម៉ា ដោយមានអ្នកចូលមើលជាង ១៣លានដង ក្នុងរយៈពេលមួយថ្ងៃ។ នៅក្នុងខ្លឹមសារសំបុត្រនោះ Alex ចង់ឲ្យ Omran មករស់នៅជាមួយក្រុមគ្រួសាររបស់គេ ហើយគេនឹងក្លាយជាបងប្អូនរបស់ Alex ។ លើសពីនេះទៅទៀត Alex បាននិយាយថា ប្អូនស្រីរបស់គេនឹងប្រមូល របស់លេងផ្សេងទៀតឲ្យ Omran ទៀតផង។

លិខិតរបស់ Alex បានធ្វើឲ្យលោកអូបាម៉ា រំជួលចិត្តជាខ្លាំង ហើយលោកបានថ្លែងតាមរយៈគណនីហ្វេសប៊ុកផ្លូវការ របស់លោកថា “ទាំងនេះគឺជាពាក្យសម្តីរបស់របស់ក្មេងប្រុស អាយុ៦ឆ្នាំម្នាក់ ដែលមិនទាន់បានរៀនសូត្រ ពីភាពខ្មាសអៀន សង្ស័យ ឬភ័យខ្លាច ចំពោះអ្នកដទៃ ហើយយើងទាំងអស់គ្នាគួរតែធ្វើដូចជា Alex”។ 

លោកអូបាម៉ា ក៏បានលើកយកសំបុត្ររបស់ Alex មកនិយាយក្នុងសន្ទរកថារបស់លោក នៅក្នុងអង្គការសហប្រជាជាតិ ស្តីពីការ ដោះស្រាយវិបត្តិជនភៀសខ្លួនអន្តរជាតិ ហើយលោកបានកោតសរសើរ Alex និងនិយាយថា រូបគេបានបង្រៀនយើងច្រើនណាស់ ក្មេងតូចម្នាក់អាចឆ្លុះបញ្ចាំងពីមនុស្សជាតិ ហើយយើងទាំងអស់គ្នាអាចរៀនពី Alex ៕

ខាងក្រោមនេះជាខ្លឹមសារសំបុត្ររបស់ Alex ៖ 

ប្រភព៖ Foxnews

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីខែសីហាកន្លងទៅនេះ រូបភាពរបស់ក្មេងប្រុសខាងលើ Omran Daqneesh ដែលជាជមរងគ្រោះក្នុងហេតុការណ៍សង្រ្គាម ហើយបានធ្វើឲ្យមហាជនទូទាំងពិភពលោក មានការសោកសៅ និងសម្រក់ទឹកភ្នែក នៅពេលដែលរូបថតប៉ុន្មានសន្លឹក របស់ក្មេងប្រុសរូបនេះ ត្រូវបានផ្សព្វផ្សាយរួចមក និងសូម្បីតែអ្នកអត្ថាធិប្បាយបុស្តិ៍ព័ត៌មាន CNN ក៏និយាយទាំងអួលដើមកផងដែរ។

អ្នកអត្ថាធិប្បាយប៉ុស្តិ៍ទូរទស្សន៍ CNN ត្រូវបានគេស្គាល់ឈ្មោះថា Kate Bolduan ។ នាងបានអត្ថាធិប្បាយទាំងអួលដើមក នៅពេលដែលឃើញរូបភាពក្មេងប្រុសដ៏គួរឲ្យអាណិតអាសូរនោះ ដោយពោលពាក្យសឹងតែមិនចេញថា «នេះគឺជា Omran , គេនៅរស់ ហើយនេះគឺជារឿងដែលអ្នកគ្រប់គ្នាគួរដឹង» ។

គួររំលឹកផងដែរថា ក្មេងប្រុសដ៏គួរឲ្យអាណិតនោះ មានឈ្មោះថា Omran Daqneesh។ រូបភាពក្មេងប្រុសដែលអង្គុយនៅក្នុងឡានពេទ្យ ដែលប្រឡាក់ដោយធូលី និងឈាមនៅលើដងខ្លួននេះ បានធ្វើឲ្យមហាជនទូទាំងពិភពលោក បានសម្តែងចេញនូវអារម្មណ៍អាណិតអាសូរ ដោយសារតែសង្រ្គាមដ៏ព្រៃផ្សៃ បានកើតឡើងនៅក្នុងប្រទេសស៊ីរីុ។

យោងតាមប្រភពបានឲ្យដឹងថា ក្មេងប្រុសរូបនេះ និងក្រុមគ្រួសាររបស់គេ ត្រូវបានរងគ្រោះដោយសារយន្តហោះទម្លាក់គ្រាប់បែក កាលពីថ្ងៃពុធកន្លងទៅ ធ្វើឲ្យផ្ទះសំបែងជាច្រើនត្រូវខូចខាតខ្ទេចគ្មានសល់ ប៉ុន្តែជាសំណាង ក្រុមគ្រួសាររបស់ Omran មិនមាននរណាម្នាក់ រងរបួសដល់អាយុជីវិតនោះទេ។

បើយោងតាមប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា សង្គ្រាមនេះកើតឡើងដោយសារការទម្លាក់គ្រាប់បែកពីប្រទេសរុស្ស៊ី ហើយក្នុងសង្រ្គាមនេះដែរ បានធ្វើឲ្យមនុស្សជាច្រើននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ក្នុងនោះមានកុមារប្រមាណ ៤,៥០០ នាក់ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]