ខេត្តព្រៃវែង ៖ ថ្មី​ៗ​នេះ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ នៅ​ស្រុក​ពាម​រក៍ បាន​បង្ហាញ​នៅ​ការ​ភ្ញាក់ផ្អើល និង​ងឿងឆ្ងល់​ជា​ខ្លាំង ដោយសារ​បានឃើញ​ជនជាតិ​វៀតណាម​មួយ​ក្រុម កំពុង​ដើរ​បោះបង្គោល​ថ្ម​ធ្វើ​ពី​បេតុង​នៅ​តាម​ទី​សាធារណៈ​ដូច​ជា​ក្បែរ​ដងផ្លូវ ក្នុង​សាលារៀន និង​តាម​វត្ត​អារាម​ជាដើម ដោយ​មិនដឹង​ថា​គេ​បោះបង្គោល​នោះ​ក្នុង​ចេតនា​អ្វី​នោះ​ទេ​។

ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ បាន​ចូល​ទៅ​បោះបង្គោល​នៅ​ក្បែរ​ចេ​តី​យ​ មួយ​កន្លែង​ក្នុង​វត្ត​បា​បោង​លើ ក្រោយ​ពេល​បោះ​រួច​ហើយ​ក៏​ត្រូវ​ម្ចាស់ ចេ​តី​យ​វាយ​កំទេច​ចោល​វិញ ដោយ​អះអាង​ថា ធ្វើ​អោយ​ប៉ះពាល់​ចេ​តី​យ និង​ខូច​ហុងស៊ុយ​របស់​គេ​។ ជុំវិញ​ការ​ចុះ​បោះបង្គោល​នេះ កុំ​ថា​ឡើយ​តែ​ប្រជាពលរដ្ឋ សូ​ម្បី​តែ​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន​រួម​ទាំង​មន្ត្រី​ជំនាញ​ សុរិយោដី​ផង​នោះ ក៏​មិន​បានដឹង​រឿង​ច្បាស់​នោះ​ដែរ ហេតុនេះ​ហើយ​ទើប មិន​បាន​ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​ប្រជាពលរដ្ឋ ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល រហូត​ដល់​មាន​អ្នកខ្លះ​យក​ទៅ​និយាយ​ថា វៀតណាម​ចូល​មក​បោះបង្គោល​ យក​ដី​នៅ​កណ្តាល​ស្រុក​ថែម​ទៀត​ផង​។

លោក ភុ​ន ស​ម្ភ​ស្ស អភិបាលស្រុក​ពាមរ​ក៍បាន​ឲ្យ​ដឹង​ថា ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ មាន​គ្នា​ប៉ុន្មាន​នាក់ ហើយ​គេ​មាន​គម្រោង​ចុះ​បោះបង្គោល​នៅ​ទីតាំង​ណាខ្លះ ចំនួន​ប៉ុន្មាន លោក​មិន​បានដឹង​នោះ​ទេ ព្រោះ​គេ​មិន​បាន​ហៅ​ឲ្យ​ចូលរួម​ជាមួយ​។ ប៉ុន្តែ​លោក​ទទួល​បាន​លិខិត មួយ​ពី​សាលាខេត្ត​ព្រៃវែង ដែល​បញ្ជាក់​ថា​ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ គេ​ចុះ​បោះបង្គោល​កំណត់​រយៈកម្ពស់ តែ​ត្រង់​ថា​រយៈកម្ពស់​អ្វី​នោះ​លោក​មិនដឹង​នោះ​ទេ​។

ចំណែក​លោក អេ​ង ផេង​អាន ប្រធាន​មន្ទីរ​សុរិយោដី​ខេ​ត្ព​ព្រៃវែង​បាន​ឲ្យ​ដឹង​ថា រឿង​គេ​ចុះ​បោះបង្គោល​នោះ​លោក​បានដឹង​ដែរ ព្រោះ​លោក​ក៏​បាន​ទទួល​លិខិត​ពី​សាលាខេត្ត​ដែរ ដោយ​ក្នុង​លិខិត​នោះ​គេ​បាន​បញ្ជាក់​ថា ជា​ក្រុមបច្ចេកទេស​ចុះ​មក​បោះបង្គោល​កំណត់​រយៈកម្ពស់ តែ​ត្រង់​ថា​រយៈកំពស់​នោះ​គឺជា​អ្វី​លោក​មិន​បានដឹង ហើយ​ក៏​មិន​យល់​នោះ​ដែរ ព្រោះ​មិន​បាន​ចូលរួម​ជាមួយ​គេ​។ រីឯ​លោក អ៊ុយ សា​គុន នាយក​រដ្ឋបាល​សាលាខេត្ត​ព្រៃវែង ក៏​អះអាង​ថា​មិន​បានដឹង​ដូច​គ្នា​ដែរ ដោយ​ខាង​សាលាខេត្ត​គ្រាន់តែ​ទទួល​បាន​លិខិត​មួយ ពី​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ ដែល​ផ្ញើ​ជូន​អភិបាលខេត្ត​ស្នើ​សុំ​កិច្ចសហការ​ក្នុង​ការ​អនុវត្ត​គម្រោងការ​ស្តារ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​រយៈកម្ពស់​នៅ​កម្ពុជា​។

ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង គេ​ធ្វើ​នៅ​តំបន់​ណា ពេល​ណា អ្នក​ណា​ជា​អ្នក​បោះបង្គោល​ត្រូវ​បោះ​មាន​ចំនួន​ប៉ុន្មាន ហើយ​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ពី​ការ​បោះបង្គោល​នេះ ខាង​ខេត្ត​មិន​បានដឹង​នោះ​ទេ​។ ជុំវិញ​ការ​បោះបង្គោល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​ខេត្តព្រៃវែង​នេះ ត្រូវ​បាន​លោក ណុ​ប ណា​រិ​ន អនុប្រធាន​នាយកដ្ឋាន​ភូមិសាស្ត្រ ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា ការ​ចុះ​បោះបង្គោល​នេះ មិនមែន​វៀតណាម​គេ​មក​បោះ​នៅ​កណ្តាល​ស្រុក​ដើម្បី​យក​ដី ដូចដែល​អ្នកស្រុក​ខ្លះ​យល់​ច្រឡំ​នោះ​ទេ។

ប៉ុន្តែ​វា​ជា​ការ​អនុវត្ត​គម្រោង ការ​ស្តារ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​រយៈកម្ពស់​នៅ​កម្ពុជា ដែល​គម្រោង​នេះ​ស្ថិត​នៅ​ក្រោម​ជំនួយ​ឥត​សំណង​របស់​ប្រទេស​វៀតណាម ក្នុង​រង្វង់​ទឹកប្រាក់​ជិត ១០​លាន​ដុល្លារ ដោយ​អ្នក​អនុវត្ត​ចុះ​បោះបង្គោល​នេះ​មាន​ចំនួន​៥​ក្រុម និង​ចុះ​បោះ​នៅ​គ្រប់​ខេត្ត​ទាំងអស់​ទូ​ទាំង​ប្រទេស​តែ​ម្តង​។ លោក ណុ​ប ណា​រិ​ន បាន​បន្ត​ទៀត​ថា គម្រោង​នេះ​វៀតណាម​គេ​ផ្តល់​ថវិកា ព្រមទាំង​អ្នកបច្ចេកទេស​របស់​គេ​ឲ្យ​ចុះ​មក​ធ្វើ​ផ្ទាល់​តែ​ម្តង ចំណែក​ខ្មែរ​យើង​រង់​ចាំតែ​ទទួលយក​ប៉ុណ្ណោះ​។

ប៉ុន្តែ​ក្នុង​ពេល​ចុះ​បោះបង្គោល​ផ្ទាល់​នោះ ក៏​មាន​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​ចុះ​ទៅ​ជាមួយ​ដែរ ដោយ​គម្រោង​នេះ​បាន​ចាប់​អនុវត្ត​តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ តែ​មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ ទើបតែ​មក​ដល់​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​នេះ​ស្រាប់តែ​មាន​បញ្ហា​កើតឡើង ដោយសារ​តែ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​។

ហើយ​ដោយសារ​បញ្ហា​នេះ​ដែរ​ពេល​នេះ​លោក​បាន​ហៅ អ្នក​ចុះ​បោះបង្គោល​ទាំង​៥​ក្រុម​នោះ ឲ្យ​ត្រឡប់​ទៅ​ក្រសួង​វិញ​ហើយ ដើម្បី​រៀបចំ​ផែនការ​កំណត់​ទីតាំង​ភូមិសាស្ត្រ​ត្រូវ​ចុះ​បោះបង្គោល​ឲ្យ​បាន​ច្បាស់ និង​ធ្វើ​ផែនការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយ​សិន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់ ចៀសវាង​ការ​យល់​ខុស​តទៅ​ទៀត​។ លោក ណុ​ប ណា​រិ​ន បាន​បញ្ជាក់​ថា សម្រាប់​បង្គោល​កំណត់​រយៈកម្ពស់​នេះ នៅ​កម្ពុជា​យើង​បាន​បោះ​ម្តង​រួច​មក​ហើយ កាលពី​សម័យ​សង្គមរាស្ត្រនិយម ប៉ុន្តែ​ក្រោយមក​ដោយសារ​តែ​ភ្លើងសង្គ្រាម បាន​បំផ្លាញ​បង្គោល​ទាំងនោះ​ឲ្យ​ខូច​ខ្ទេចខ្ទី​អស់​ទៅ​ហើយ​។

ទើប​ពេល​នេះ​ក្រសួង​បាន​រៀបចំ​បោះបង្គោល​កំណត់​រយៈកម្ពស់​នេះ​សារ​ជា​ថ្មី គឺ​បោះ​ដើម្បី​វាស់កម្ពស់​ដី​នៅ​តាម​ទីតាំង​នីមួយ​ៗ ដោយ​ធៀប​ទៅ​នឹង​ទឹកសមុទ្រ​។ ចំណែក​សារៈ​ប្រយោជន៍​របស់​វា គឺ​អាច​ឲ្យ​យើង​ដឹង​ថា ទីតាំង​តំបន់​ណា​ខ្ពស់ តំបន់​ណា​ទាប ដូច្នេះ​វា​ងាយស្រួល​សម្រាប់​ការ​សាងសង់ ប្រ​ព​ន្ធ័​ធារាសាស្ត្រ ក៏​ដូច​ជា​សំណង់​ផ្សេង​ៗ​ដោយ​មិន​ព្រួយ​បារ​ម្ម​ណ៍​ពី​រឿង​ទឹកជំនន់​ជន់​លិច​ជាដើម ជា​ពិសេស​នៅ​ពេល​ខាង​មុខ​យើង​ក៏​អាច​យក​បង្គោល​រយៈកម្ពស់​នេះ ធ្វើ​ជា​គោល​សម្រាប់​ការ​វាស់វែង​ធ្វើ​ប្លង់​ដីធ្លី​តាម​រយៈ GPS ផង​ដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]