ចិន៖ នៅពេលដែលជាប់ស្ទះចរាចរណ៍នៅក្នុងថ្ងៃសំខាន់បំផុតនៃជីវិតរបស់អ្នក គឺថ្ងៃមង្គលការនោះ វាហាក់ដូចជាសុបិនអាក្រក់មួយអ៊ីចឹង តែផ្ទុយទៅវិញ គូស្នេហ៍មួយគូនៅក្នុងខេត្តសានស៊ី(Shaanxi) ប្រទេសចិន បានសម្រេចចិត្តរៀបការនៅពាក់កណ្តាលផ្លូវ នៃផ្លូវក្រោមដីមួយទៅវិញ។

វាពិតជាសំណាងមិនល្អសម្រាប់កូនកំលោះ និងកូនក្រមុំមួយគូ ដែលបានស្ទះជាប់នៅក្នុងផ្លូវរូងក្រោមដីមួយ ក្នុងខេត្តសានស៊ី បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលធ្វើឲ្យកកស្ទះច្រកចេញផ្លូវក្រោមដី ទៅណាមិនរួច។ 

នៅពេលដឹងថាពួកគេអាចនឹងជាប់នៅទីនោះមួយរយៈ គូស្នេហ៍ទាំងពីរក៏ចាប់ផ្តើមមាន​ការព្រួយបារម្ភជាខ្លាំង។ ដោយយោងតាមទំលៀមទម្លាប់ក្នុងស្រុក អាពាហ៍ពិពាហ៍ទាំងឡាយនឹងមានតែសេចក្តីសុខប្រសិនបើការសែនដូនតារៀបការ ត្រូវបានធ្វើមុនពេល​ថ្ងៃត្រង់។

ដោយសារតែភ្ញៀវដែលត្រូវមកចូលរួមក្នុងពិធីមង្គលការរបស់ពួកគេទាំងពីរ ជាប់នៅក្នុងផ្លូវក្រោមដីនោះដែរ ដូច្នេះហើយពួកគេក៏បានសម្រេចចិត្តរៀបចំពិធីមង្គលការបណ្តោះអាសន្ននៅទីនោះតែម្តងទៅ ដោយការសែនដូនតា គោរពប្តីប្រពន្ធទៅវិញទៅ​មក​ត្រូវបានធ្វើឡើងនៅក្រោមពន្លឺភ្លើងដ៏ស្រទន់នៃផ្លូវក្រោមដី ហ៊ុំព័ទ្ធដោយមិត្តភក្តិរបស់ពួកគេ ក្រុមគ្រួសារ និងអ្នកធ្វើដំណើរផ្សេងទៀតដែលបានឈប់នៅទីនោះដើម្បីមើលទស្សនីយភាពនេះ។

នៅពេលថ្ងៃត្រង់បន្តិច គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងត្រូវបានសម្រួលចេញអស់ ហើយផ្លួវក្រោមដីក៏បើកឲ្យចរាចរឡើងវិញ គូស្វាមីភរិយាថ្មីថ្មោងនេះក៏បានបន្តដំណើររបស់ខ្លួនទៅមុខទៀត ដោយក្តីសង្ឃឹមថា រឿងអាក្រក់ទាំងឡាយបានចាកចេញទៅពីក្រោយខ្នងពួកគេអស់ហើយ៕ 

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]