ការងារស្ម័គ្រចិត្ត ជាប្រភេទការងារម្យ៉ាង ដែលរួមចំនែកក្នុងការបំរើ និងបំពេញកិច្ចការអ្វីមួយ ជាក្រុម ឬបុគ្គល ប៉ុន្តែមិនមានប្រាក់ចំណេញ ឬចំនូលនោះទេ។ ការងារប្រភេទនេះ សម្បូរណាស់នៅតាមស្ថាប័ន ឬអង្គការនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យមនុស្សជាពិសេសយុវវ័យ ក៏ដូចជានិស្សិតមានឱកាសស្វែងយល់ផ្ទាល់ពីការងារប្រភេទនេះ ដើម្បីជាផលប្រយោជន៍របស់ពួកគេនៅថ្ងៃអនាគត ។

បើយើងនិយាយពី កាងារស្ម័គ្រចិត្ត គឺមានច្រើនប្រភេទណាស់ នៅក្នុងសង្គមយើងនេះ ចំនែកឯអ្នកដែលបំរើ ក៏ដូចជាកំពុងធ្វើការងារស្ម័គ្រចិត្តនេះ ភាគច្រើនសុទ្ធសឹងតែជាយុវជន សិស្ស និស្សិតនៅតាមសាលានានា ដែលពួកគេជាអ្នកជ្រើសរើសនូវប្រភេទការងារនេះ ទៅតាមចំណង់ចំនូលចិត្តរបស់ពួកគេ ប៉ុន្តែសួរថា តើពួកគេសុខចិត្តបំរើការងារស្ម័គ្រចិត្តនេះធ្វើអ្វី បើមិនមានកំរៃ ឬចំនូលផងហ្នឹង?

ដូច្នេះហើយទើបថ្ងៃនេះ Khmerload បានលើកនូវប្រធានបទមួយទាក់ទង នឹងការងារស្ម័គ្រចិត្ត ដើម្បីចង់ដឹងថា ក្រុមយុវជន ដែលធ្លាប់ ឬក៏កំពុងបំរើការងារស្ម័គ្រចិត្តនេះ ទទួលបានផលប្រយោជន៍អ្វីខ្លះសម្រាប់ពួកគេ? តើអ្វីដែលជំរុញឲ្យពួកគេធ្វើការងារស្ម័គ្រចិត្ត និងពួកគេរំពឹងអ្វីខ្លះពីការងារនេះ? 

ដើម្បីចង់ដឹងឲ្យកាន់តែច្បាស់ ថ្ងៃនេះ និស្សិតស្រីមួយរូប ដែលមានឈ្មោះថា «ចរិយា» បានស្ម័គ្រចិត្ត និងរីករាយចែករំលែក និងរៀបរាប់នូវបទពិសោធន៍ខ្លះៗអំពីការងារស្ម័គ្រចិត្តនេះ ។ ចរិយា គឺជានិស្សិតដែលកំពុងសិក្សាថ្នាក់សាកលវិទ្យាល័យ ២មុខជំនាញ ទីមួយជានិស្សិតផ្នែកអក្សសាស្រ្តអង់គ្លេស និងមួយទៀតផ្នែកហិរញ្ញវត្ថុ និងធនាគារ ហើយពិសេសទៀតនោះ កញ្ញា ជាអ្នកស្ម័គ្រចិត្តមួយរូប នៅអង្គភាពមួយកន្លែង ។ កញ្ញា បានប្រាប់ Khmerload ថា «ដំបូងឡើយ ខ្ញុំចូលរួមការងារស្ម័គ្រចិត្តនេះ តាមមិត្តភក្ដិរបស់ខ្ញុំ ហើយមូលហេតុដែលខ្ញុំសម្រេចចិត្តទៅ Volunteer នោះ ដោយសារតែខ្ញុំគិតថា ការងារស្ម័គ្រចិត្តនេះ ប្រហែលជាសប្បាយ ណាមួយការងារស្ម័គ្រចិត្តនេះ វាក៏អាចជួយយើងដឹងពីតថភាពសង្គមច្រើនផងដែរ ហើយក៏ចង់ដឹងដែរ ថាការងារស្ម័គ្រចិត្តនេះ គេធ្វើអ្វីខ្លះ ចង់ដឹង និង ចង់ស្គាល់ ហើយមួយវិញទៀត ខ្ញុំគិតថាវាក៏ជួយបន្ធូរភាពតានតឹងពី ការសិក្សាផងដែរ ពីព្រោះ ខ្ញុំគិតថាការងារស្ម័គ្រចិត្តនេះ វាប្រាកដជានាំមកនូវការសប្បាយ មកដល់យើងហើយ ជាពិសេសជាមួយមិត្តក្នុងក្រុមតែម្តង »

គួរបញ្ជាក់ផងដែរថា កញ្ញា បានក្លាយជាសមាជិក នៅក្នុងអង្គភាព អស់រយៈ ១ឆ្នាំកន្លះ ជិត២ឆ្នាំហើយ និងសព្វថ្ងៃកញ្ញាក៏មានមុខតំណែងមួយនៅក្នុងអង្គភាពនេះដែរ ។ កញ្ញាបានរៀបរាប់ប្រាប់ Khmerload បន្ថែមទៀតថា «ការងារស្ម័គ្រចិត្ដប្រភេទនេះ បានផ្តល់អត្ថប្រយោជន៍ច្រើនណាស់ ដូចជា ស្គាល់ការងារ ស្គាល់មនុស្សច្រើន ស្គាល់សង្គមខាងក្រៅ ទទួលបានព័ត៌មានល្អៗពីក្រុម ចេះអភិវឌ្ឍន៍ខ្លួនឯង និងផ្តល់ឱកាសជាច្រើនសម្រាប់អនាគតរបស់យើង នៅថ្ងៃខាងមុខទៀតផង» ។   

ថ្វីត្បិតកាងារនេះ មិនទទួលបានចំនូលក៏ពិតមែនក្តី ក៏កញ្ញានៅតែបន្តចូលរួមការងារប្រភេទនេះមិនឈប់ដែរ ពីព្រោះ វាបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចដែលបានរៀបរាប់ខាងលើ មិនថែមតែប៉ុណ្ណោះ កញ្ញាបានទទួលនូវភាព ជំរុញទឹកចិត្តក្នុងក្រុមទៀតផង ទើបធ្វើឲ្យកញ្ញាសប្បាយចិត្តនឹងធ្វើវា។

អត្ថប្រយោជន៍ពីការងារស្ម័គ្រចិត្តទាំងនេះ បានធ្វើឲ្យកញ្ញាមានការផ្លាស់ប្តូរ ក៏ដូចជាការវិវឌ្ឍន៍ខ្លួនជាច្រើន ដោយកញ្ញាផ្ទាល់បានបញ្ជាក់ប្រាប់ថា « ការងារ Volunteer ឬក៏ការងារស្ម័គ្រចិត្តនេះ បានធ្វើឲ្យខ្ញុំចេះមានទំនួលខុសត្រូវជាងមុន ជាពិសេសចំពោះការងារក្នុងក្រុមតែម្តង និងមួយវិញទៀត ការងារស្ម័គ្រចិត្តនេះ កាន់តែធ្វើឲ្យខ្ញុំមើលឃើញខ្លួនឯងថា ខ្ញុំមានសេរីភាព ឯករាជ្យ និងភាពក្លាហានជាងមុន ពីព្រោះការងារនេះបានបង្រៀនយើង ឲ្យមានទំនុកចិត្តលើខ្លួនឯង និងជាពិសេសធ្វើឲ្យគេ មានការជឿជាក់លើយើងជាងមុន។ និយាយរួមខ្ញុំបានរៀនច្រើនណាស់ពីវា ហើយក៏គិតខ្លួនថាឯងប្លែកជាងមុនដែរ បន្ទាប់ពីបានចូល Volunteer នេះ»

ជាចុងក្រោយ កញ្ញា មានពាក្យផ្តែផ្តាំមួយចំនួន ទាក់ទងនឹងការងារស្ម័គ្រចិត្តនេះថា «សម្រាប់ប្អូនៗយុវសិស្ស ជាពិសេសអ្នកទើបតែចប់ទី១២ បើសិនជាអាចគួរណា សាកល្បងចូលរួមការងារស្ម័គ្រចិត្តនេះ មិនថានៅទីណាទេ កុំព្យាយាមឃុំខ្លួនឯងឲ្យទំនេរនៅផ្ទះ ប៉ុន្តែបើសិន ពួកគេមានទំនាក់ទំនងខាងក្រៅល្អហើយ នេះក៏ជាការល្អដែរសម្រាប់ឲ្យយើងស្គាល់ពីទិដ្ឋភាពខាងក្រៅ» ។  

ក្រឡេមកមើលយុវជនម្នាក់ទៀត ដែលជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានភាសាបរទេស (IFL) មានឈ្មោះថា «និស្ស័យ» ។ និស្ស័យបានប្រាប់មកកាន់ Khmerload ថា «ខ្ញុំបានចាប់ផ្តើមចាប់អារម្មណ៍ធ្វើការងារ Volunteer នេះតាំងពីខ្ញុំទើបតែចូលរៀនសាកលឆ្នាំទី១មកម្ល៉េះ។ ចំពោះការងារដែលខ្ញុំស្ម័គ្រចិត្ត វិញគឺមានច្រើនប្រភេទណាស់ ដូចជា ចុះ Volunteer តាម Events ផ្សេងៗ ធ្លាប់ធ្វើជាគ្រូបង្រៀនក្មេងៗ តាមសាលាបឋមសិក្សា និងមានច្រើនទៀត»។ និស្ស័យ បានបន្ថែមទៀតថា «ថ្វីត្បិតការងារគ្មានប្រាក់ចំនូលក៏ពិតមែន ហត់ក៏ពិតមែន ប៉ុន្តែខ្ញុំសប្បាយចិត្តនឹងធ្វើវា ពីព្រោះ ការងារទាំងអស់នេះ បានផ្តល់អត្ថប្រយោជន៍ឲ្យខ្ញុំដូចជា មិត្តភាព ការស្គាល់មនុស្សថ្មីជុំវិញខ្លួន រួមផ្សំជាមួយនឹងការផ្សាភ្ជាប់ទំនាក់ទំនង ហើយអ្វីដែលពិសេសនោះ គឺបទពិសោធន៍សម្រាប់ប្រើប្រាស់នៅថ្ងៃខាងមុខ»

ដូចដែលបានរៀបរាប់ខាងលើ និស្ស័យ បានប្រឡូកក្នុងការងារស្ម័គ្រចិត្តនេះតាំងពីឆ្នាំទី១ មកទល់ឥឡូវនេះ ពីព្រោះគាត់គិតថា អត្ថប្រយោជន៍ដែលទទួលបានពីវា អាចនឹងមានសមិទ្ធផលធំ សម្រាប់អាជីពការងារ ដែលគាត់ប៉ងប្រាថ្នានៅថ្ងៃអនាគត ដោយគាត់បានថ្លែងប្រាប់ Khmerload បន្ថែមទៀតថា «ការងារដែលខ្ញុំប៉ងនៅថ្ងៃអនាគតនោះ គឺទាមទារឲ្យយើងចេះចូលរួមការងារសង្គមឲ្យបានច្រើន ដូច្នេះហើយទើបធ្វើឲ្យខ្ញុំសម្រេចចិត្ត Volunteer ហើយមួយវិញទៀតវាក៏ជាផលប្រយោជន៍សម្រាប់យើងដែរ នៅពេលដែលយើងចង់សិក្សា អាហាររូបករណ៍នៅប្រទេសក្រៅ» ។ 

ទាំងនេះអាចបញ្ជាក់ថា ការចូលរួម ការងារស្ម័គ្រចិត្ត ពិតជាមានផលប្រយោជន៍ច្រើនណាស់សម្រាប់មនុស្សម្នាក់ៗ ជាពិសេសយុវវ័យតែម្តង។ ដូចដែលបានរៀបរាប់យ៉ាងក្បោះក្បាយ ពីយុវវ័យ២រូបខាងលើ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា ការងារស្ម័គ្រចិត្ត ថ្វីត្បិតតែគ្មានប្រាក់ចំនូលពិតមែន ប៉ុន្តែមានគុណសម្បត្តិច្រើនដែលទទួលបានពីការងារនេះ។ ដូច្នេះ កុំឲ្យរំលងនូវឱកាសណាមួយឲ្យសោះ ក្នុងនាមជាយុវជនទំពាំងស្នងឬស្សី គួរណាចាំបាច់ត្រូវធ្វើអ្វីដើម្បីខ្លួនឯង សម្រាប់គ្រួសារ មនុស្សជាទីស្រលាញ់ និងសម្រាប់សង្គមជាតិ កុំយកពេលវេលាទៅ ចំណាយឥតប្រយោជន៍លើអំពើទុច្ចរិតផ្សេងៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]