រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ពី​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្ងៃ​ទី​២៣ កញ្ញា បានឱ្យ​ដឹង​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម បាន​ផ្តល់​ព័ត៌មាន​ថា ពលរដ្ឋ​ខ្មែរ​២៦​នាក់​(​ប្រុស​១១​នាក់ ស្រី្ត​១៥​នាក់​) ក្នុង​នោះ​មនុស្ស​ចាស់​៧​នាក់ និង​កុមារ​១៩​នាក់ ដែល​ចូល​ទៅ​សុំទាន​និង​លក់​ឆ្នោត​ខុសច្បាប់​ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ឃាត់ខ្លួន ប្រមូលផ្តុំ និង​ផ្គត់ផ្គង់​អាហារ​នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ​សង្គមកិច្ច​ទីក្រុង​ហូ​ជី​មិ​ញ ។ ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនោះ ២៤​នាក់ មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង ម្នា​ក់់មក​ពី​ខេត្តកណ្តាល និង​ម្នាក់​ទៀត​មក​ពី​ខេត្តកំពង់ស្ពឺ ។

មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល បាន​សួរសុខទុក្ខ​ពលរដ្ឋ​ខ្មែរ​ទាំង​២៦​នាក់ ហើយ​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច​ទីក្រុង​ហូ​ជី​មិ​ញ និង​មន្ទីរ​សង្គមកិច្ច​ខេត្តស្វាយរៀង គ្រោង​ធ្វើ​មាតុភូមិនិវត្តន៍​ពួក​គេ​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១៦ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ​-​បា​វិត ដើម្បី​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​ខេត្តស្វាយរៀង ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៦​នេះ មាន​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ប្រកប​របរ​សុំទាន និង​លក់​ឆ្នោត​ខុសច្បាប់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ឃាត់ខ្លួន សរុប​ចំនួន​១៦៨​នាក់ (​គិត​ទាំង​លើក​នេះ​ផង​) ។

ចំណែក​នៅ​ប្រទេស​ថៃ​វិញ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​រាយការណ៍​ជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ពី​ការ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ករណី​ពលករ​ខ្មែរ​១៩​នាក់ ត្រូវ​ចាប់​ឃុំខ្លួន​នៅ​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ (Narathiwat) កាលពី​ថ្ងៃ​ទី​៧ មិថុនា ២០១៦ ពី​បទ​ចូល​មក​ប្រទេស​ថៃ និង​ធ្វើការ​ខុសច្បាប់ ។

-​ក្រោយ​ពី​មាន​អន្តរាគមន៍​ពី​ស្ថានទូត​ឲ្យ​ដោះ​លែង​ពលករ​ទាំងនេះ ដោយសារ​ពួក​គាត់​ជា​ជន​រង​គ្រោះ​ចាញ់បោក​មេខ្យល់ ពលករ​១៨​នាក់ ក្នុង​ចំណោម​ពលករ​ខាងលើ ត្រូវ​បាន​ផ្ទេរ​ទៅ​មន្ទីរ​ថែរក្សា​ជន​រង​គ្រោះ​ពី​ការ​ជួញដូរ​មនុស្ស ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ ។

ដោយឡែក​កាលពី​ថ្ងៃ​ទី​២០ កញ្ញា ២០១៦ ស្ថានទូត​បាន​ចាត់​លោក ជៀម ឡា​ម៉ា​ទី​ន ទីប្រឹក្សា​ពលករ​ទៅ​ជួប​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក Sanit Mahathavorn ស្នងការ​ស្តីទី​ប៉ូលិស​ក្រុង​បាងកក ដែល​ជា​អ្នក​ទទួលខុសត្រូវ​ចាត់វិធានការ​លើ​ករណី​ជួញដូរ​មនុស្ស​ខាងលើ​នេះ ដើម្បី​ស្នើ​សុំ​ជំរុញ​ដំណើរការ​កាត់​កី្ត​ឲ្យ​ជន​រង​គ្រោះ​ឆាប់​បាន​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន កម្មករខ្មែរចំនួន៦នាក់ ត្រូវបានកម្លាំងយោធាថៃ សហការជាមួយនឹង ក្រុមតម្រួតថៃតាមប្រមាញ់ នឹងឃាត់ខ្លួនបាន ខណៈដែលពួកគេ កំពុងជិះក្នុងរថយន្ត ដែលដឹកឈើក្រញូង បម្រុងលោតឆ័ត្រមកកាន់ ព្រំដែនកម្ពុជានាខេត្តស្រះកែវ។

យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃ ដែលបានប្រាប់យោធាខ្មែរ បានឲ្យដឹងថា នៅវេលាម៉ោង៣ រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ អង្គភាពរបស់ស្ថានីយ៍តម្រួតថៃប្រចាំខេត្ត ប្រាជីនបុរី បានទទួលព័ត៌មានមួយពី សំណាក់ទាហានជួរមុខតាមបន្ទាត់ព្រំដែន ស្តីពីការដឹកឈើក្រញូងរបស់រថយន្ត ចំនួន ៣គ្រឿង ដែលកំពុងបើកបរតាមបណ្តោយ ផ្លូវសុវណ្ណាខន ឆ្ពោះទៅកាន់ខេត្តស្រះកែវ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងបានបោះដៃ ទាក់ទង ទៅកាន់ស្ថានីយ៍តម្រួតខ្លងមី ប្រចាំស្រុកមឿង ខេត្តស្រះកែវ ដើម្បីដាក់បារ៉ាស់ស្កាត់ មិនអោយរថយន្តនេះគេចបាន ព្រមទាំងបានផ្តល់សញ្ញា អោយរថយន្តទាំង ៣គ្រឿងនេះ ឈប់ដើម្បីធ្វើការត្រួតពិនិត្យ នៅត្រង់ចំណុចខាងមុខ មន្ទីរពេទ្យវឌ្ឍនាណាក់ខន ។  

ផ្ទុយទៅវិញ គឺមានរថយន្តមួយគ្រឿង ក្នុងចំណោមរថយន្តទាំង ៣គ្រឿងនោះ ម៉ាក Vigo ពណ៌ខ្មៅ ពាក់ស្លាកលេខ បាងកក ៧៣៦៩ បានបើករត់ដោយបានបំពាន ទៅលើបារ៉ាស់ ដែលក្រុមតម្រួតដាក់កាត់ផ្លូវ ធ្វើអោយកង់រថយន្តត្រូវបែកមិនអាចបើកបរទៅមុខទៀតបាន ទើបអ្នកបើកបរដ៏វ័យក្មេង និងទើបតែមានអាយុ ១៨ឆ្នាំ បានបើកទ្វារអោយកម្មករខ្មែរចំនួន៦នាក់ ដែលជិះនៅក្នុងរថយន្ត រត់គេចខ្លួនតែមិនអាចគេខផុតបានទេ គឺត្រូវសមត្ថកិច្ចឃាត់ខ្លួន បានទាំងអស់លើកលែងតែ អ្នកបើកបររថយន្តចំនួន ពីរគ្រឿងដែលឈប់ សំចតត្រឹមត្រូវនោះ បានរត់គេចខ្លួន បាត់ស្រមោល ។

ក្រោយពេលបញ្ចប់កិច្ចប្រតិបត្តិការ ក្រុមតម្រួតបានយកត្រាក់ទ័រ មកអូសយករថយន្ត ដែលបែកកង់ទៅកាន់ស្ថានីយ៍ តម្រួតខេត្តស្រះកែវ ព្រមទាំងបានពិនិត្យឃើញថា រថយន្ត ទាំងនេះមានផ្ទុកឈើគ្រញូង សរុបមានចំនួន ៣៣ កំណាត់ ដោយអ្នកបើកបរវ័យក្មេង រូបនោះបានសារភាពថា ការដឹកឈើគ្រញូងនេះគឺខ្លួនគ្រាន់តែជាអ្នកសុីឈ្នួលបើករថយន្ត អោយថៅកែធំ ដែលជាឈ្មួញឈើតែប៉ុណ្ណោះ គឺបានទទួលកម្រៃក្នុងមួយជើង ១មុឺនបាត ចំណែកកម្មករខ្មែរទាំង៦នាក់ ក៏ជាអ្នកសុីឈ្នួលចូលទៅក្នុង តំបន់ហាមឃាត់ដើម្បីកាប់ឈើ ក្រញូងនោះដែរ ដើម្បីទទួលបានប្រាក់ បន្តិចបន្ទួចគ្រាន់ចិញ្ចឹមជីវិត។

បច្ចុប្បន្នកម្មករខ្មែរទាំង ៦នាក់ ត្រូវបានក្រុមតម្រួតថៃ ប្រគល់ទៅអោយជំនាញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]